មន្ត្រីនាំពាក្យរដ្ឋាភិបាលចាត់ទុកថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចេញរបាយការណ៍ប្រចាំឆ្នាំស្ដីពីការរឹតត្បិតសិទ្ធិសេរីភាពកាន់តែខ្លាំងនៅកម្ពុជា នោះ គឺសហរដ្ឋអាមេរិក កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ប៉ុណ្ណោះ និងមិនឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងពង្រឹងនីតិរដ្ឋរបស់កម្ពុជា។ ប៉ុន្តែសង្គមស៊ីវិលយល់ថា ប្រសិនរដ្ឋាភិបាលទទួលស្គាល់ការរកឃើញរបស់អន្តរជាតិថា ការរឹតត្បិតសេរីភាពមែន និងធ្វើការកែលម្អឡើងវិញ វាជាផលប្រយោជន៍របស់កម្ពុជា នៅលើឆាកអន្តរជាតិ។
ថ្វីត្បិតដឹងថា រដ្ឋាភិបាលកម្ពុជា កំពុងមិនពេញចិត្ត និងតែងតែវាយប្រហារបកវិញចំៗថា សហរដ្ឋអាមេរិកជាមេរោគនាំឱ្យមានសង្គ្រាម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាងគេនៅលើលោកក្ដី ក្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅតែចេញរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ខ្លួនដែលបង្ហាញអំពីការរឹតត្បិតសិទ្ធិសេរីភាពកាន់តែធ្ងន់ធ្ងរនៅកម្ពុជា។ របាយការណ៍ថ្មីនេះ មិនត្រឹមតែមិនទទួលបានការស្វាគមន៍ឡើយ តែថែមទាំងត្រូវបានវាយបកជាថ្មីវិញថា សហរដ្ឋអាមេរិកកំពុងទាញផលប្រយោជន៍ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ប៉ុណ្ណោះ។
មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៤ ខែមីនា ថា សហរដ្ឋអាមេរិកកំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលមានឯករាជ្យ និងអធិបតេយ្យភាព ដែលមហាអំណាចមួយនេះធ្លាប់ធ្វើអន្តរាគមន៍ម្ដងរួចហើយ ក្នុងឆ្នាំ១៩៧០ បានរុញច្រានឱ្យកម្ពុជា រលាយគ្មានសល់ ហើយចាប់តាំងពីឆ្នាំ១៩៧៩ ទើបកម្ពុជា ចាប់ផ្ដើមបង្កើតប្រព័ន្ធដឹកនាំដ៏ត្រឹមត្រូវដើម្បីពង្រឹងនីតិរដ្ឋឡើងវិញ៖ «របាយការណ៍នេះធ្វើឡើងដើម្បីបម្រើផលប្រយោជន៍សហរដ្ឋអាមេរិក ដើម្បីជ្រៀតជ្រែកកិច្ចការរបស់ប្រទេសឯករាជ្យ និងអធិបតេយ្យភាព»។
ប្រតិកម្មជាថ្មីពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ចំពោះសហរដ្ឋអាមេរិកនេះ បន្ទាប់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមីនា បានចេញរបាយការណ៍មួយស្ដីពីការអនុវត្តសិទ្ធិមនុស្សប្រចាំឆ្នាំ២០១៦ នៅកម្ពុជា។ របាយការណ៍នេះរកឃើញថា បញ្ហាចម្បងដែលកម្ពុជា កំពុងជួបប្រទះរួមមាន ប្រព័ន្ធតុលាការពុំមានប្រសិទ្ធភាព និងស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយ ការកើនឡើងនៃការរឹតបន្តឹងសេរីភាពនៃការនិយាយស្ដី ការបញ្ចេញមតិ ការប្រមូលផ្ដុំ និងការបង្កើតសមាគមមានការប្រើអំពើហិង្សា និងការចាប់ដាក់ពន្ធនាគារទាំងករណីជាក់ស្ដែង និងករណីគំរាមកំហែងក្នុងគោលបំណងដើម្បីបំភិតបំភ័យគណបក្សដែលមាននិន្នាការនយោបាយប្រឆាំងរដ្ឋាភិបាល និងសង្គមស៊ីវិល ក៏ដូចជាដើម្បីបង្ក្រាបសំឡេងដែលតវ៉ាប្រឆាំងរដ្ឋាភិបាលផងដែរ។ ក្រៅពីនេះ បញ្ហានិទណ្ឌភាព និងការរំលោភបំពាននៅតែបន្តកើតឡើងនៅកម្ពុជា។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ពិតជាបានរកឃើញការពិតមុននឹងហ៊ានចេញរបាយការណ៍បែបនេះ។ លោក អំ សំអាត ក៏មិនជឿដែរថា ការលើកឡើងអំពីបញ្ហារឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ ព្រមទាំងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដោយសហរដ្ឋអាមេរិក នៅពេលនេះ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នោះដែរ ព្រោះកម្ពុជា បានទទួលស្គាល់ និងព្រមអនុវត្តតាមនូវអ្វីដែលមានចែងក្នុងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស៖ «មិនមែនឱ្យតែការលើកឡើងរបស់គេសុទ្ធតែជាការជ្រៀតជ្រែកទេ ពីព្រោះបញ្ហាខ្លះយើងឃើញថា សហរដ្ឋអាមេរិកក៏នៅក្នុងភាគីមួយដែលផ្ដល់ហត្ថលេខីក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានចែងអំពីប្រព័ន្ធតុលាការត្រូវតែឯករាជ្យ កម្ពុជាត្រូវតែទទួលស្គាល់រាល់បទដ្ឋានអន្តរជាតិទាំងឡាយស្ដីពីសិទ្ធិមនុស្ស និងចែងក្នុងរដ្ឋធម្មនុញ្ញ»។
លោក អំ សំអាត ក៏សង្កេតឃើញថា បន្ទាប់ពីភាពចម្រូងចម្រាសនៅក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ ការបង្ក្រាបបាតុកម្មកម្មករនៅលើផ្លូវវ៉េងស្រេង និងនៅទីលានប្រជាធិបតេយ្យជាដើម ហើយជាពិសេសករណីឃាតកម្មដ៏រំជើបរំជួលលើលោកបណ្ឌិត កែម ឡី ជាអ្នកតែងតែរិះគន់រដ្ឋាភិបាលតាមរយៈបញ្ចេញមតិកាលពីឆ្នាំ២០១៦ នោះ សិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ សិទ្ធិជួបជុំ និងសិទ្ធិបញ្ចេញមតិ ត្រូវគេសសម្លឹងឃើញថា មានរឹតត្បិតកាន់ខ្លាំងនៅកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តវាយប្រហារខ្លាំងៗថា សហរដ្ឋអាមេរិកជាប្រទេសពូកែដើរឈ្លានពានប្រទេសជាច្រើន ក្នុងនោះក៏មានកម្ពុជា ដែលបានធ្វើឱ្យមនុស្សជាច្រើន ជាពិសេសកុមារបានស្លាប់ ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងគួរតែមានសំឡេងរួមមួយដើម្បីថ្កោលទោសចំពោះសហរដ្ឋអាមេរិក។
សម្រាប់សង្គមស៊ីវិលវិញមើលឃើញថា ការរំលឹកអំពីរឿងប្រវត្តិសាស្ត្រមកប្រៀបធៀបជាមួយការរំលោភសិទ្ធិមនុស្សបច្ចុប្បន្ននៅកម្ពុជា គឺមិនសមហេតុផលឡើយ ព្រោះរឿងពីរនេះ កើតឡើងក្នុងកាលៈទេសៈ និងរបបផ្សេងគ្នា។
លោក អំ សំអាត លើកឡើងទៀតថា ការគាស់កកាយរឿងចាស់មក រិះគន់បកទៅសហរដ្ឋអាមេរិក វិញ មិនមែនជាផលចំណេញសម្រាប់ប្រទេសកម្ពុជា នោះទេ។ ផ្ទុយទៅវិញ ប្រសិនកម្ពុជា ព្រមទទួលស្គាល់ចំណុចខ្វះខាតក្នុងការគោរពសិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិដែលត្រូវបានអន្តរជាតិរិះគន់កន្លងមក យកទៅអនុវត្តដើម្បីកែប្រែឱ្យប្រសើរឡើងវិញ នៅពេលនោះ កម្ពុជានឹងទទួលបានការលើកមុខមាត់បន្ថែមលើឆាកអន្តរជាតិ ថាមានការជំរុញឱ្យរបបលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សដំណើរការកាន់តែប្រសើរ៕