មន្ត្រីគណបក្សប្រជាជនកម្ពុជា បដិសេធការបង្កើតក្រុមហ្វេសប៊ុក (facebook) មួយកាលពីឆ្នាំ២០១៣ ដើម្បីវាយប្រហារគណបក្សប្រឆាំង។ អ្នកនាំពាក្យបក្សប្រឆាំងថាមិនខ្វល់ថាមានការបង្កើតពិត ឬមិនពិតទេ តែលោកស្នើឲ្យអ្នកនយោបាយឈប់បង្កើតក្រុមឥតប្រយោជន៍ ដើម្បីកាច់កុងគ្នា តែត្រូវទៅគិតរឿងបម្រើប្រយោជន៍ជាតិវិញ។
មន្ត្រីបក្សកាន់អំណាច និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ប្រាប់ថា លោកមិនបានដឹងពីក្រុមការងារបណ្ដាញព័ត៌មាន Cyber War Room (CWR) ដែលបង្កើតឡើងដើម្បីបង្កើនសំឡេងគាំទ្រលទ្ធផលឆ្នោតឆ្នាំ២០១៣ និងដើម្បីបន្សាបព័ត៌មានរបស់បក្សប្រឆាំងតាមហ្វេសប៊ុកនោះទេ។ លោកថា អ្នកដែលលួចអ៊ីមែលលោក ជាអ្នកបង្កើតឯកសារទាំងនោះ។
លោក គឹម សន្តិភាព បញ្ជាក់ប្រាប់អាស៊ីសេរីថា អ៊ីមែលរបស់លោកត្រូវបានចោរលួចហែក (hack) ចូលតាំងពីថ្ងៃទី២០ ឧសភា មក។ ដូច្នេះ ក្រុមបណ្ដាញព័ត៌មានតាមហ្វេសប៊ុកដែលបង្កើតឡើងដើម្បីបន្សាបរាល់ព័ត៌មានរបស់បក្សប្រឆាំង លោកថាជាស្នាដៃរបស់ក្រុមចោរលួចអ៊ីមែលរបស់លោក៖ «ខ្ញុំសូមជម្រាបថា អ៊ីមែលរបស់ខ្ញុំត្រូវបានគេហែកតាំងពីព្រឹកព្រលឹមថ្ងៃទី២០ មកដល់ឥឡូវគ្រប់គ្រងអត់បានទេ គឺថានៅលើដៃហែកឃ័រ។ ហែកឃ័រមានលទ្ធភាពនៅក្នុងការហែកយកអាខោនអ៊ីមែល (email account)។ ចឹងហែកឃ័រក៏មានលទ្ធភាពនៅក្នុងការកែច្នៃប្រឌិតនូវព័ត៌មានទាំងអស់នៅក្នុងអាខោនរបស់ខ្ញុំដែរ»។
លោក គឹម សន្តិភាព បានដាក់ពាក្យបណ្ដឹងទៅអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២០ ឧសភា ឲ្យជួយស្វែងរកចាប់ខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធដែលលួចចូលគ្រប់គ្រងអ៊ីមែលរបស់លោក និងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ និងហ្វេសប៊ុកក្រសួងយុត្តិធម៌ ហើយបានយកទៅផ្សព្វផ្សាយការឃោសនានយោបាយរបស់គណបក្សសង្គ្រោះជាតិ។
តាមរយៈអ៊ីមែលឈ្មោះ Kim Santipheap ដែលបានផ្ញើឯកសារស្ដីពីក្រុមការងារបណ្ដាញព័ត៌មាន Cyber War Room និងលេខាធិការដ្ឋានរបស់ Cyber War Room បានទម្លាយឲ្យដឹងថា ក្រុមការងារនេះមានលោក ហ៊ុន ម៉ាណែត ជាប្រធាន លោក សុខ ពុទ្ធីវុធ កូនប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធាន លោក ឌិត ទីណា កូនប្រុសលោក ឌិត មន្ទីរ ជាអនុប្រធាន លោក គឹម សន្តិភាព កូនប្រសាលោក ជាម យាប ជាអនុប្រធាន លោក មាន ចាន់យ៉ាដា បច្ចុប្បន្នជាអភិបាលរងក្រុងភ្នំពេញ ជាអនុប្រធាន និងមន្ត្រីមានងារជាឯកឧត្តមជាច្រើននាក់ទៀត ជាអនុប្រធានដឹកនាំក្រុមបណ្ដាញព័ត៌មាននេះ។
ក្រុមនេះចែកចេញជាក្រុមប្រតិបត្តិការ ៥ផ្នែករួមមាន លេខាធិការដ្ឋាន មានក្រុមគាំទ្រ ក្រុមបច្ចេកទេស ក្រុមកម្សាន្ត និងក្រុមវាយលុក។
ឯកសារដែលបែកធ្លាយតាមអ៊ីមែលលោក គឹម សន្តិភាព បានសរសេរថា យោងតាមកិច្ចប្រជុំនៅរាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ក្រុមការងារបណ្ដាញព័ត៌មានសង្គម Cyber War Room ដែលមានប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សគណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា និងប្រធានការងារបណ្ដាញព័ត៌មានសង្គម Cyber War Room លោក ហ៊ុន ម៉ាណែត និងមានអនុប្រធានការងារ Cyber War Room និងប្រធានផ្នែកទាំង៥ រួមទាំងក្រុមការងារព័ត៌មាន និងគេហទំព័រ បានរៀបរាប់ថា ការកើនឡើងអាសនៈគណបក្សប្រឆាំងដោយសារតែការប្រើប្រាស់ហ្វេសប៊ុកជាឧបករណ៍ ជាកន្លែងប្រមូលផ្ដុំកម្លាំង និងព័ត៌មាន ជាឧបករណ៍ផ្សព្វផ្សាយគោលនយោបាយ និងជាឧបករណ៍បំពុលបរិយាកាស។
ឯកសារបន្តថា តួនាទី និងភារកិច្ចរបស់ក្រុមនេះនៅលើការងារហ្វេសប៊ុក គឺបន្សាបរាល់ព័ត៌មានដែលផ្សព្វផ្សាយដោយបក្សប្រឆាំង ហើយធ្វើប្រតិកម្មជាបន្ទាន់តាមប្រភេទពណ៌ខ្មៅ ប្រផេះ និងស ប៉ុន្តែឯកសារនោះមិនបានបញ្ជាក់ទេថា តើប្រតិកម្មជាបន្ទាន់តាមប្រភេទពណ៌ខ្មៅ ប្រផេះ និងសនោះ ជាអ្វីទេ។
អាស៊ីសេរី មិនអាចសុំការឆ្លើយបំភ្លឺរាល់ចំណុចព័ត៌មានដែលមាននៅក្នុងឯកសារបែកធ្លាយនោះទេ ដោយលោក គឹម សន្តិភាព ឆ្លើយថាមិនដឹង និងអះអាងថាជាព័ត៌មានដែលហែកឃ័រ (Hacker) បង្កើតឡើងផ្ញើឲ្យអ្នកសារព័ត៌មាន។
មូលហេតុដែលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតឆ្នាំ២០១៣ ឯកសារបែកធ្លាយនេះសរសេរថា ដោយសារគណបក្សប្រជាជនកម្ពុជា រឹងមាំ មានប៉ូលិស ប៉េអិមទប់ជាប់ និងមានការប្រមូលផ្ដុំកម្លាំងពីក្រៅ និងក្នុង គួបផ្សំពីការជួយពីក្រៅ។
មានឈ្មោះក្នុងឯកសារជាប្រធានលេខាធិការដ្ឋានក្រុម Cyber War Room គឺលោក គួច វែងស្រ៊ុន មិនបានឆ្លើយតបនឹងឯកសារនេះទេ ដោយលោកប្រាប់ថារវល់បើកឡាន ក្រោយស្ដាប់សំណួររបស់អាស៊ីសេរី សួរចប់។
ឯកសារបែកធ្លាយបានបង្ហាញការវិភាគរបស់លោក ហ៊ុន ម៉ាណែត ថាមានការព្យាយាមញុះញង់យុវជន ការបណ្ដុះឆន្ទៈយុវជន និងឥទ្ធិពលហ្វេសប៊ុក អាចផ្ដួលរដ្ឋាភិបាលតាមរយៈអំណាចពលរដ្ឋ (People Power)។
អាស៊ីសេរី មិនអាចទាក់ទងលោក ហ៊ុន ម៉ាណែត បានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។ ឯកសារបែកធ្លាយក៏បានរៀបរាប់ពាក់ព័ន្ធនឹងមានតួនាទីរបស់ គ.ជ.ប ដែរ ដោយសរសេរថា គ.ជ.ប ប្រកាសលទ្ធផលក្រៅផ្លូវការ និងជាអ្នកដោះស្រាយពាក្យបណ្ដឹង។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថាលោកមិនអាចសន្និដ្ឋានលើឯកសារបែកធ្លាយនោះបានទេ។ តែលោកថា អ្នកនយោបាយគួរកុំយកពេលទៅបង្កើតក្រុមដើម្បីកាច់គ្នា ឬបំបែកបំបាក់បក្សដៃគូនយោបាយ គួរតែដោះស្រាយឫសគល់នៃបញ្ហាដែលនាំឲ្យពលរដ្ឋក្រីក្រ ឬឫសគល់នៃការបំផ្លាញធនធានធម្មជាតិ ជាដើម៖ «យើងធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ ខ្ញុំមិនចង់ឆ្លើយតប ឆ្លើយមិនតបទៅនឹងរឿងហ្នឹងតទៅទៀតទេ បើនៅតែបន្តការវល់ឆ្លើយតបនឹងការកាច់កុងគ្នារបៀបនេះ អត់ដើរទៅមុខទេ នៅទីបំផុតបរទេសនៅតែសើចយើងដល់ទីបញ្ចប់»។
ឯកសារដែលអ៊ីមែលឈ្មោះ គឹម សន្តិភាព បានផ្ញើអ៊ីមែលឲ្យអាស៊ីសេរី នៅថ្ងៃទី២៥ ឧសភា បានបង្ហាញថា ថ្នាក់ដឹកនាំរបស់ក្រុមបណ្ដាញព័ត៌មានសម្រាប់វាយបកគណបក្សសង្គ្រោះជាតិ មាន ៤៦នាក់ ហើយ ១៤៣នាក់ផ្សេងទៀត គឺជាក្រុមការងារហ្វេសប៊ុកនៅតាមមូលដ្ឋាន ដោយមានហ្វេសប៊ុកជាច្រើនដាក់ឈ្មោះ សហភាពសហព័ន្ធយុវជននៅតាមសង្កាត់ក្នុងក្រុងភ្នំពេញ និងក្រុមហ្វេសប៊ុកក្មេងឆេវឆាវ ជាដើម។
កន្លងទៅ នៅពេលប្រព័ន្ធបច្ចេកវិទ្យារបស់ស្ថាប័នរដ្ឋាភិបាលរងការលុកលុយនោះ ទោះហែកឃ័រមានសមត្ថភាពយ៉ាងណាក្តី ក៏ពួកគេភាគច្រើនគេចមិនរួចពីកណ្ដាប់ដៃសមត្ថកិច្ចឡើយ ខុសពីករណីហែកឃ័រដែលលួចអ៊ីមែលរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ គឺលោក គឹម សន្តិភាព៕