ស្ពានហាលបុរាណប៉ែកខាងលិច ដែលទេសចរចម្រុះជាតិសាសន៍តែងដើរឆ្លងទឹកកស្សិណទៅទស្សនាអង្គរវត្ត ជាប្រចាំថ្ងៃនោះ កំពុងពុកផុយ និងទ្រុឌទ្រោមជាខ្លាំង ដែលទាមទារឱ្យអ្នកជំនាញផ្នែកបុរាណវិទ្យា ត្រូវរៀបចំគម្រោងជួសជុលឡើងវិញ។ ស្របនឹងគម្រោងជួសជុលស្ពានបុរាណធ្វើអំពីថ្មមួយនេះ អាជ្ញាធរអប្សរាក៏បានចំណាយពេល ៥ខែ ដើម្បីសាងសង់ស្ពានអណ្ដែតទឹកធ្វើពីពោងជ័រប្លាស្ទិកមួយ សម្រាប់ទុកឱ្យទេសចរចម្រុះជាតិសាសន៍ដើរឆ្លងទឹកទៅទស្សនាអង្គរវត្ត ជាបណ្ដោះអាសន្នមួយរយៈសិន។
មន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរអប្សរា ទទួលបន្ទុកការពារប្រាសាទបុរាណ ព្រមទាំងអ្នកជំនាញបុរាណវិទ្យាជាច្រើនរយនាក់ បានធ្វើពិធីបើកសម្ពោធស្ពានអណ្ដែតទឹកដែលសង់ពីពោងជ័រប្លាស្ទិក ដាក់ឱ្យទេសចរចម្រុះជាតិសាសន៍ បានដើរឆ្លងទឹកកស្សិណទៅទស្សនាប្រាសាទអង្គរវត្តជាបណ្ដោះអាសន្ន មួយរយៈសិន។
ការបើកសម្ពោធស្ពានជ័រនេះ ក៏ជាការប្រកាសបិទស្ពានហាលបុរាណ ដែលធ្វើអំពីថ្ម នៅប៉ែកខាងលិចអង្គរ ឈប់ឱ្យទេសចរដើរឆ្លងកាត់ដែរ ដើម្បីទុកឱ្យអ្នកជំនាញរៀបចំគម្រោងជួសជុលតាមកន្លែងពុកផុយ និងកន្លែងបែកបាក់នានា ឱ្យល្អប្រសើរឡើងវិញ។
ការបើកសម្ពោធស្ពានជ័រអណ្ដែតទឹកនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ដោយមានព្រះសង្ឃស្វាធ្យាយន៍ជយន្តោ ព្រមទាំងមានរបាំជូនពរផង។
អគ្គនាយកអាជ្ញាធរអប្សរា គឺលោក ស៊ុំ ម៉ាប់។ លោកថ្លែងនៅក្នុងពេលបើកសម្ពោធឱ្យប្រើប្រាស់ថា ស្ពានជ័រអណ្ដែតទឹកមានបណ្ដោយប្រវែង ១៧០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ជាប្រភេទពោងជ័រ ប៉ូលីទីឡែន (Poly Tylen) បានសង់នៅប្របគ្នានឹងស្ពានហាលបុរាណរបស់អង្គរវត្ត សម្រាប់ឱ្យទេសចរចម្រុះជាតិសាសន៍ ដើរឆ្លងទៅទស្សនាប្រាសាទអង្គរវត្ត ជាបណ្ដោះអាសន្នសិន។
លោកអគ្គនាយកអាជ្ញាធរអប្សរា បញ្ជាក់ទៀតថា ការសាងសង់ស្ពានជ័រអណ្ដែតទឹកមួយនេះឡើង គឺធ្វើទៅតាមអនុសាសន៍របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍ និងការពារបេតិកភណ្ឌ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC) អង្គរ៖ «ក្រុមហ៊ុនបានចាប់ផ្ដើមសាងសង់ស្ពានអណ្ដែតទឹកនេះ ពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ខែមីនា ឆ្នាំ២០១៧។ ស្ពានអណ្ដែតទឹកនេះប្រើផ្ទៃពោងជ័រ សរុបចំនួន ៦.៧២០ដុំ ដែលអាចផ្ទុកទម្ងន់មនុស្សឱ្យឈរនៅក្នុងពេលតែមួយបានរហូតទៅដល់ ១.៣៦០នាក់»។
មន្ត្រីអាជ្ញាធរអប្សរា ឱ្យដឹងថា នៅពេលដែលអ្នកជំនាញផ្នែកបុរាណវិទ្យារៀបចំគម្រោងជួសជុលស្ពានហាលបុរាណ ដែលចាស់ទ្រុឌទ្រោមនោះ គឺអ្នកជំនាញរបស់អាយ.ស៊ី.