មន្ត្រីគណបក្សកាន់អំណាចនៅតែបន្តបញ្ចេញសារឃោសនាបោះឆ្នោត ដោយផ្ដោតលើការចោទប្រកាន់គូប្រកួតថា ធ្វើនយោបាយប្រជាភិថុតិ និងសន្យាខ្យល់ ហើយនៅតែរំលឹកសារគំរាមថា នឹងមានសង្គ្រាម។ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង ចាត់ទុកថា បក្សដែលដើរចែកអំណោយ និងគំរាមប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យខ្លួនឯណោះទៅវិញទេ ដែលធ្វើនយោបាយប្រជាភិថុតិ និងមើលងាយប្រជារាស្ត្រខ្លួនឯង។
គណបក្សនយោបាយធំៗទាំងពីរកំពុងចោទប្រកាន់គ្នាទៅវិញទៅមកចំពោះការធ្វើប្រជាភិថុតិពេលឃោសនានយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានវាយប្រហារគណបក្សសង្គ្រោះជាតិ ជាពិសេសរឿងសន្យាទម្លាក់ថវិកា ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ទៅដល់ឃុំ-សង្កាត់នីមួយៗ ពេលគណបក្សនេះឈ្នះឆ្នោតនៅឆ្នាំ២០១៨។
លោក សុខ ឥសាន ចាត់ទុកគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ បែបនេះថា ជាគោលនយោបាយប្រជាភិថុតិ បានតែខាងសន្យាតែមិនដែលធ្វើបានអ្វីមួយសោះ៖ «គាត់សន្យាថា ឲ្យលោកយាយ លោកតា មិនបាច់ទៅដល់ ៥០ម៉ឺនដុល្លារទេ គាត់ឲ្យតែ ១០ដុល្លារហ្នឹង ឃុំគាត់ជាប់ហ្នឹង តែគាត់មានធ្វើហើយឬនៅ បានហើយនៅ? គាត់សន្យាថា បើសិនណាជាគាត់ជាប់ឆ្នោតតាមឃុំហ្នឹងគាត់យកមេឃុំទៅទស្សនកិច្ចមួយខែ ទៅបីខែនៅសហរដ្ឋអាមេរិក ឬមួយទៅប្រទេសជឿនលឿននៅលើពិភពលោក។ សួរថា មានបានហើយ ឬនៅ?»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចាត់ទុកការលើកឡើងរបស់មន្ត្រីគណបក្សកាន់អំណាចបែបនេះថា ជាការមួលបង្កាច់ខុសការពិត ដែលនេះជាល្បិចភូតភរ ចាស់គំរឹលហួសសម័យ និងមិនយល់ពីតួនាទីគណបក្សនយោបាយក្នុងដំណើរការប្រជាធិបតេយ្យ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដាស់តឿនឲ្យមន្ត្រីទាំងនោះឲ្យឈប់បំផ្លើសការពិត ព្រោះធ្វើដូច្នេះវានាំឲ្យបាប៖ «សម័យនេះសម័យហ្វេសប៊ុក មិនចាំបាច់ទៅគណបក្សណាមួយបំផ្លើសបំភ្លៃទេ គេដឹងហើយ! អ្នកដែលភូតច្រើនចាញ់អាត្មាទេ បាទ! ម្នាក់ៗខំ នាំគ្នាខំធ្វើអំពើល្អទៅ ធ្វើអំពើល្អវានឹងទទួលបានផលល្អ ធ្វើអំពើអាក្រក់ វានឹងទទួលបានផលអាក្រក់»។
