Clik here to view.

ក្រុមគ្រួសារសពកម្មការិនី ដែលស្លាប់ទាំងកូននៅក្នុងផ្ទៃ កាលពីព្រលប់ថ្ងៃទី២៨ ខែឧសភា ទាមទារឲ្យប្រធានមន្ទីរពេទ្យស្រលាញ់ទារក ឬហៅថា មន្ទីរពេទ្យជប៉ុន អ្នកស្រី ទុង រដ្ឋាវី និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ ឬក្រសួងសុខាភិបាល ចេញមុខបកស្រាយផ្ទាល់ជាមួយក្រុមគ្រួសារសព។ ក្រុមគ្រួសារសពថា មិនអាចទទួលយកបានមូលហេតុរបស់គ្រូពេទ្យដែលប្រាប់ដោយរបៀបលាក់លៀមថា ទាំងម្ដាយទាំងកូននោះស្លាប់ដោយសារកម្មការិនីជាម្ដាយមានមេរោគម្យ៉ាងនៅក្នុងឈាម។ ការអំពាវនាវនេះនៅក្នុងថ្ងៃដែលក្រុមគ្រួសារសពធ្វើពិធីបុណ្យតាមប្រពៃណីនៅផ្ទះសព នាភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
«សំឡេងលោកសូត្រធម៌ក្នុងពិធីបុណ្យសព»
គ្រួសារនៃសពកម្មការិនីដែលស្លាប់ជាមួយកូនស្រីនៅក្នុងផ្ទៃក្នុងពេលសម្រាល បានចោទគ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យស្រលាញ់ទារក ឬហៅពេទ្យជប៉ុន ថា បានសម្លាប់ប្រពន្ធរបស់គាត់ និងចោទក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនោះថា បានធ្វេសប្រហែសបណ្ដោយឲ្យក្រុមគ្រូពេទ្យក្មេងៗនៅប្រចាំការបង្កើតកូនរបស់គាត់ដោយគ្មានវេជ្ជបណ្ឌិតនៅម្នាក់សោះ៖ «»។
កម្មការិនីរោងចក្រកាត់ដេរ ឈ្មោះ ឈា សារិន ហៅ ស្រីមុំ បានស្លាប់នៅពេលសម្រាលកូនស្រីដែលជាកូនទី៣ កាលពីព្រលប់ថ្ងៃទី២៨ ខែឧសភា នៅបន្ទប់សម្រាលកូននៃមន្ទីរពេទ្យស្រលាញ់ទារក ឬហៅពេទ្យជប៉ុន។ ស្វាមីសព លោក ជូ ភារ៉ា ប្រាប់ថា លោកបានឃើញផ្ទាល់ភ្នែកថា មានគ្រូពេទ្យម្នាក់បានលូកដៃបង្កើតកូនលោក តែបែរជាប្រពន្ធរបស់លោកធ្លាក់ឈាម ហើយ ៥នាទីក្រោយមក ប្រពន្ធលោកបានស្លាប់នៅលើគ្រែសម្រាលទាំងមិនទាន់បានសម្រាលកូន៖ «»។
លោកបន្តថា គ្រូពេទ្យដែលបានបង្កើតកូនឲ្យលោកមុនដំបូងបានប្រើសម្ដីពាក្យអសុរោះដាក់លោក ប៉ុន្តែគ្រូពេទ្យម្នាក់នោះបានគេចខ្លួន ក្រោយពេលលោកស្រែកថា ប្រពន្ធលោកស្លាប់។ លោក ជូ ភារ៉ា រៀបរាប់ថា ក្រោយពេលប្រពន្ធ និងកូនលោកស្លាប់ជាមួយគ្នានៅក្នុងបន្ទប់សម្រាល ក្រុមគ្រូពេទ្យបានយកសពប្រពន្ធលោកទៅបន្ទប់សង្គ្រោះបន្ទាន់ ហើយកន្លះម៉ោងក្រោយមក ទើបមានក្រុមវេជ្ជបណ្ឌិតមកពិនិត្យសពប្រពន្ធគាត់ជាបន្តបន្ទាប់ ដោយវេជ្ជបណ្ឌិតខ្លះ ទើបមកពីហូបការគេជាដើម។ ស្វាមីសពកម្មការិនី បានចោទថា ក្រុមវេជ្ជបណ្ឌិត និងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យជប៉ុន ធ្វេសប្រហែសទុកតែគ្រូពេទ្យក្មេងៗ អាចជាគ្រូពេទ្យទើបចេញពីសាលាមួយក្រុមនៅបង្កើតកូនឲ្យប្រពន្ធលោក។
គិតត្រឹមថ្ងៃទី៣១ ខែឧសភា គ្រួសារនៃសពមិនអាចទទួលយកបានឡើយនូវមូលហេតុនៃការស្លាប់របស់កម្មការិនី ឈា សារិន។ ស្វាមីសព លោក ជូ ភារ៉ា ថា ក្រុមគ្រូពេទ្យ និងប្រធានមន្ទីរពេទ្យមិនព្រមចេញមុខពន្យល់ប្រាប់គ្រួសារសព នៃមូលហេតុដែលបណ្ដាលឲ្យប្រពន្ធលោកស្លាប់។ លោកថា គ្រូពេទ្យម្នាក់ប្រាប់លោកថា ប្រពន្ធលោកស្លាប់ដោយសារមានមេរោគម្យ៉ាងនៅក្នុងឈាម ហើយទោះជានៅអាមេរិក ក៏គ្រូពេទ្យជួយមិនបានដែរ។
គ្រួសាររបស់សពកម្មការិនី ឈា សារិន ប្រាប់ថា ហេតុផលនេះនៅមិនអាចទទួលយកបានទេ ពួកគេចង់ឲ្យអ្នកទទួលខុសត្រូវនៃមន្ទីរពេទ្យជប៉ុន ចេញមុខពន្យល់ប្រាប់គ្រួសារសពឲ្យបានច្បាស់ ទើបគ្រួសារអស់ចិត្ត និងមានយុត្តិធម៌សម្រាប់សពកម្មការិនីដែលស្លាប់ទាំងកូននៅក្នុងផ្ទៃ។
ស្វាមីនៃសពប្រាប់ថា ប្រពន្ធលោកចូលសម្រាកមន្ទីរពេទ្យមុនថ្ងៃសម្រាកមួយថ្ងៃ គឺនៅថ្ងៃទី២៧ ខែឧសភា ហើយក្រោយពិនិត្យ និងឆ្លុះអេកូ គ្រូពេទ្យបានប្រាប់លោកថា ប្រពន្ធ និងកូនលោកមានសុខភាពល្អ អាចកើតបាន ដោយគ្មានគ្រោះថ្នាក់។ តែស្រាប់តែដល់ថ្ងៃសម្រាកបែរជាមានតែគ្រូពេទ្យក្មេងៗ មិនទាំងស្គាល់ឈ្មោះថ្នាំផង នាំគ្នាបង្កើតកូនឲ្យប្រពន្ធលោក។ ឪពុករបស់សព លោក សួន ឆាត ប្រាប់ថា ក្រោយកូនស្រី និងចៅស្រីលោកស្លាប់ គ្រូពេទ្យបានប្រាប់លោកកុំឲ្យពួកគាត់ឡូឡា ហើយឆាប់ដឹកជញ្ជូនសពចេញពីមន្ទីរពេទ្យ ដោយឲ្យអាចយកទៅតម្កល់ ឬបូជាបាននៅក្នុងវត្តមួយក្បែរមន្ទីរពេទ្យជប៉ុន នោះ។ លោកស្នើឲ្យក្រសួងសុខាភិបាល រាជរដ្ឋាភិបាល ស្រាវជ្រាវឲ្យដឹងពីមូលហេតុនៃការធ្វេសប្រហែស និងពីភាពទទួលខុសត្រូវរបស់គ្រូពេទ្យនៃមន្ទីរពេទ្យជប៉ុន នេះ៖ «»។
អាស៊ីសេរី បានព្យាយាមទាក់ទងប្រធានមន្ទីរពេទ្យស្រលាញ់ទារក ឬហៅពេទ្យជប៉ុន អ្នកស្រី ទុង រដ្ឋាវី ជាច្រើនដង ប៉ុន្តែទូរស័ព្ទគ្មានអ្នកទទួល។ វេជ្ជបណ្ឌិតម្នាក់នៃមន្ទីរពេទ្យនេះ ដែលមិនបង្ហាញឈ្មោះ បានបដិសេធរាល់ការចោទប្រកាន់របស់គ្រួសារសព ហើយលោកថា គ្រូពេទ្យមិនបានធ្វេសប្រហែសទេ។ វេជ្ជបណ្ឌិតរូបនេះ បានបង្វែរឲ្យទៅសួរក្រសួងសុខាភិបាល ព្រោះលោកថា ក្រសួងបានបង្កើតក្រុមស្រាវជ្រាវលើករណីនេះហើយ។
អាស៊ីសេរី ក៏មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានដែរ ដោយមិនលើកទូរស័ព្ទ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់ថា រវល់ប្រជុំ ក្រោយអ្នកយកព័ត៌មានបានណែនាំខ្លួនថា ទូរស័ព្ទពីអាស៊ីសេរី។
ទាក់ទងនឹងការមិនចេញទទួលខុសត្រូវ ឬមិនព្រមបកស្រាយពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល តាមការចង់បានពីក្រុមគ្រួសារ ប្រធានគណៈកម្មការសុខាភិបាលនៃរដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ ប្រាប់ថា គណៈកម្មការជំនាញនឹងប្រជុំផ្ទៃក្នុង ហើយកត់ត្រាករណីនេះ ដើម្បីមានឱកាសណាមួយហៅរដ្ឋមន្ត្រីសុខាភិបាលទៅសួរនាំ។ ក្នុងករណីមានបណ្ដឹងទៅកាន់រដ្ឋសភាពីក្រុមគ្រួសារសព គណៈកម្មការជំនាញនឹងអន្តរាគមន៍កោះហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ទៅបំភ្លឺនៅរដ្ឋសភា៖ «»។
មូលហេតុដែលគ្មានវេជ្ជបណ្ឌិតយកចិត្តទុកការសម្រាលកូនរបស់សពកម្មការិនី ឈា សារិន ត្រូវបានស្វាមីសង្ស័យថា ដោយសារប្រពន្ធលោកជាសមាជិកបេឡារបបសន្តិសុខសង្គម (ប.ស.ស)។ លោក ជូ ភារ៉ា ជាស្វាមីថា នៅពេលដែលបង្ហាញប័ណ្ណសមាជិក ប.ស.ស ដើម្បីបន្ថយការចំណាយពេលសម្រាលកូន មានគ្រូពេទ្យស្រែកថា ម៉ូយមកទៀតហើយ។
ប្រធានបេឡារបបសន្តិសុខសង្គម លោក ជាវ ប៊ុនរិទ្ធ យល់ថា មិនមានករណីគ្រូពេទ្យរើសអើង អ្នកកាន់ប័ណ្ណ ប.ស.ស នោះទេ តែលោកយល់ថា អាចមកពីអារម្មណ៍របស់គ្រួសារសពកម្មការិនី។ លោក ជាវ ប៊ុនរិទ្ធ អះអាងថា គ្រប់មន្ទីរពេទ្យរដ្ឋអាចមានការរើសអើងតិចតួចបំផុត សម្រាប់អ្នកជំងឺដែលកាន់ប័ណ្ណ ប.ស.ស ទៅពិនិត្យ ឬសម្រាក ប៉ុន្តែសម្រាប់ករណីស្លាប់ស្ត្រីសម្រាលកូនទាំងម្ដាយទាំងកូនប្រធាន ប.ស.ស យល់ថា មិនមែនជាការរើសអើងពីក្រុមគ្រូពេទ្យនោះទេ៖ «»។
លោក ជូ ភារ៉ា ថា ប្រពន្ធលោកបង់ថ្លៃប័ណ្ណ ប.ស.ស ក្នុងមួយខែ ៣ដុល្លារ។
ទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ថា លោក ជាវ ប៊ុនរិទ្ធ ឆ្លើយរបៀបគ្មានការទទួលខុសត្រូវ។ លោក ជា មុនី បន្តថា អាចប្រហែលក្រុមគ្រួសាររបស់ប្រធាន ប.ស.ស មិនទាន់ជួបការឈឺចាប់ដែលកើតឡើងដោយសារវិស័យសុខាភិបាលនៅកម្ពុជា។ លោកបន្តថា ការលើកឡើងរបស់ប្រធាន ប.ស.ស ដើម្បីចង់បិទបាំងពីកំហុស ឬកង្វះខាតរបស់ ប.ស.ស តែប៉ុណ្ណោះ៖ «»។
ក្រុមគ្រួសារនៃសពនៅតែទទូចចង់បានយុត្តិធម៌ ដោយចង់ឃើញមានវិធានការច្បាស់លាស់លើគ្រូពេទ្យដែលធ្វេសប្រហែសមិនមានវេជ្ជបណ្ឌិតប្រចាំការ និងបានបណ្ដាលឲ្យប្រពន្ធ និងកូនស្លាប់។ ស្វាមីនៃសពប្រាប់ថា នឹងដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីស្វែងរកយុត្តិធម៌សម្រាប់ពួកគេ៕