ស៊ី អង្គរ បានផ្ដល់អនុសាសន៍ឱ្យអាជ្ញាធរសង់ស្ពានបណ្ដោះអាសន្ន ដោយឱ្យរើសយកការធ្វើស្ពានអំពីឫស្សី ធ្វើអំពីដែកយោធា ស្ពានឈើ ឬស្ពានថ្ម ។ល។ ក៏ប៉ុន្តែអាជ្ញាធរបានរើសយកស្ពានអណ្ដែតទឹកធ្វើពីជ័រប្លាស្ទិករបស់ក្រុមហ៊ុននៃប្រទេសកាណាដា (CANADA) នេះវិញ ដោយផ្ដោតទៅលើតម្លៃ ការថែទាំ ពេលវេលានៃការសាងសង់ ភាពមិនប៉ះពាល់ដល់បុរាណដ្ឋានក្រោមទឹក និងភាពស៊ីសង្វាក់គ្នាជាមួយនឹងទេសភាពវប្បធម៌ធម្មជាតិ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អ្នកស្រី ភឿង សកុណា ថ្លែងថា ក្នុងភារកិច្ចជាអ្នកការពារសម្បត្តិវប្បធម៌ និងបេតិកភណ្ឌរបស់ជាតិ នៅពេលដែលឃើញថា ស្ពានហាលបុរាណ ដែលឆ្លងទៅអង្គរវត្តមានភាពទ្រុឌទ្រោមដូច្នេះ ហើយមានដៃគូខ្លះដូចជាជប៉ុន និងអាជ្ញាធរអប្សរាធ្វើការរួមគ្នាផង រដ្ឋាភិបាលបានសម្រេចឱ្យជួសជុលលើកនេះ ក្នុងបំណងទុកឱ្យកូនខ្មែរជំនាន់ក្រោយ អាចដើរឆ្លងទៅមើលប្រាសាទអង្គរវត្ត បានរយៈពេលរាប់ពាន់ឆ្នាំទៅមុខទៀត។
អ្នកស្រី ភឿង សកុណា ថ្លែងទៀតថា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប គឺសំបូរដោយសម្បត្តិបេតិកភណ្ឌ និងប្រាសាទបុរាណ ដែលជាមត៌កដ៏ថ្លៃថ្លារបស់ដូនតា ហើយបច្ចុប្បន្នសម្បត្តិទាំងនេះគឺជាកម្លាំងចលករក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រ។ ដូច្នេះភាពទ្រុឌទ្រោម និងបែកបាក់របស់ស្ពានហាលបុរាណចូលទៅអង្គរវត្តនេះ គឺទាមទារឱ្យមានការយកចិត្តទុកដាក់ជួសជុលឡើងវិញ បើទោះបីជាប្រើរយៈពេលច្រើនឆ្នាំក៏ដោយ៖ «ខ្ញុំចង់ជម្រាបថា គម្រោងជួសជុលស្ពានហាលខាងលិចនេះ គឺមានរយៈពេលយូររយៈពេល ៤ឆ្នាំ ដូច្នេះយើងត្រូវបិទស្ពាននេះជាស្ថាពរតែម្ដង។ ថ្ងៃនេះយើងត្រូវដើរឆ្លងទី១ មុនគេឆ្លងកាត់ស្ពានអណ្ដែតទឹកនេះ ពីព្រោះយើងអ្នកសៀមរាប យើងមានសំណាងឆ្លងមុនគេ»។
ស្ពានហាលបុរាណនៅប៉ែកខាងលិចអង្គរវត្ត ធ្វើពីថ្មបាយក្រៀម លាយជាមួយនឹងថ្មភក់ផង គឺកសាងឡើងតាំងពីអំឡុងសតវត្សទី១២ នៃគ្រិស្តសករាជ។ រហូតមកដល់បច្ចុប្បន្ន ស្ពានបុរាណមួយនេះមានការពុកផុយ និងទ្រុឌទ្រោមខ្លាំង។
ស្ពានហាលបុរាណឆ្លងទៅអង្គរវត្ត មានប្រវត្តិធ្លាប់ជួសជុលចំនួន ២លើកមកហើយ គឺនៅឆ្នាំ១៩៥៣-១៩៦៦ បារាំងបានជួសជុលនៅប៉ែកខាងជើង ចំណុចកណ្ដាល និងប៉ែកខាងកើត ហើយនៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧ គឺសកលវិទ្យាល័យសូហ្វីយ៉ា (Sofia) ជប៉ុន ក៏ធ្លាប់ជួសជុលម្ដងនៅប៉ែកខាងកើតដែរ។
អ្នកបុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាល ដែលសហការជាមួយសកលវិទ្យាល័យសូហ្វីយ៉ា ដំណាក់កាលទី២ លោក អន សុភាព មានប្រសាសន៍ថា រយៈពេលជាច្រើនខែមកហើយក្រុមការងាររបស់លោកបានជីកដីដើម្បីសិក្សាគ្រឹះរបស់ស្ពានបុរាណនេះ ហើយរកឃើញថា ដុំថ្មរបស់ស្ពានខ្លះបានពុកផុយដល់ទំហំ ៣០ ឬក៏ ៤០សង់ទីម៉ែត្រ ដោយសារទឹក ចំណែកឯស្ថានភាពដីនៅខាងក្នុងគ្រឹះស្ពានទៀតសោត ក៏មិនសូវល្អដែរ ដោយសារការជួសជុលនៅសម័យក្រោយអង្គរធ្វើមិនបានហ្មត់ចត់៖ «ការជួសជុលនៅមានការជជែកជាមួយអ្នកជំនាញ យូណេស្កូ ម្ដងទៀត យើងអត់ទាន់សម្រេចថា តើត្រូវជួសជុលយ៉ាងណាទេ ដោយសារស្ពានហាលដែលយើងនឹងធ្វើការជួសជុលបញ្ចប់នេះ គេចង់រក្សាស្លាកស្នាមដែលដូនតាខ្មែរបានជួសជុល នៅក្រោយសម័យអង្គរ»។
អ្នកជំនាញផ្នែកបុរាណវិទ្យាបញ្ជាក់ទៀតថា បើទោះបីជាគម្រោងជួសជុលរបស់ស្ពានហាលអង្គរវត្តនេះ បានកំណត់រយៈពេល ៤ឆ្នាំក៏ដោយ ក៏គេនៅមិនទាន់ប្រាកដថា តើគេត្រូវប្រើរយៈពេលប៉ុន្មានឆ្នាំពិតប្រាកដ ដើម្បីជួសជុលការទ្រុឌទ្រោមទាំងឡាយឱ្យល្អឡើងវិញនោះឡើយ៕