Clik here to view.

កម្មករធ្វើការងារនៅតាមក្រុមហ៊ុន ឬរោងចក្រមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ បានអះអាងថា ពួកគេម្នាក់ៗ ត្រូវថៅកែព្រមានកាត់ប្រាក់ខែចំនួន ៣០ដុល្លារ ដោយសារមិនចូលធ្វើការងារនៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ដើម្បីយកពេលវេលានេះធ្វើដំណើរទៅស្រុកកំណើតចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ នេះ។
កម្មករមួយក្រុមមានគ្នាប្រមាណ ៥០នាក់ បានអះអាងថា ពួកគេត្រូវថៅកែព្រមានកាត់ប្រាក់ខែចំនួន ៣០ដុល្លារសហរដ្ឋអាមេរិក ព្រោះមិនចូលធ្វើការនៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា។ ប៉ុន្តែសម្រាប់កម្មករដែលមិនធ្វើដំណើរទៅបោះឆ្នោតនៅស្រុកកំណើតទេ គឺត្រូវថៅកែសន្យារៀបចំពិធីជប់លៀងជូនកម្មករមួយពេល ហើយចំពោះថ្ងៃបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា វិញ បើកម្មករមិនទៅបោះឆ្នោត ហើយចូលធ្វើការងារដូចថ្ងៃធម្មតា នឹងត្រូវបន្ថែមលុយជូនក្នុងម្នាក់ៗចំនួន ១៨ដុល្លារថែមទៀត។
យុវជនមួយក្រុមនេះឲ្យដឹងបន្តទៀតថា ពួកគេសុខចិត្តឲ្យថៅកែកាត់លុយ ៣០ដុល្លារដើម្បីយកពេលវេលានេះធ្វើដំណើរទៅកាន់ស្រុកកំណើត នាខេត្តព្រៃវែង និងខេត្តផ្សេងទៀត ដើម្បីបានបោះឆ្នោតជ្រើសរើសមេឃុំដែលស្អាតស្អំ និងជួយគិតគូរពីសុខទុក្ខកង្វល់ពលរដ្ឋក្នុងមូលដ្ឋាន៖ «»។
យ៉ាងនេះក្ដី ក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសឃុំបិតត្រាំង ដែលបានធ្វើដំណើរទៅបោះឆ្នោតនៅឯស្រុកកំណើត មានខេត្តព្រៃវែង ស្វាយរៀង និងខេត្តមួយចំនួនទៀត បានស្នើដល់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យជួយសម្របសម្រួលជាមួយថៅកែក្រុមហ៊ុន កុំឲ្យកាត់ប្រាក់ខែពួកគេច្រើនពេក។
អាស៊ីសេរី មិនទាន់មានប្រភពទាក់ទងខាងភាគីថៅកែរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ដើម្បីបំភ្លឺជុំវិញការព្រមានកាត់ប្រាក់ខែកម្មករ ៣០ដុល្លារ ដែលមិនបានចូលធ្វើការនៅថ្ងៃទី៣ ខែមិថុនា បាននៅឡើយទេ។ ប៉ុន្តែលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី តាមទូរស័ព្ទនៅរសៀលថ្ងៃសៅរ៍ ទី៣ ខែមិថុនា ថា នឹងឲ្យប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក យ៉ូវ ខេមរា ពិនិត្យ និងជួយសម្របសម្រួលជាមួយថៅកែរោងចក្រជុំវិញកង្វល់របស់កម្មករ ដើម្បីឲ្យពួកគេអាចធ្វើដំណើរទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៖ «»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ថា កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត និងបានចុះបញ្ជីឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនជាង ១០ម៉ឺននាក់ និងមានគណបក្សនយោបាយចំនួន ៥ បានឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតនេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែររួបរួមជាតិ៕