គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា គិតមកទល់ថ្ងៃទី៤ ខែមីនា នេះ មានគណបក្សនយោបាយចំនួន៩ បានដាក់បេក្ខភាពចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយនៅរសៀលថ្ងៃទី៤ ខែមីនា បញ្ជាក់ថា គណបក្សនយោបាយទាំង៩ នោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយៈពេល ៣ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមីនា៕