Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន ទទួល​ស្គាល់​សារ​សំឡេង​បែក​ធ្លាយ​ជាមួយ​លោក កឹម សុខា

$
0
0

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ មីនា ម្សិលមិញ ត្រូវ​បាន​សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) អះអាង​ថា បាន​ទទួល​ស្គាល់​សំឡេង​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ​ដែល​លោក​បញ្ជាក់​ថា លោក​បាន​និយាយ​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​ផ្សាយ​របស់ ហ្វ្រេសញូវ (Fresh News) លោក ហ៊ុន សែន ទទួល​ស្គាល់​សំឡេង​របស់​លោក​នេះ ក្រោយ​ពេល​ដែល​សារព័ត៌មាន​នេះ​ បាន​ផ្សាយ​បន្ត​នូវ​សំឡេង​កិច្ច​សន្ទនា​ឆ្លើយឆ្លង​រវាង​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​មក។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) ដែល​មាន​ឈ្មោះ​ថា ហ៊ុន សែន បាន​អធិប្បាយ ឬ comment លើ​ទំព័រ Facebook របស់ ហ្វ្រេសញូវ (Fresh News) ថា លោក​ទទួល​ស្គាល់​សំឡេង និង​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​នោះ ប៉ុន្តែ​លោក​បញ្ជាក់​ថា ត្រង់​លោក កឹម សុខា មិន​ទទួល​ស្គាល់ ឬ​ទទួល​ស្គាល់ គឺ​ជា​សិទ្ធិ​របស់​លោក កឹម សុខា។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា ហ៊ុន សែន នោះ​បន្ថែម​ទៀត​ថា លោក​បាន​និយាយ​ឆ្លងឆ្លើយ​ជាមួយ​លោក កឹម សុខា តាម​ទូរស័ព្ទ​ជាច្រើន​លើក និង​ឆ្លង​ឆ្លើយ​តាម​បណ្ដាញ WhatsApp ជាច្រើន​ដង។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក៏​ម្ចាស់​គណនី​ឈ្មោះ ហ៊ុន សែន នោះ មិន​បាន​បញ្ជាក់​ថា នរណា​ជា​អ្នក​លួច​ថត​សំឡេង​ឡើយ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា លោក​ភ្ញាក់ផ្អើល​ចំពោះ​ម្ចាស់​ផេក​ឈ្មោះ សីហា ដែល​មាន​សមត្ថភាព​លួច​ស្ដាប់​ការ​សន្ទនា​លោក និង​លោក កឹម សុខា។ លោក​ថា លោក​ធ្លាប់​ដឹង​ថា មាន​តែ​ចារកម្ម​អាមេរិក​ទេ​ដែល​បាន​លួច​ស្ដាប់​មេ​ដឹកនាំ​អាល្លឺម៉ង់ និង​អឺរ៉ុប មួយ​ចំនួន។

ទោះ​ជា​យ៉ាង​ណា ម្ចាស់​ផេក​ឈ្មោះ ហ៊ុន សែន មិន​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​មាន​វិធានការ​យ៉ាង​ណា​ចំពោះ​ការ​លេច​ចេញ​សំឡេង​នៃ​កិច្ច​សន្ទនា​នេះ​ទេ។

នៅ​ក្នុង​ខ្សែ​អាត់​ថត​កិច្ច​សន្ទនា​នោះ សំឡេង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឮ​ច្បាស់​ដូចជា​ថត​ចេញ​ពី​មាត់​ផ្ទាល់ ឯ​សំឡេង​របស់​លោក កឹម សុខា មិន​សូវ​ឮ​ច្បាស់ ហាក់​ថត​ចេញ​ពី​ទូរស័ព្ទ។

ការ​បញ្ចេញ​កិច្ច​សន្ទនា​រវាង​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ គឺ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​មាន​ការ​បែក​ចេញ​នូវ​សារ​ឆ្លើយឆ្លង ដែល​គេ​អះអាង​ថា ធ្វើ​ឡើង​រវាង​លោក កឹម សុខា និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​លោក ហ៊ុន សែន ជុំវិញ​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បញ្ចេញ​សំឡេង​ក៏​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មួយ​បន្ត​ពី​អ្នក​បញ្ជូន​មក​លោក​ម្នាក់​ទៅ​ឲ្យ​អ្នក​សារព័ត៌មាន បញ្ចេញ​នូវ​កិច្ច​សន្ទនា​ជា​សារ​តែ​តាម​ទូរស័ព្ទ​របស់​កូន​ប្រុស​លោក ហ៊ុន សែន ភរិយា​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។

អាស៊ីសេរី កំពុង​ព្យាយាម​ទាក់ទង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​សំឡេង​កិច្ច​សន្ទនា​ដែល​បែក​ធ្លាយ​នេះ។ អាស៊ីសេរី នឹង​ស្នើសុំ​អត្ថាធិប្បាយ​ពី​លោក ហ៊ុន សែន និង​លោក កឹម សុខា ដើម្បី​បកស្រាយ​ជុំវិញ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles