Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ធ្វើ​ការ​ផ្នែក​ស្ត្រី​បារម្ភ​អំពី​សេរីភាព​បញ្ចេញ​មតិ​ចំពោះ​កិច្ច​ការពារ​សិទ្ធិ​ស្ត្រី

$
0
0

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ដំណើរ​រួម​តូច​នៃ​សេរីភាព​បញ្ចេញ​មតិ​កំពុង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ​ស្ត្រី។ ពួក​គេ​លើក​ឡើង​ថា សិទ្ធិ​ស្ត្រី​ជា​សិទ្ធិ​មនុស្ស​ដែល​ការពារ​ស្ត្រី​អោយ​រួច​ផុត​ពី​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ផ្សេងៗ។

ក្រុម​អង្គការ​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​មើល​ឃើញ​ថា ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ដែល​មិន​ទាន់​មាន​យុត្តិធម៌ និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​អ្នក​រិះគន់​បញ្ហា​សង្គម មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្រុម​ស្ត្រី​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​នោះ​បាន​ជះឥទ្ធិពល​មិន​ល្អ​ដល់​កិច្ច​ការពារ​សិទ្ធិ​ស្ត្រី។

នាយក​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ថា គំរូ​ថ្មី​ចុង​ក្រោយ​នៃ​ការ​ចាប់​ខ្លួន​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ​ កំពុង​បង្ហាញ​ថា សេរីភាព​បញ្ចេញ​មតិ​កាន់​តែ​រួម​តូច។ អ្នកស្រី​ថា បញ្ហា​នេះ​កំពុង​ធ្វើ​អោយ​ការ​ជំរុញ​អោយ​ស្ត្រី​មាន​ភាព​ក្លាហាន​ចូល​រួម​ក្នុង​វិស័យ​នយោបាយ​មាន​ការ​ប៉ះពាល់៖ «»។

រឿង​រ៉ាវ​ថ្មី​ចុង​ក្រោយ​ដែល​បង្ហាញ​ថា សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ត្រូវ​រឹតត្បិត​នោះ គឺ​ការ​ចាប់​អ្នក​តាម​ដាន​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ដាក់​ពន្ធនាគារ។ លើស​ពី​នេះ​គំរូ​របស់​ស្ត្រី​ដែល​ហ៊ាន​ចេញ​តវ៉ា​គឺ​អ្នកស្រី ទេព វន្នី ដែល​ជា​សកម្មជន​ទាមទារ​សិទ្ធិ​ដីធ្លី​នៅ​ក្នុង​តំបន់​បឹងកក់ ក៏​ត្រូវ​កាត់​ទោស។

យ៉ាង​នេះ​ក្ដី ដំណើរ​រួម​តូច​នៃ​សេរីភាព​បញ្ចេញ​មតិ​ត្រូវ​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បាន​កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក គឺ​នៅ​ក្រោយ​ការ​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត និង​ការ​តវ៉ា​របស់​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ។ ក្រោយ​មក​ស្ថានការណ៍​បាន​ធូរ​ស្រាល​ខ្លះ​នៅ​ក្រោយ​ពេល​ដែល​អ្នក​តំណាងរាស្ត្រ​ជា​ច្រើន​នាក់​ដែល​​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ត្រូវ​បាន​ដោះលែង ហើយ​ទី​លាន​ប្រជាធិបតេយ្យ​បាន​បើក​​ឡើង​វិញ​ដោយ​​ការ​ចរចា​ត្រូវរ៉ូវ​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​អ្វីៗ​ហាក់​បាន​វិល​ទៅ​ភាព​តានតឹង​ឡើង​វិញ នៅ​ឆ្នាំ​២០១៦ ដែល​កាល​នោះ​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​ប្ដឹង​ទៅ​តុលាការ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អគ្គលេខាធិការ​រង គ.ជ.ប ត្រូវ​ចោទ​ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន ចំណែក​មន្ត្រី និង​សកម្មជន​បក្ស​នេះ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ក្នុង​ការ​រិះគន់ ឆ្កឹះឆ្កៀល​បញ្ហា​ព្រំដែន និង​ផែនទី។ ឆ្នាំ​២០១៦ ក៏​ជា​ឆ្នាំ ដែល​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់។

អ្នកស្រី ធីតា ឃឹះ បន្ត​ថា ការ​តស៊ូ​មតិ​នានា សម្រាប់​អត្ថប្រយោជន៍​របស់​ស្ត្រី​ក៏​ប៉ះពាល់៖ «»។

អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក នៅ​ដើម​ឆ្នាំ​២០១៧ បាន​ចាត់​ថ្នាក់​កម្ពុជា ថា​ជា​ប្រទេស​ដែល​មិន​មាន​សេរីភាព​ខាង​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “សេរីភាព​លើ​ពិភពលោក​ឆ្នាំ​២០១៧” របស់​អង្គការ ហ្វ្រ៊ីដឹម ហៅស៍ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា សិក្សា​ទៅ​លើ​ធាតុ​សំខាន់​ពីរ គឺ​សិទ្ធ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ក្នុង​ប្រទេស​ចំនួន​១៩៥ ជុំវិញ​ពិភពលោក រួម​ទាំង​កម្ពុជា។

ចំណែក​របាយការណ៍​ចេញ​កាល​ពី​ខែ​កុម្ភៈ របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) រក​ឃើញ​ថា មាន​ការ​កើន​ឡើង​នូវ​ករណី​បង្ក្រាប​លើ​សេរីភាព​បញ្ចេញ​មតិ ការ​ប្រមូលផ្ដុំ និង​ការ​ជួបជុំ​ដោយ​សន្តិវិធី នៅ​មុន​ពេល​បោះឆ្នោត​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ នៅ​កម្ពុជា។ ក្នុង​នោះ​បាន​និយាយ​ដែរថា មាន​ការ​កើន​ឡើង​នូវ​ករណី​រំលោភ​បំពាន​ប្រព័ន្ធ​យុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ហើយ​ថា កងកម្លាំង​ប្រដាប់​អាវុធ​នៅ​តែ​បន្ត​រុកកួន​ដាក់​ទោស​ទណ្ឌ​ប្រឆាំង​អង្គការ​សង្គម​ស៊ីវិល និង​បំបិទ​មាត់​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។

យ៉ាង​នេះ​ក្ដី​មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​របាយការណ៍​នេះ ហើយ​ថា ហ្វ្រ៊ីដឹម ហៅស៍ ប្រឌិត​រឿង​នេះ​ឡើង​ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​រឿង​នេះ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា កម្ពុជា​នៅ​មាន​លំហ​សេរីភាព​មួយ​ចំនួន ក៏ប៉ុន្តែ​លំហ​នេះ​កាន់​តែ​រួម​តូច​ទៅៗ ដោយសារ​ការ​គាប​សង្កត់​ពី​អាជ្ញាធរ។

អ្នកស្រី​បន្ត​ថា ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​ដូច​បាន​រក​ឃើញ​ក្នុង​របាយការណ៍​របស់​អង្គការ ហ្វ្រ៊ីដឹម ហៅស៍ គឺ​ជា​សញ្ញា​គួរ​ឱ្យ​ព្រួយ​បារម្ភ​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ក្នុង​បរិបទ​បោះ​ឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ៖ «ពលរដ្ឋ ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​សម្រាប់​អ្នក​វិភាគ​តែង​តែ​រង​ការ​យាយី មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​រឿង​បរិហារកេរ្តិ៍​ជាដើម​ត្រូវ​លើក​យក​មក។ សូម្បី​តែ​ពលរដ្ឋ​ដែល​គាត់​បញ្ចេញ​មតិ​ទៅតាម​បណ្ដាញ​សង្គម ក៏​ត្រូវ​បាន​ដៅ​មុខ​សញ្ញា ឬ​ចោទ​ប្រកាន់ ឬ​ក៏​ចាប់​ចង​ជាដើម។ អ៊ីចឹង​ខ្ញុំ​គិត​ថា វា​នឹង​ប៉ះពាល់​ខ្លាំង បើ​សិន​ជា​ស្ថានភាព​នេះ​នៅ​តែ​បន្ត ដែល​ធ្វើ​ឱ្យ​លំហ​សង្គម​ស៊ីវិល​យើង​រួម​តូច ហើយ​និង​ជាពិសេស​សម្រាប់​ឆ្នាំ​បោះឆ្នោត​ឃុំ-​សង្កាត់ និង​បោះឆ្នោត​ថ្នាក់​ជាតិ»។

សម្រាប់​អ្នកស្រី ធីតា ឃឹះ អ្នកស្រី​មើល​ឃើញ​ថា ចរន្ត​នៃ​ការ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​របស់​ស្ត្រី​ទៅ​ក្នុង​វិស័យ​នយោបាយ​មាន​ការ​ផុលផុស​ខ្លះ​ដែរ នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​ខិត​ជិត​មក​ដល់ ប៉ុន្តែ​ភាព​ភ័យ​ខ្លាច​អាច​បន្ទច់បង្អាក់​ចរន្ត​នេះ​ដែរ៖ «»។

ចំណែក​នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហៅ​កាត់​ថា GADC អ្នកស្រី រស់ សុភាព បញ្ជាក់​ថា កម្មវិធី​មួយ​របស់​អង្គការ​អ្នកស្រី​បាន​ប៉ះពាល់​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក គឺ​កម្មវិធី​អប់រំ​សាធារណជន​ពី​ការ​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី​តែងតែ​ត្រូវ​ហាមប្រាម ដោយ​សំអាង​ហេតុផល​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ៖ «»។

ជា​រៀងរាល់​ឆ្នាំ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​តែង​ធ្វើ​កម្មវិធី​ផ្សេងៗ ដើម្បី​អប់រំ​សាធារណជន​ពី​ការ​ចូលរួម​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​តាម​ការ​ហែ​ក្បួន ជិះ​កង់ ការ​រាំ​ជុំ​គ្នា និង​កម្មវិធី​ជា​សាធារណៈ​ផ្សេងៗ​ទៀត។

នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ហៅ​កាត់​ថា GADC អ្នកស្រី រស់ សុភាព បញ្ជាក់​ថា ការ​មិន​បាន​ផ្សព្វផ្សាយ​ដល់​សាធារណជន​អោយ​យល់​ដឹង​ជា​ការ​ខាតបង់​សម្រាប់​កិច្ចការ​បញ្ជ្រាប​សមភាព​យេនឌ័រ៖ «»។

ការ​តស៊ូ​មតិ​របស់​ក្រុម​ស្ត្រី​បឹងកក់ ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នៅ​តែ​ជា​ឧទាហរណ៍​មួយ​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៅ​ពេល​​ពួកគេ​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ដើម្បី​តវ៉ា ហើយ​អ្នកស្រី ទេព វន្នី ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​នេះ​ផង។

ទាំង​នេះ​គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដ្បិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​តែង​ព្រមាន​ចំពោះ​អង្គការ​សង្គម​ស៊ីវិល អ្នក​វិភាគ និង​អ្នក​ធ្វើ​ការងារ​តស៊ូ​មតិ​ទាំង​ឡាយ​ពី​ការ​បញ្ចេញ​មតិ ដែល​លោក​ចាត់​ទុក​ថា បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​អ្នក​ដទៃ ជា​ពិសេស​ចំពោះ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក។ លោក​ថែម​ទាំង​បាន​ព្រមាន​ចំពោះ​ការ​តវ៉ា​នានា ដែល​លោក​ចាត់​ទុក​ថា ជា​គំរូ​នៃ​បដិវត្ត​ពណ៌​ដែល​នាំ​ទៅ​រក​អសន្តិសុខ​សង្គម ឬ​នាំ​អោយ​មាន​សង្គ្រាម។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ គឺ​នៅ​ថ្ងៃ​ប្រកាស​ប្ដឹង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​លោក​ គឹម សុខ នោះ លោក​នាយករដ្ឋមន្ត្រី​បាន​រំលឹក​រឿង​ទាំង​នេះ​ឡើង​វិញ​ដែរ ហើយ​លោក​មិន​ភ្លេច​ដាក់​បទ​បញ្ជា​អោយ​អាជ្ញាធរ​ក្រោម​ឱវាទ​ពង្រឹង​ការ​អនុវត្ត​តាម​អនុសាសន៍​របស់​លោក៖ «»។

រដ្ឋធម្មនុញ្ញ​មាត្រា​៤១ បាន​ធានា​ការពារ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ សេរីភាព​ខាង​សារព័ត៌មាន បោះ​ពុម្ព​ផ្សាយ និង​ជួប​ប្រជុំ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ ជន​ណា​ក៏​ដោយ មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លាប​ពណ៌​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ថា​មាន​ចរិត​នយោបាយ និង​ប្រឆាំង​រដ្ឋាភិបាល ដ្បិត​អង្គការ​សង្គម​ស៊ីវិល គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​ដែល​ជា​មូលដ្ឋាន​ក្នុង​ការ​កែប្រែ​ស្ថានភាព​សង្គម​ឱ្យ​បាន​ល្អ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles