Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប៉ូលិស​ខេត្ត​ឧត្តរមានជ័យ​​ឃាត់​ព្រះកាយ​ព្រះសង្ឃ​៤​អង្គ​ជាង​៣​ម៉ោង

$
0
0

ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​នាំ​ព្រះ​កាយ​ព្រះសង្ឃ ៤​អង្គ ដែល​ជា​សកម្មជន​សិទ្ធិមនុស្ស ទៅ​សាកសួរ​រយៈពេល​ប្រហែល ៣​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​ឧសភា។

ព្រះសង្ឃ​ទាំង ៤​អង្គ​នោះ គឺ​ភិក្ខុ លួន សុវ៉ាត ដែល​ជា​សកម្មជន​សង្ឃ ធ្លាប់​ទទួល​ពាន​រង្វាន់​ផ្នែក​សិទ្ធិមនុស្ស ភិក្ខុ ណុប វណ្ណី ភិក្ខុ ព្រឹម ហួន និង​ភិក្ខុ សេង ណារ៉ា។

​ព្រះ​ភិក្ខុ លួន សុវ៉ាត ជា​ព្រះសង្ឃ​មួយ​អង្គ​ក្នុង​ចំណោម ៣​អង្គ​ផ្សេង​ទៀត ដែល​ប៉ូលិស​ខេត្ត​ឧត្តរមានជ័យ នាំ​ខ្លួន​ទៅ​សាកសួរ មាន​ព្រះ​ថេរដីកា​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៦ ខែ​ឧសភា បន្ទាប់​ពី​សមត្ថកិច្ច​ដោះលែង​មក​វិញ​ថា កាល​ពី​ម៉ោង ១០​ព្រឹក ព្រះអង្គ និង​ព្រះសង្ឃ ៣​អង្គ​ទៀត បាន​និមន្ត​ទៅ​ខេត្ត​ឧត្តរមានជ័យ ដើម្បី​តាម​ថតរូប​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អញ្ជើញ​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្រុង​សំរោង។ បន្ទាប់​ពី​ថត​សកម្មភាព​របស់​លោក កឹម សុខា រួច​មក ព្រះអង្គ​ក៏​និមន្ត​បំណង​ចេញ​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។ លុះ​ធ្វើដំណើរ​មក​ដល់​រង្វង់​មូល​ព្រះបាទ​ជ័យវរ្ម័នទី៧ ក៏​បាន​ឃើញ​កម្លាំង​ប៉ូលិស​ជា​ច្រើន ខ្លះ​មាន​ដំបង​ឆក់​នៅ​ក្នុង​ដៃ​ផង ឈរ​ចាំ​ស្ទាក់​គោយន្ត​របស់​ប្រជាពលរដ្ឋ ដែល​មក​ចូល​រួម​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សួរ​រក​ភូមិ-​ឃុំ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ។

ភិក្ខុ លួន សុវ៉ាត បញ្ជាក់​ទៀត​ថា ឃើញ​ហេតុការណ៍​ដូច្នេះ ភិក្ខុ ១​អង្គ ព្រះនាម ព្រឹម ហួន បាន​យក​ទូរស័ព្ទ​ដៃ​មក​ថត​រូបភាព​ដើម្បី​ផ្សាយ​ផ្ទាល់ (Live) តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ ព្រះអង្គ​មាន​ថេរដីកា​បញ្ចេញ​មតិ​នៅ​ក្នុង​ពេល​ផ្សាយ​ផ្ទាល់​នោះ​ផង៖ «បង ព្រឹម ហួន និយាយ​ថា សូម​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត កុំ​បោះឆ្នោត​ឱ្យ​មន្ត្រី​ណា គណបក្ស​ណា​ដែល​គំរាមកំហែង​ប្រជាពលរដ្ឋ ដែល​វាយ​ប្រជាពលរដ្ឋ។ ពេល​នោះ​ប៉ូលិស​ដែល​នៅ​ក្បែរ​ស្ដាប់ ឮ​តែ​ពាក្យ​វាយ គេ​ចោទ​ប្រកាន់​ថា លោក​និយាយ​មិន​ពិត»

​ភិក្ខុ លួន សាវ៉ាត អះអាង​ថា ប៉ូលិស ដែល​ឃាត់​ព្រះអង្គ​នោះ គឺ​មាន​ស្នងការ​រង​នគរបាល​ជា​ច្រើន​រូប ដែល​ក្នុង​នោះ​មាន​ទាំង​លោក ស ថាវី ជា​អភិបាល​ខេត្ត​ឧត្តរមានជ័យ ផង ប៉ុន្តែ​រហូត​ដល់​ម៉ោង​ជាង ១​រសៀល ទើប​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ព្រះអង្គ និង​ព្រះសង្ឃ ៣​អង្គ​ទៀត និមន្ត​ចាក​ចេញ​ពី​ក្រុង​សំរោង។

ទោះ​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ស្នងការ​រង​នគរបាល​ទាំង​នោះ ព្រម​ទាំង​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា។

​ចំណែក​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នាំ​ព្រះសង្ឃ​ទៅ​សាកសួរ​នោះ​ថា គឺ​ស្នងការ​រង​នគរបាល​ខេត្ត​ឧត្តរមានជ័យ ម្នាក់​ឈ្មោះ ពុត ង៉ុប បាន​បញ្ជា​កម្លាំង​ឱ្យ​រារាំង​រូប​លោក​មិន​ឱ្យ​ចូល​ទៅ​ស្ដាប់​ការ​សាកសួរ​ព្រះសង្ឃ​ទាំង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles