Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក កឹម សុខា ស្នើ​​គ.ជ.ប​គិតគូរ​អំពី​សារ​ព្រមាន​និង​ការ​រំខាន​​ការ​ឃោសនា​របស់​បក្ស​ប្រឆាំង

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) គួរ​ដល់​ពេល​ត្រូវ​គិតគូរ​អំពី​​សារ​នយោបាយ​ព្រមាន និង​ការ​រំខាន​ដល់​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​លោក។ ការ​ស្នើ​នេះ បន្ទាប់​ពី​វេទិកា​ជួបជុំ​ដើម្បី​ឃោសនា​បោះឆ្នោត​ដ៏​ធំ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​រំខាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា។

ការ​ថ្លែង​សារ​នយោបាយ​ដើម្បី​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-​សង្កាត់ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា របស់​លោក កឹម សុខា ដែល​ធ្វើ​ឡើង​នៅ​ក្បែរ​ផ្សារ​សំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​រំខាន​ដោយ​សំឡេង​ធុង​បាស់​លឺៗ រហូត​ធ្វើ​ឱ្យ​មន្ត្រី និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​ការ​ខក​ចិត្ត និង​សម្រេច​បញ្ចប់​កិច្ច​ជួប​ជុំ​គ្នា​ក្នុង​រយៈពេល​ដ៏​ខ្លី។

លោក កឹម សុខា ថ្លែង​ចំពោះ​មុខ​អ្នក​គាំទ្រ​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ ថា​នេះ​ជា​លើក​ដំបូង​ហើយ ដែល​ការ​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក​ត្រូវ​បាន​គេ​រំខាន ប៉ុន្តែ​លោក​ថា ពលរដ្ឋ​នឹង​វិនិច្ឆ័យ​ថា តើ​នរណា​នឹង​ឈ្នះ​ដោយ​មាន​កិត្តិយស ហើយ​នរណា​នឹង​ឈ្នះ​ដោយ​គ្មាន​កិត្តិយស ឈ្នះ​ដោយ​ការ​គំរាម​កំហែង និង​ឈ្នះ​ដោយ​ការ​រំខាន​អ្នក​ដទៃ។ លោក​ចាត់​ទុក​ការ​រំខាន​នោះ​ថា កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ខ្មែរ​បែកបាក់​គ្នា ប៉ុន្តែ​លោក​អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់ មិន​ត្រូវ​ប្រើប្រាស់​ពាក្យ​អសុរោះ ឬ​ពាក្យ​ហិង្សា​តបត​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក កឹម សុខា ចង់​ឱ្យ គ.ជ.ប គួរ​ត្រួត​ពិនិត្យ​ចំពោះ​ការងារ​ខ្លួន ដែល​ជា​អ្នក​រៀបចំ និង​តាមដាន​ការ​បោះ​ឆ្នោត៖ «»។

​ការ​ស្នើ​ទៅ គ.ជ.ប របស់​ប្រធាន​គណបក្ស​ប្រឆាំង​បែប​នេះ ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមាន​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ម្ដង​ទៀត​ថា សង្គ្រាម​នឹង​ផ្ទុះ​ឡើង ប្រសិន​បក្ស​លោក​ចាញ់​ឆ្នោត។ លោក​នាយករដ្ឋមន្ត្រី​គំរាម​ទៀត​ថា លោក​មិន​ខ្វះ​ទាហាន​សម្រាប់​ធ្វើ​សង្គ្រាម​ឡើយ ហើយ​លោក​នឹង​ប្រើប្រាស់​កងកម្លាំង​ដើម្បី​កម្ចាត់​មនុស្ស ២០០-៣០០​នាក់ ដើម្បី​រក្សា​ជីវិត​មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត។ សារ​ព្រមាន​របស់​នាយករដ្ឋមន្ត្រី​ដែល​កាន់កាប់​អំណាច ៣២​ឆ្នាំ​ទៅ​ហើយ​នោះ គឺ​គេ​បាន​ឮ​ជា​រឿយៗ ស្រប​ពេល​កម្ពុជា កាន់​តែ​ខិត​ជិត​បោះឆ្នោត​ឃុំ-​សង្កាត់ ហើយ​មាន​គណបក្ស​ពីរ​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា។

ចំណែក​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ខេត្ត​ឧត្តរមានជ័យ លោក ម៉ោញ សារ៉ាត់ ថ្លែង​ថា លោក​បាន​រៀបចំ​វេទិកា​ជួបជុំ​រវាង​អ្នក​គាំទ្រ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​លោក កឹម សុខា គឺ​ធ្វើ​តាម​ច្បាប់​បោះ​ឆ្នោត ព្រោះ​លោក​បាន​ជូន​ដំណឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ស្នើ​សុំ​ទីតាំង​នៅ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ នោះ។ ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា អាជ្ញាធរ​នៅ​ក្រុង​សំរោង និង​អភិបាល​ខេត្ត បែរ​ជា​បាន​បញ្ជូន​កម្លាំង​មក​រារាំង​នៅ​ពេល​ចាប់​ផ្ដើម​រៀបចំ​ឆាក​សម្រាប់​ទទួល​ថ្នាក់ដឹកនាំ។