លោក អេង ឆៃអ៊ាង បំភ្លឺថា គណបក្សសង្គ្រោះជាតិ មិនដែលធ្វើនយោបាយប្រជាភិថុតិ ឬសន្យាខ្យល់នោះទេ ព្រោះការសន្យានយោបាយណាមួយដែលគណបក្សនេះធ្លាប់ធ្វើកន្លងមក គឺភ្ជាប់ទៅនឹងលក្ខខណ្ឌជាប់ឆ្នោតដឹកនាំប្រទេស ទើបអាចអនុវត្តតាមការសន្យាទាំងនោះបាន៖ «យើងជាគណបក្សក្រៅរដ្ឋាភិបាល យើងអត់កាន់កញ្ចប់លុយទេ។ ឥឡូវបើចង់ដឹងថា យើងធ្វើមិនកើត គឺឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យមក! បោះឆ្នោត យើងដឹកនាំរាជរដ្ឋាភិបាល យើងគ្រប់គ្រងចំណូលពន្ធរដ្ឋដែលប្រជាពលរដ្ឋបានបង់ពន្ធ ហើយយើងនឹងបំបាត់អំពីពុករលួយ យើងចាត់ចែងលុយហ្នឹង។ ប៉ុន្តែរាល់ថ្ងៃនេះ អ្នកណាអ្នកកាន់លុយ?»។
ប៉ុន្តែលោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់លោក អេង ឆៃអ៊ាង បែបនេះថា ការដោះសារយករួចខ្លួនដើម្បីគេចពីការទទួលខុសត្រូវតែប៉ុណ្ណោះ ព្រោះមិនចាំបាច់អ្វីទាល់តែឈ្នះឆ្នោត និងកាន់អំណាច ហើយមានថវិកាជាតិក្នុងដៃ ទើបអាចជួយកសាងជាតិបាននោះទេ បើមានឆន្ទៈពិតប្រាកដ គឺអាចធ្វើបានដូចតែគ្នាហ្នឹង។ លោកអះអាងថា ថវិកាជាតិជាតិតែមួយមុខ ក៏មិនគ្រប់គ្រាន់ដែរ និងថា គណបក្សប្រជាជនកម្ពុជា ប្រកាន់វប្បធម៌ចែករំលែក ដោយប្រមូលថវិកាពីប្រភពជំនួយសប្បុរសធម៌ និងប្រភពទ្រព្យឯកជនផ្សេងៗ មកជួយអភិវឌ្ឍប្រទេស។
លោក សុខ ឥសាន ចោទជាសំណួរថា ចុះលុយដែលគណបក្សសង្គ្រោះជាតិ រៃអង្គាសពីក្រៅប្រទេសទាំងនោះទៅណា? ម៉េចមិនឃើញយកមកជួយខ្លះទៅ៖ «គាត់មិនបានដឹកនាំអំណាច គាត់មិនបានជាប់ឆ្នោតមែន ក៏ប៉ុន្តែករណីខ្លះ ដូចជាបង្គន់អនាម័យ សួរថា គាត់ធ្វើកើត ឬមិនកើត? អណ្ដូងទឹកអីហ្នឹងសួរថា គាត់មានលទ្ធភាពធ្វើកើត ឬមិនកើត? ថវិកាពីណាមក? ចុះពេលឃោសនាបោះឆ្នោត ម៉េចក៏ចេះធ្វើបុណ្យផ្កានៅបរទេសហ្នឹងយកមកឃោសនាបោះឆ្នោតបាន?»។
លោក អេង ឆៃអ៊ាង មិនយល់ស្របតាមការលើកឡើងដូច្នេះនោះទេ។ លោកអះអាងថា គណបក្សសង្គ្រោះជាតិ បានជួយទៅតាមលទ្ធភាពដែលគណបក្សមានតាមកម្លាំងសទ្ធា ដោយសារខ្លួនគ្មានថវិកាជាតិនៅក្នុងដៃ៖ «យើងអត់បានទៅលួចជាតិ យើងអត់បានទៅកាប់បំផ្លាញព្រៃឈើទេ។ ប៉ុន្តែតែយើងមិនចាំបាច់ទៅនិយាយអួតក្អេងក្អាងទេ។ ដូចគណបក្សខ្លះ យកលុយជាតិ អួតក្អេងក្អាងថាលុយខ្លួនឯងអីហ្នឹង។ បុគ្គលណាថាខ្លួនឯងយកទ្រព្យសម្បត្តិឯកជនទៅសាងជាតិហ្នឹង គឺភូតសុទ្ធតែម្ដង»។
ថ្លែងក្នុងពិធីឃោសនាបោះឆ្នោតឃុំ-សង្កាត់ពីខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែឧសភា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តាំទៅអ្នកនយោបាយណាដែលចូលចិត្តបោកប្រាស់រាស្ត្រឲ្យឈប់ភូតភរតទៅទៀត រឿងចោទគណបក្សដទៃថាសន្យាខ្យល់នេះ៖ «អ្នកខ្លះគេថា កុំជឿបានតែថា នៅពេលដែលមិនទាន់ឈ្នះ ហើយបក្សណាក្នុងពិភពលោកក៏អ៊ីចឹងដែរ។ វាបញ្ហាត្រង់តែអ្នកឈ្នះហើយមិនធ្វើនោះ អាហ្នឹងហើយដែលប្រជាពលរដ្ឋត្រូវដូរ។ អាអ្នកមិនទាន់ឈ្នះ ហើយមិនទាន់ធ្វើប្រជាពលរដ្ឋគ្មានទៅខឹងទេ! មែនទេបងប្អូន? បើបានអ្វីធ្វើ បើអត់លុយ! កុំមកបោក បោកប្រជាពលរដ្ឋឥឡូវលែងបានហើយ»។
