គណបក្សសង្គ្រោះជាតិ បដិសេធការផ្សព្វផ្សាយព័ត៌មានដែលថា នឹងមានការដក ឬបញ្ឈប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅពេលគណបក្សនេះឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ ខែឧសភា អះអាងថា គណបក្សមិនទទួលខុសត្រូវចំពោះការផ្សព្វផ្សាយទាំងនោះឡើយ ដោយសំអាងថា ជាព័ត៌មានមិនពិត និងមានកាត់តសំឡេងរបស់ថ្នាក់ដឹកនាំ ដោយមួលបង្កាច់។
លើសពីនេះគណបក្សសង្គ្រោះជាតិ បញ្ជាក់ជាថ្មីថា គោលនយោបាយរបស់គណបក្សនេះគឺរក្សាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អោយបម្រើការងារការពារប្រជាពលរដ្ឋ និងប្រទេសជាតិដូចដែលច្បាប់បានកំណត់។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា ផ្ទុយទៅវិញ នៅពេលគណបក្សនេះឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល នឹងដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធអោយបានសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងដើម្បីបម្រើការងារអោយរឹតតែមានប្រសិទ្ធភាព៕