លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបក្សប្រឆាំងនៅថ្ងៃទី២៥ ឧសភា ថា កុំចង់លរឿងសង្គ្រាម ព្រោះកូនលោកសុទ្ធតែជាទាហាន។ លោករំឭកថា សូម្បីព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិ ក៏បាក់ស្បាតហើយ។
សារអួតអំណាចកម្លាំងយោធាចំពោះសង្គ្រាម ដែលព្រមានទៅគណបក្សប្រឆាំង ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅចំពោះមុខក្រុមអ្នកកាន់សាសនាគ្រិស្តជាង ៤ពាន់នាក់ ក្នុងពិធីជួបសំណេះសំណាលនៅឯមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី២៥ ឧសភា៖ «នៅកំដរបានអត់អីទេ ហើយកូន ហ៊ុន សែន ទាំងអស់សុទ្ធតែជាទាហាន ហើយក៏ជាទាហានដែលចេញពីវេស្តផញ់ (West Point) ទៅទៀត។ សុំកុំជ្រួលជ្រើមនឹងសង្គ្រាម! កំដរបាន។ សម្ដេចក្រុមព្រះរាងចាលហើយ»។
សារព្រមាននេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីលើកឡើងជាញឹកញាប់សំដៅទៅអ្នកដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលប្រើតែសម្ដី មិនមានទាហានម្នាក់ក្ដី។ ក៏ប៉ុន្តែលោក ហ៊ុន សែន ចាត់ទុកពាក្យសម្ដីរបស់អ្នកគាំទ្រសកម្មជនគណបក្សសង្គ្រោះជាតិ ថាអាចធ្វើឲ្យមានសង្គ្រាម ជាពិសេសការចោទលោកថាជាអាយ៉ងវៀតណាម ហើយថាកូនលោកជាកូនវៀតណាម និងការចង់កម្ទេចត្រកូល ហ៊ុន មុនគេ ជាដើម។ លោកថា អ្នកគាំទ្រ និងលោកផ្ទាល់ មិនសុខចិត្តនៅស្ងៀមឲ្យកម្ទេចទេ។
ទាក់ទងនឹងការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះពាក្យសម្ដីរបស់គណបក្សប្រឆាំង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា លោកមិនចង់ឆ្លើយតបអ្វីទេ ព្រោះវាជារឿងចាស់ដដែលៗ៖ «គាត់ចង់និយាយអី និយាយតាមចិត្តគាត់ចង់ទៅចុះ។ ខ្ញុំគ្រាន់តែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋតាំងស្មារតីឲ្យបាននឹងន រួចហើយចូលទៅក្នុងការិយាល័យបោះឆ្នោត»។
ទន្ទឹមគ្នានឹងការព្រមានពីសង្គ្រាម លោក ហ៊ុន សែន ក៏អំពាវនាវឲ្យគណបក្សនយោបាយប្រកួតប្រជែង និងស៊ីសងគ្នាតាមរយៈការបោះឆ្នោត ហើយឲ្យទទួលយកលទ្ធផលពីការបោះឆ្នោត។ លោកថា មានតែគណបក្សប្រជាជនកម្ពុជា ទេដែលអាចធានាសន្តិភាពបាន ហើយមានតែគណបក្សលោកទេដែលឈ្នះឆ្នោត។
លោកបញ្ជាក់ថា លោកបញ្ជាឲ្យបង្ក្រាបអ្នកតវ៉ាលទ្ធផលបោះឆ្នោត ដោយមិនឲ្យមានការដុតឡានដូចនៅមុខវត្តស្ទឹងមានជ័យ កាលពីឆ្នាំ២០១៣ ឡើយ៖ «»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ព្រមានដល់បដិវត្តន៍ពណ៌នៅកម្ពុជា ដែរ។
ទាក់ទងបញ្ហាអាវខ្មៅ តំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅបឹងកក់ រាជធានីភ្នំពេញ ដែលតែងនាំគ្នាស្លៀកពាក់ខ្មៅចេញតវ៉ា គឺលោកស្រី បូវ សោភា បញ្ជាក់ថា មិនពាក់ព័ន្ធបដិវត្តន៍ទេ ហើយលោកស្រីក៏ចង់បានសន្តិភាពដែរ៖ «»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកនៅតែបន្តវប្បធម៌សន្ទនានយោបាយ ប៉ុន្តែបន្តជាមួយតែអ្នកដែលសន្ទនាដោយស្មោះត្រង់ និងគោរពគ្នា។ លោកបន្ទោសការព្រាត់ប្រាសដៃគូពីវប្បធម៌សន្ទនាកន្លងទៅ ថាមកពីការមិនគោរពគ្នា ដែលលោកប្រៀបធៀបកាយវិការថា ចាប់ដៃជាន់ជើង៕