ក្រុមបវរកញ្ញាពិភពលោក (Miss Global 2016) ដែលក្នុងនោះមានបវរកញ្ញាខ្មែរ-អាមេរិកាំង ផង ចូលរួមកម្មវិធីប្រគុំតន្ត្រីសប្បុរស នៅល្ងាចថ្ងៃទី៤ ខែមីនា ដែលចាប់ផ្ដើមពីម៉ោង ៥ និង ៣០នាទី រហូតដល់ម៉ោង ៨ និង ៣០នាទី ដើម្បីប្រមូលថវិកាមកគាំទ្រសកម្មភាពការពារបរិស្ថាននៅកម្ពុជា។
អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក រាត់ ស៊ិទ្ធ ឱ្យអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី៤ ខែមីនា ថា កម្មវិធីសប្បុរសដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រនេះ មានអ្នកចូលរួមប្រមាណ បីពាន់នាក់។
លោក រាត់ ស៊ិទ្ធ បញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សំបុត្រ និងរៃអង្គាសនឹងប្រើប្រាស់ក្នុងសកម្មភាពគាំទ្រដល់ការងារបរិស្ថាន តាមរយៈការទិញធុងសំរាមដាក់នៅតាមសាលារៀន ដែលជាកម្មវិធីមួយរបស់ក្រសួងបរិស្ថាន មានឈ្មោះថា សាលាមេត្រីបរិស្ថាន ឬអេកូស្គូល (Eco-Schools)។
ក្រុមបវរកញ្ញាពិភពលោកទាំង ៦នាក់ មកទស្សនកិច្ចប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមីនា។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមបវរកញ្ញាពិភពលោកបានជួបជាមួយរដ្ឋមន្ត្រី អាជីវករ និងសិស្សនិស្សិត ដើម្បីជជែកទាក់ទងនឹងប្រធានបទបរិស្ថាន និងទេសចរណ៍ផងដែរ៕