Clik here to view.

ក្រុមបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលដឹកនាំដោយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ នៅថ្ងៃទី២៥ ឧសភា នេះ បានដាំកូនឈើប្រណិត ចំនួន៦០០ដើម នៅស្រុកជីក្រែង ខេត្តសៀមរាប។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរៈដីកាថា នៅថ្ងៃនេះ ក្រុមការងាររបស់ព្រះអង្គ និងអ្នកចូលរួមដែលមន្ត្រីរាជការ និងពុទ្ធបរិស័ទប្រមាណ២០០នាក់ បានចូលរួមដាំកូនឈើប្រណិតដែលជាឈើបេង ចំនួន៦០០ដើម នៅវត្តពង្រលើ និងសាលាបឋមសិក្សា ក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប៖ «កម្មវិធីដាំដើមឈើនេះយើងបានធ្វើរយៈពេល២ឆ្នាំកន្លងមកហើយ។ សម្រាប់ឆ្នាំ២០១៧នេះ អាត្មាចាប់ផ្ដើមដាំកូនបេង គម្រោងដាំ១ពាន់ដើម ប៉ុន្តែថ្ងៃនេះ ដាំបានតែ៦០០ដើមទេ សម្រាប់ទីតាំងពីរ។ ការចូលរួមដាំនេះមានអ្នកចូលរួមចម្រុះដែលខុសប្លែកពីការចូលរួមកន្លងទៅ»។
ព្រះអង្គបន្តថា ក្រៅពីនេះព្រះអង្គបានផ្ដល់ជារង្វាន់កូនឈើបេងនោះប្រមាណ៣០ដើម ទៅពលរដ្ឋដែលចូលរួមយកទៅដាំ និងថែទាំនៅផ្ទះរបស់ពួកគេ។
ព្រះតេជព្រះគុណបន្តថា ក្នុងរយៈពេល២ឆ្នាំនៃយុទ្ធនាការដាំកូនឈើនៅរបស់ក្រុមព្រះអង្គបានជិត១ពាន់ដើមហើយ លើខេត្តចំនួន៣ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប៕