គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា សម្ភារបម្រើឲ្យការបោះឆ្នោត បានដឹកជញ្ជូនទៅដល់គ្រប់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតរួចរាល់ហើយ មកដល់ល្ងាចថ្ងៃទី២៥ ខែឧសភា។ ការដឹកជញ្ជូននេះ ពុំមានជួបបញ្ហាអ្វីឡើយ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា សម្ភារបម្រើឲ្យការបោះឆ្នោតទាំងនោះមានដូចជា សន្លឹកឆ្នោត ទឹកខ្មៅ ធុងឆ្នោត បន្ទប់សម្ងាត់ និងសម្ភារផ្សេងៗមួយចំនួនទៀត។ ចំពោះសុវត្ថិភាពនៃសម្ភារទាំងនោះ លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការធានាថែរក្សាការពារ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ៕