មិនតែប៉ុណ្ណោះ លោក កឹម សុខា ថ្លែងក្នុងពេលកំពុងឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២៥ ខែឧសភា ម្សិលមិញថា មានតែអ្នកមិនដឹងខ្យល់ទេ ទើបបានជាចេះតែចោទគណបក្សសង្គ្រោះជាតិ ថាសន្យាខ្យល់ លោកហ៊ានសន្យាថា បើសង្គ្រោះជាតិជាប់ឆ្នោត ហើយធ្វើមិនបានតាមសន្យា លោកនឹងចុះពីតំណែងភ្លាម៖ «ហើយបើមិនឈ្នះ ធ្វើម៉េចបានលុយ? បើអត់លុយ កាន់លុយ ធ្វើម៉េចបានអភិវឌ្ឍ? ហើយបើថា គេសន្យាខ្យល់ អ្នកថាហ្នឹងអត់ដឹងខ្យល់!»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ស្របថា ការសន្យាដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋម្ចាស់ឆ្នោតបែបនេះ គឺជាដំណើរប្រក្រតីនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក។ លោកយល់ថា អ្នកដែលចោទភាគីម្ខាងទៀតថា សន្យាខ្យល់បែបនេះ ប្រហែលគិតថា បានផល និងស្មានតែប្រជាពលរដ្ឋមិនយល់៖ «សម្រាប់គណបក្សប្រឆាំង ឬគណបក្សណាក៏ដោយ ដែលមិនទាន់បានកាន់អំណាច គឺសន្យាខ្យល់ដូចតែគ្នាទេ ព្រោះការបង្ហាញគោលនយោបាយនេះ គឺបង្ហាញក្នុងលក្ខខណ្ឌដែលគណបក្សណាមួយហ្នឹង ត្រូវបានឡើងទៅកាន់អំណាចបានគេធ្វើកើត។ ចំពោះគណបក្សប្រឆាំងនៅប្រទេសណាក៏ដោយ បើសន្យា ហើយធ្វើ ធ្វើឯណាបានលុយមកពីណា? បើលុយយើងបង់ពន្ធឲ្យរដ្ឋាភិបាលទាំងអស់ហើយហ្នឹង»។
ចំណែកឯ លោក អេង ឆៃអ៊ាង វិញ បំភ្លឺថា អ្នកដែលប្រើវិធីទិញទឹកចិត្តប្រជាពលរដ្ឋតាមរយៈការឲ្យសារុង ឬ ប៊ីចេងកញ្ចប់ ឬរបស់របរអ្វីផ្សេង និងសម្លុតបំភ័យឲ្យបោះឆ្នោតឲ្យខ្លួនឯណោះទេ ដែលជាអ្នកធ្វើនយោបាយបោកប្រាស់ និងជាអ្នកនយោបាយអស់ផ្លូវដើរ៖ «គណបក្សខ្លះទៅសុំសន្លឹកឆ្នោតពីប្រជាពលរដ្ឋ យកអំណោយទៅចែក ហើយគំរាមប្រជាពលរដ្ឋបោះឆ្នោតឲ្យខ្លួន។ ក្រុមនយោបាយដែលប្រើអំណោយដើម្បីទៅរកសន្លឹកឆ្នោតហ្នឹង ជាក្រុមនយោបាយប្រជាភិថុតិ ហើយក្រុមនយោបាយដែលចាត់ទុកប្រជារាស្ត្រខ្លួនឯងជាអ្នកសុំទាន។ ក្រុមនយោបាយដែលសម្លុតប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យខ្លួនហ្នឹង គេហៅថា ជាក្រុមនយោបាយទាល់ច្រក»។
ខាងគណបក្សកាន់អំណាចនៅតែចាត់ទុកការឃោសនាផ្ដល់ប្រាក់កន្លះលានដុល្លារមួយឆ្នាំ ដល់ឃុំ-សង្កាត់នីមួយៗ ដែលគណបក្សសង្គ្រោះជាតិ ប្រកាសនោះ ថាជានយោបាយប្រជាភិថុតិ និងដុតឲ្យខ្លោចរោចឲ្យឆៅ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានសារព័ត៌មានក្នុងស្រុកមួយ ដែលសិទ្ធនឹងរដ្ឋាភិបាល ដកស្រង់សម្ដីកាលពីថ្ងៃទី២៣ ខែឧសភា ដែលជាថ្ងៃទីបីនៃការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ថាយោងតាមចរន្តថវិកាប្រចាំឆ្នាំរដ្ឋាភិបាល អាចនឹងទម្លាក់ថវិកាត្រឹមប្រហែល ២០ម៉ឺនដុល្លារប៉ុណ្ណោះ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អនុប្រធានគណបក្សកាន់អំណាចបែបនេះ លោក អេង ឆៃអ៊ាង អះអាងថា ការប្រកាសទម្លាក់ថវិកាជាមធ្យម ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំទៅដល់ឃុំ-សង្កាត់នីមួយៗនេះ ជាកិច្ចសន្យានយោបាយជាក់លាក់ដែលអាចអនុវត្តបាននៅពេលដែលគណបក្សខ្លួនឈ្នះឆ្នោត៖ «ហើយលុយ ៥០ម៉ឺននេះ មិនមែនជាលុយរបស់គណបក្សទេ គឺជាលុយជាតិ។ យើងដូររបៀបចាយទេតើ! រាល់ថ្ងៃនេះ គណបក្សកាន់អំណាចគេចាយខាងលើច្រើន គេទម្លាក់ទៅខាងក្រោមតិចតួច ដល់ពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាល គឺយើងដូររបៀបចាយយើងឲ្យខាងក្រោមហ្នឹងចាយសមរម្យ ដែលអាចមានលទ្ធភាពអាចអភិវឌ្ឍក្នុងឃុំ សង្កាត់បាន គឺយើងរំលែកថវិកាជាតិប្រមាណជា ១៨% ភាគរយ ដើម្បីទម្លាក់ទៅឲ្យឃុំ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនភ្លេចសារគំរាមរឿងសង្គ្រាម និងបានព្រមានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៥ ខែឧសភា ថា កុំឲ្យលួចសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា មកឃោសនាធ្វើជារបស់ខ្លួន។ លោក ហ៊ុន សែន បានអះអាងថា ការដំឡើងប្រាក់ខែមន្ត្រីរាជការ កម្មករ កម្មការិនី និងការបញ្ចុះថ្លៃភ្លើងជាដើមនេះ គឺជាសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា តែមួយមុខ ឯគណបក្សប្រឆាំងមិនបានជួយអ្វីនោះទេ។
ទាក់ទងទៅនឹងបញ្ហានេះ លោកបណ្ឌិត មាស នី យល់ថា ការដំឡើងប្រាក់ខែមន្ត្រីរាជការ កម្មករ កម្មការិនី និងការបញ្ចុះថ្លៃភ្លើង គឺជាគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ផង និងគណបក្សសង្គ្រោះជាតិ ផង។ លោកពន្យល់ថា បើគណបក្សសង្គ្រោះជាតិ លើកជាគោលនយោបាយ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មិនអនុវត្ត ក៏ម្ចាស់ឆ្នោតមិនទទួលបានផលប្រយោជន៍ដែរ។ ជាងទៅទៀត លោកថា បើគណបក្សប្រឆាំងមិនបានលើកឡើងករណីនេះមិនប្រាកដថា គណបក្សកាន់អំណាចយកមកអនុវត្តនោះទេ៕