​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា កន្លែង​ដែល​ចាក់​សំឡេង​ធុងបាស​នោះ គឺ​ជា​បន្ទាយ​ទាហាន និង​ប៉ុស្តិ៍​ប៉ូលិស ហើយ​មិន​មែន​ជា​ផ្ទះ​ពលរដ្ឋ​ឡើយ។ លោក ម៉ោញ សារ៉ាត់ បញ្ជាក់​ថា ខាង​លោក​កំពុង​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ច្បាប់​របស់​គណបក្ស ថា​តើ​គួរ​ប្ដឹង​ករណី​នោះ​ទៅ គ.ជ.ប ឬ​យ៉ាង​ណា៖ «»។

លោក​បន្ថែម​ទៀត​ថា ក្រៅ​ពី​នោះ ក៏​មាន​អាជ្ញាធរ រួម​ទាំង​ទាហាន​ជា​ច្រើន​នាក់ ហើយ​ខ្លះ​បង្កប់​ខ្លួន​នៅ​តាម​ផ្ទះ​ពលរដ្ឋ បាន​ចុះ​ឃាត់​រថយន្ត និង​គោយន្ត​របស់​សកម្មជន​នៅ​តាម​ផ្លូវ​នានា ដែល​ព្យាយាម​ធ្វើ​ដំណើរ​មក​ជួប​ជាមួយ​លោក កឹម សុខា នៅ​ទី​រួម​ខេត្ត​នៃ​ក្រុង​សំរោង ដែរ ប៉ុន្តែ​ត្រូវ​ក្រុម​អាជ្ញាធរ​យក​លេស​ឆែកឆេរ​ក​លិខិត​ស្នាម​ផ្សេងៗ រហូត​ធ្វើ​ឱ្យ​សកម្មជន​ជាង​ពាក់​កណ្ដាល​ខកខាន​មិន​អាច​មក​ចូល​រួម​ឃោសនា​ទាន់​ពេល​វេលា។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី និង​អភិបាល​ក្រុង​សំរោង លោក អ៊ុន សុភ័ក្រ បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

​ប៉ុន្តែ​ប្រធាន​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ លោក ជីង សំភួ ថ្លែង​ថា នៅ​ពេល​លោក​ឮ​សំឡេង​ធុងបាស​រំខាន​ដល់​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ភ្លាម លោក​បាន​ចាត់​ឱ្យ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ក្រុង និង​អាជ្ញាធរ​ចុះ​ទៅ​ដល់​កន្លែង និង​ស្នើ​សុំ​ឱ្យ​បិទ ហើយ​ក្រោយ​មក​សំឡេង​នោះ ក៏​អន់​ថយ​ចុះ​មក​បន្តិច​ដែរ។

លោក​បន្ថែម​ថា ករណី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ រី​ឯ​ការ​សង្ស័យ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ថា ទីតាំង​ចាស់​ធុងបាស​នោះ​ជា​កន្លែង​របស់​ប៉ូលិស និង​ទាហាន ប៉ុន្តែ​លោក​ថា តាម​ពិត​​គឺ​ជា​កម្មវិធី​បង្កក់​កូន​ប៉ុណ្ណោះ ព្រោះ​នៅ​ពេល​ខាង​លោក​ចុះ​ទៅ​ដល់​ដើម្បី​សួរ​នាំ​អ្នក​ចាក់​ធុងបាស​ឆ្លើយ​ថា ម្ចាស់​ផ្ទះ​មិន​នៅ៖ «»។

​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ រូប​នេះ​បញ្ជាក់​ថា ការ​រៀបចំ​វេទិកា​ឃោសនា​របស់​បក្ស​ប្រឆាំង មិន​កើត​មាន​បញ្ហា​ធំដុំ​ឡើយ ប៉ុន្តែ​គឺ​នៅ​ក្រោម​លោក កឹម សុខា បញ្ចប់​ការ​ថ្លែង​សារ​នយោបាយ​ចប់​សព្វគ្រប់​ទៅ​វិញ​ទេ ទើប​កើត​មាន​បញ្ហា នៅ​ពេល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ចង់​នាំ​គ្នា​ដង្ហែ​ក្បួន​ពី​ទី​រួម​ខេត្ត ឆ្ពោះ​ទៅ​កាន់​ស្រុក​អន្លង់វែង ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ជាមុន ទើប​មាន​អាជ្ញាធរ​ចេញ​រារាំង។

ថ្វី​ត្បិត​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ចាត់​ទុក​ការ​ចាក់​ធុងបាស​រំខាន​នោះ ថា​ជា​ការ​រំលោភ​សិទ្ធិ​ប្រមូលផ្ដុំ និង​ស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​បោះឆ្នោត​ខេត្ត ដែល​ជា​ស្ថាប័ន​ឯករាជ្យ ត្រូវ​តែ​បំពេញ​ការងារ​ដោយ​ប្រសិទ្ធភាព នៅ​ពេល​ឃើញ​មាន​អាជ្ញាធរ​ចុះ​ទៅ​រារាំង​ដល់​សកម្មភាព​ឃោសនា​បោះឆ្នោត​បែប​នេះ៖ «»។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ឧត្តរមានជ័យ ថ្លែង​ថា សំឡេង​ធុងបាស​រំខាន​បាន​ស្ងាត់​ទៅ​វិញ នៅ​ពេល​ដែល​លោក កឹម សុខា សម្រេច​បញ្ចប់​ការ​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles