សហគមន៍ការពារព្រៃឈើប្រាសាទតាខ្មៅ ខែត្រក្រចេះ អះអាងថា មេឃុំមកពីគណបក្សប្រជាជនកម្ពុជា មិនសូវអើពើទប់ស្កាត់បទល្មើសព្រៃឈើអំឡុងឃោសនាបោះឆ្នោត ដោយខ្លាចបាត់បង់ការគាំទ្រ។ ការលើកឡើងនេះ ក្រោយពីសហគមន៍ប្រាសាទតាខ្មៅ ប្រទះឃើញជនល្មើសលួចកាប់ឈើក្នុងព្រៃសហគមន៍ និងបម្រុងអនុវត្តច្បាប់ ប៉ុន្តែត្រូវបានមេឃុំហាមឃាត់ ដោយរង់ចាំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួចរាល់សិន។
ប្រជាសហគមន៍ការពារព្រៃឈើរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ រកឃើញថា អាជ្ញាធរមូលដ្ឋានពុំសូវសហការបង្ក្រាបក្រុមជនល្មើសលួចកាប់ឈើមានតម្លៃក្នុងព្រៃសហគមន៍ប្រាសាទតាខ្មៅ អំឡុងពេលឃោសនាបោះឆ្នោត។ ចំណែកប៉ុស្តិ៍នគរបាលរដ្ឋបាលវិញ ច្រើនតែសម្របសម្រួលជាមួយជនល្មើស ឬពិន័យជាទឹកប្រាក់ ជាថ្នូរនឹងការដោះលែង។
សមាជិកគណៈកម្មការសហគមន៍ប្រាសាទតាខ្មៅ លោក វ៉ន ត្រៃ ឲ្យដឹងនៅថ្ងៃទី២៥ ឧសភា ថា ចាប់តាំងពីចុងឆ្នាំ២០១៦ រហូតមកទល់ពេលនេះ ភាគច្រើនពលរដ្ឋនៅមូលដ្ឋានលួចកាប់ឈើមានតម្លៃក្នុងព្រៃសហគមន៍ ដោយពុំសូវមានការទប់ស្កាត់ ដោយសារមេឃុំកំពង់ចាម បានប្រាប់សហគមន៍ថា មិនឲ្យបង្ក្រាបបទល្មើសព្រៃឈើនៅមុនពេលបោះឆ្នោត ដោយគ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់។ ដោយឡែកវត្ថុតាងដែលបង្ក្រាបបាន ត្រូវប្រគល់ឲ្យជនល្មើស រួមទាំងឈើផង។ បញ្ហានេះ បណ្ដាលឲ្យជនល្មើសមិនរាងចាល និងជាផ្នែកមួយបំផ្លាញធនធានធម្មជាតិ។
បុរសដដែលបន្តថា កាលពីថ្ងៃទី១០ ឧសភា សហគមន៍ប្រទះឃើញជនល្មើសមានគ្នាពីរក្រុម ប្រើម៉ាស៊ីនអារឈើពីរគ្រឿង និងគោយន្ត ៤គ្រឿង កាប់ឈើសុក្រំនៅព្រៃសហគមន៍ប្រាសាទតាខ្មៅ ចំណុចខាងលិចស្រែត្មាយ ប៉ុន្តែអាជ្ញាធរឃុំបានរារាំងសហគមន៍មិនឲ្យអនុវត្តច្បាប់ ដោយគ្រាន់តែធ្វើកិច្ចសន្យា។ ចំណែកគោយន្ត ម៉ាស៊ីនអារឈើ និងឈើ អាជ្ញាធរបានប្រគល់ជូនជនល្មើសវិញ៖ «ពួកបទល្មើសហ្នឹងវាអត់ខ្លាចសហគមន៍ អត់ខ្លាចអាជ្ញាធរទេ ព្រោះអីគាត់ថា ហើយសហគមន៍បើធ្វើខ្លាំង មេឃុំគាត់ថាកុំឲ្យធ្វើវា ព្រោះអីចាំបោះឆ្នោតហើយ។ ចឹងបានថា សព្វថ្ងៃនេះខ្ញុំសោកស្ដាយណាស់! សោកស្ដាយនឹងព្រៃឈើដែលយើងខំប្រឹងរក្សាតាំងពីដើមមក ដល់ដំណាក់កាលនេះហើយ វាត្រូវបាត់បង់អស់ជាច្រើនចឹង»។
ព្រៃសហគមន៍ប្រាសាទតាខ្មៅ មានផ្ទៃដី ៥.៦៦៥ហិកតារ ជាប់ដែនជម្រកសត្វព្រៃឡង់ ឋិតនៅឃុំកំពង់ចាម ខែត្រក្រចេះ ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម តាំងពីឆ្នាំ២០០២ ដែលមានមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកគ្រប់គ្រងផ្ទាល់ និងផ្តល់ការសហការជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទនៅតំបន់នោះ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ ឈើមានតម្លៃ ត្រូវបានគេលួចកាប់ស្ទើរទាំងស្រុង នៅសេសសល់តែឈើធ្វើលំនៅឋាន ដូចជា សុក្រំ កកោះ និងឈើទាល ជាដើម។
ឆ្លើយតបការលើកឡើងនេះ មេឃុំកំពង់ចាម លោក ឈិត លាង បានបដិសេធចំពោះការចោទប្រកាន់របស់សហគមន៍ ដោយលើកហេតុផលថា អាជ្ញាធរឃុំពុំបានហាមឃាត់សហគមន៍មិនឲ្យបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រសិនមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន។ លោកថា អាជ្ញាធរឃុំបានហាមមិនឲ្យមានការយកលុយពីជនល្មើស ហើយករណីចុះបង្ក្រាបអាចធ្វើទៅបាន ផ្អែកតាមលក្ខន្តិកៈរបស់សហគមន៍ដែរ៖ «ខ្ញុំមិនហាមទេ ប៉ុន្តែឲ្យតែមានការឯកភាពពីអាជ្ញាធរ មិនធ្វើអីតាមចិត្តនឹកឃើញទេ។ ជួនកាលដើរយកលុយកាក់គេពេញព្រៃក៏មាន ខ្ញុំមិនហាមទេ គ្រាន់តែហាមចឹង»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា ការបណ្តោយឲ្យមានបទល្មើសព្រៃឈើកើតឡើងពុំមានការទប់ស្កាត់របស់អាជ្ញាធរឃុំ គឺជាសញ្ញាបង្ហាញពីភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយអភិរក្សព្រៃឈើរបស់រាជរដ្ឋាភិបាល បណ្ដាលឲ្យពលរដ្ឋកាន់តែអស់ជំនឿចិត្ត។ លោកថា អាជ្ញាធរឃុំ ប្រសិនចង់ឲ្យពលរដ្ឋគាំទ្រ គួរតែពង្រឹងការអនុវត្តច្បាប់ព្រៃឈើឲ្យបានពេញលេញ និងសហការជាមួយភាគីពាក់ព័ន្ធ ទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព៖ «ចឹងហើយគួរតែយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែន ដើម្បីទប់ស្កាត់ ឲ្យពលរដ្ឋគាត់បានយល់ថា ការបោះឆ្នោតមិនបណ្តោយឲ្យមានភាពអនាធិបតេយ្យណាពាក់ព័ន្ធបទល្មើសដែលបំផ្លាញធនធានធម្មជាតិ ធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល»។
សហគមន៍ការពារព្រៃឈើប្រាសាទតាខ្មៅ អំពាវនាវសុំឲ្យក្រសួងកសិកម្ម ជាពិសេសរាជរដ្ឋាភិបាល ចាត់វិធានការតឹងរ៉ឹងបញ្ឈប់សកម្មភាពកាប់យកឈើដោយខុសច្បាប់ក្នុងព្រៃអភិរក្សនេះតទៅទៀត និងផ្តល់សិទ្ធិអំណាចឲ្យសហគមន៍អនុវត្តច្បាប់ព្រៃឈើឲ្យទូលំទូលាយ៕