មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំខេត្តរតនគិរី បារម្ភពីការរៀបចំឯកសារមិនគ្រប់គ្រាន់ ខណៈការចុះបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតបានចំនួនតិចនៅឡើយ នៅពេលកាលបរិច្ឆេទនៃការចុះបញ្ជីឈ្មោះដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាន់តែខិតដល់ថ្ងៃបញ្ចប់។
មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំខេត្តរតនគិរី អះអាងនៅថ្ងៃទី៤ ខែមីនា ថា តួលេខនៃការចុះបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សនេះ ទើបតែបាន ៤០ភាគរយ ក្នុងចំណោមឃុំ-សង្កាត់ចំនួន៥០ នៅក្នុងខេត្តភាគឦសានមួយនេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប កំណត់កាលបរិច្ឆេទចុះឈ្មោះបេក្ខជនគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តរតនគិរី លោក រ៉ាន់ សាយលឿត បន្ទោសទៅលើការយល់ដឹងមានកម្រិតរបស់មន្ត្រីបក្សនៅមូលដ្ឋានឃុំ-សង្កាត់ថា ជាមូលហេតុធ្វើឲ្យការចុះឈ្មោះមិនអាចបានពេញលេញទៅតាមគម្រោងរបស់គណបក្សបានគ្រោងទុក។ លោកទទួលស្គាល់ថា មន្ត្រីការងាររៀបចំចុះឈ្មោះបេក្ខជនរបស់គណៈកម្មការរៀបចំបោះឆ្នោតនៅតាមឃុំ-សង្កាត់នានា បានជួយពន្យល់នីតិវិធីនៃការបំពេញបែបបទនេះដែរ ក៏ប៉ុន្តែភាពចន្លោះប្រហោង និងការខ្វះខាតឯកសារនៅតែកើតមាននៅពេលមន្ត្រីតំណាងគណបក្សបំពេញឯកសារស្នើសុំចុះបញ្ជីឈ្មោះនេះ៖ «ខាងសិច គេអត់មានបញ្ហាជាមួយខាងយើងទេ មានតែគេជួយ។ មកពីខាងគណបក្សខាងពួកខ្ញុំដែលយឺតយ៉ាវ ដោយសារការយល់នីតិវិធីបច្ចេកទេសរៀបចំតាមស្រុកមិនសូវយល់»។
គណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី រៀបចំបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនបានរួចរាល់ចំនួន ៤៩ឃុំ-សង្កាត់ ក្នុងចំណោមឃុំ-សង្កាត់ចំនួន៥០ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០១៧។
នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សម គន្ធាមី បញ្ជាក់ថា មន្ត្រីគណបក្សនយោបាយនៅតាមមូលដ្ឋានត្រូវខិតខំធ្វើយ៉ាងជួយពន្យល់ និងណែនាំការបំពេញបែបបទសុំចុះឈ្មោះបេក្ខជនរបស់ខ្លួនបានទាន់ពេលវេលា។ លោកថា ពេលវេលាចុះឈ្មោះបេក្ខជនឈរឈ្មោះនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះប្រសិនគណបក្សចុះបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនមិនបានទាន់ពេលវេលា គឺជារឿងសោកស្ដាយ៖ «មន្ត្រីគណបក្សគួរជួយផង មន្ត្រីគាត់មិនសូវមានការយល់ដឹងពីនីតិវិធីដើម្បីជួយសម្រួលកិច្ចការហ្នឹងកុំឲ្យមានបញ្ហាគេបដិសេធអ៊ីចឹងណា!»។
ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់ថា កាលបរិច្ឆេទចុះបញ្ជីឈ្មោះបេក្ខជនគណបក្សនយោបាយចូលរួមបោះឆ្នោតឃុំ-សង្កាត់ឆ្នាំនេះមានរយៈពេលបីថ្ងៃ ហេតុនេះមន្ត្រីគណបក្សនយោបាយនានា ត្រូវប្រញាប់បំពេញឯកសារសុំចុះឈ្មោះឲ្យទាន់ពេលវេលាកំណត់៖ «បើដាក់អត់ទាន់អត់ ហើយអស់សិទ្ធិប្រកួតប្រជែងហើយ»។
តួលេខបណ្ដោះអាសន្នរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី ឲ្យដឹងថា រហូតមកទល់នឹងម៉ោង ៤រសៀល ថ្ងៃទី៤ ខែមីនា គណបក្សនយោបាយប្រជាធិបតេយ្យមូលដ្ឋានចុះបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនចំនួន ៧ឃុំ-សង្កាត់។ គណបក្សប្រជាជនកម្ពុជា ចុះបញ្ជីឈ្មោះបានចំនួន៥០ ឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិ ចុះបាន ២៩ឃុំ-សង្កាត់ គណបក្សខ្មែររួបរួមជាតិ ១១ឃុំ-សង្កាត់ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាន ៨ ឃុំ-សង្កាត់៕