Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ.ជ.ប​និង​សង្គម​ស៊ីវិល​ថា​ដំណើរ​ការ​ឃោសនា​៦​ថ្ងៃ​ដំបូង​មាន​ភាព​ល្អ​ប្រសើរ

$
0
0

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ប៉ាន់​ប្រមាណ​ពី​ស្ថានភាព​នៃ​ការ​ឃោសនា​ក្នុង​រយៈពេល ៦​ថ្ងៃ​នេះ​ប្រហាក់ប្រហែល​គ្នា​ថា ដំណើរការ​ឃោសនា​ស្វែង​រក​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ គឺ​ប្រព្រឹត្ត​ទៅ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។

ស្រប​ពេល​នៃ​ការ​វាយតម្លៃ​ពី​ស្ថានភាព និង​បរិយាកាស​នៃ​ការ​ឃោសនា​នេះ​ថា មាន​ភាព​វិជ្ជមាន ក៏​មាន​តំបន់​មួយ​ចំនួន អ្នក​ឃោសនា​ត្រូវ​បាន​បង្ក្រាប និង​ទប់ស្កាត់​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្បួន​ឃោសនា​របស់​បក្ស​ប្រឆាំង ពី​សំណាក់​កម្លាំង​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប) បាន​បញ្ជាក់​ថា ការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​បក្ស​នយោបាយ រយៈពេល​ពេល​ជិត​១​សប្ដាហ៍​កន្លង​ទៅ​នេះ សង្កេត​ឃើញ​ថា ពុំ​មាន​ឧបសគ្គ​អ្វី​ធំ​ដុំ​នោះ​ទេ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ទីស្នាក់ការ គ.ជ.ប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ឧសភា លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប អះអាង​ថា ការ​ឃោសនា​ស្វែង​រក​ការ​គាំទ្រ​របស់​គណបក្ស​នយោបាយ ដែល​ប្រើ​ពេល ៦​ថ្ងៃ​មក​នេះ ពុំ​មាន​អំពើ​ហិង្សា​កើត​ឡើង​ធ្ងន់ធ្ងរ ដូច​អាណត្តិ​មុនៗ​ទៀត​ឡើយ។ ជាង​នេះ​ទៀត សកម្មជន និង​អ្នក​គាំទ្រ​របស់​គណបក្ស​នយោបាយ​នីមួយៗ មាន​ភាព​អត់ធ្មត់ និង​ចាស់​ទុំ​ផ្នែក​នយោបាយ​ជាង​មុន៖ «បើ​ប្រៀបធៀប​ទៅ​ការ​ឃោសនា​បោះឆ្នោត​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​បោះឆ្នោត​លើក​មុន បើ​យើង​ធ្វើ​ការ​ប្រៀបធៀប​ទៅ»

របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ គ.ជ.ប បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​ឧសភា ស្ថាប័ន​ដែល​រៀបចំ​ការ​បោះឆ្នោត ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន ៣៤ ក្នុង​ចំណោម​ខេត្ត ក្រុង ១១ នៅ​ទូទាំង​ប្រទេស។ ប៉ុន្តែ​ពាក្យ​បណ្ដឹង​ទាំង​នោះ សង្កេត​ឃើញ​មាន​តែ​បក្ស​នយោបាយ ២​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​ចំណោម​ពាក្យ​បណ្ដឹង​ទាំង​នោះ គឺ​បក្ស​កាន់​អំណាច​បាន​ប្ដឹង​ច្រើន​ជាង​គេ​នៅ​ក្នុង​អាណត្តិ​នេះ រហូត​ដល់ ២៩​បណ្តឹង ខណៈ​បក្ស​ប្រឆាំង​ទើប​មាន ៥​បណ្ដឹង​នៅ​ឡើយ។

អ្នក​សង្កេតការណ៍​ពី​ខាង​អង្គការ​មិនមែន​រដ្ឋាភិបាល​យល់​ឃើញ​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​បក្ស​កាន់​អំណាច​មាន​បណ្ដឹង​​ច្រើន​ទៅ​លើ​បក្ស​ប្រឆាំង ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​នេះ។ បើ​ទោះ​ជា​បែប​ណា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អះអាង​ថា ចំនួន​ពាក្យ​បណ្ដឹង​នេះ គឺ​ជា​ចំនួន​ដ៏​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​អាណត្តិ​មុន។

ទាក់ទិន​រឿង​នេះ មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) គឺ​លោក យឿង សុធារ៉ា ថ្លែង​ថា ការ​ឃោសនា​មួយ​រយៈពេល​កន្លង​ទៅ​នេះ មាន​ភាព​ល្អ​ប្រសើរ ជាពិសេស​ពុំ​សូវ​មាន​ការ​រំខាន និង​អុកឡុក​ពី​ភាគី​ណា​មួយ​ប៉ុន្មាន​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ក្បួន​ឃោសនា​របស់​គណបក្ស​នយោបាយ​នីមួយៗ ហាក់​មាន​ការ​យោគ​យល់​គ្នា​ច្រើន មិន​ដូច​អាណត្តិ​មុនៗ​នោះ​ដែរ៖ «មុនៗ​ឡើង​រាប់​ពាន់​ករណី​សម្រាប់​បណ្ដឹង​មក Secមក​អី​ហ្នឹង​គឺ​ច្រើន​មែន​ទែន។ តែ​ដោយ​ឡែក​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ​វិញ យើង​ឃើញ​បណ្ដឹង​វា​តិច​ណាស់ ត្រឹម​តែ ៣៤​បណ្ដឹង​រយៈពេល​ជិត​មួយ​សប្ដាហ៍។ ដូច្នេះ​ហើយ​បាន​យើង​ថា វា​មាន​ភាព​ប្រសើរ​ជាង​មុន​ឆ្ងាយ»

ស្រប​ពេល​ការ​វាយតម្លៃ​របស់​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត និង គ.ជ.ប យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា បរិយាកាស​ឃោសនា​មាន​ភាព​វិជ្ជមាន ប៉ុន្តែ​ទិដ្ឋភាព​ទូទៅ​សង្កេត​ឃើញ​កម្លាំង​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ហែក​ខិត្តប័ណ្ណ​របស់​គណបក្ស​ប្រឆាំង​ ក្នុង​រាជធានី​ភ្នំពេញ និង​រារាំង​ក្បួន​ហែ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​ក្នុង​ថ្ងៃ​ឃោសនា​នេះ​ដែរ។

ដោយ​ឡែក ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ បាន​កំណត់​ទិសដៅ​ការ​ឃោសនា​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​៤​ មាន​រយៈពេល​ត្រឹម ១៤​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា។ ការ​ឃោសនា​ក្នុង​ទ្រង់ទ្រាយ​ធំ ក្នុង​រយៈពេល​នេះ គឺ​អនុញ្ញាត​បាន​ត្រឹម ២​ដង។ ចំណែក​ពេល​វេលា​ដែល​នៅ​សេសសល់​ពី​នេះ គណបក្ស​នយោបាយ​នីមួយៗ​អាច​ចេញ​ឃោសនា​បាន​ត្រឹម​រង្វង់​ឃុំ​សង្កាត់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles