Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក ខៀវ កាញារីទ្ធ ប្រាប់​ឲ្យ​អ្នក​កាសែត​បរទេស​ម្នាក់​ចេញ​ពី​កម្ពុជា

$
0
0

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រាប់​ឲ្យ​អ្នក​កាសែត ​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ម្នាក់​ចេញ​ពី​កម្ពុជា បើ​យល់​ថា លោក​បង្ហោះ​រូបថត​លិខិត​ឆ្លង​ដែន​របស់​អ្នក​កាសែត​រូប​នោះ នៅ​លើ​ហ្វេសប៊ុក (Facebook) ជា​ការ​គំរាមកំហែង។

​លោក ​ខៀវ​ កាញារីទ្ធ ឆ្លើយ​តប​បែប​នេះ​ បន្ទាប់​ពី​ក្លឹប​អ្នក​កាសែត​បរទេស​មួយ​ថ្កោល​ទោស​រូប​លោក និង​ទទូច​​ឲ្យ​លុបរូបថត​លិខិត​ឆ្លង​ដែន​នោះ​ចេញ​ពីហ្វេសប៊ុក។

លោក ខៀវ កាញារីទ្ធ ថ្លែង​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី២៥ ឧសភា ដោយ​សុំ​មិន​ឲ្យ​ថត​សំឡេង​ថា លោក​បាន​លុប​លិខិត​ឆ្លង​ដែន​របស់​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ឈ្មោះ ស៊ុមបឺរ ភីតធ័រ (Zsombor Peter) ចេញ​ពី​ហ្វេសប៊ុក​របស់​លោក​ហើយ​នៅ​ថ្ងៃ​នេះ។

ទោះ​យ៉ាងណា​លោក លោក ខៀវ កាញារីទ្ធ មិន​ឆ្លើយ​សំណួរ​ថា តើ​លោក​ទទួល​ស្គាល់​កំហុស​ឆ្គង ពី​ការ​បង្ហោះ​លិខិត​ឆ្លង​ដែន​របស់​អ្នក​កាសែត​បរទេស​រូប​នោះ​ទេ បាន​ជា​លុប​ចេញ​ពី​ហ្វេសប៊ុក​របស់​លោក។ លោក​គ្រាន់​តែ​បញ្ជាក់​ថា អ្វី​ដែល​​លោក​បង្ហោះ​នោះ គឺ​ជា​ព័ត៌មាន ត្បិត​អ្នកកាសែត​រូប​នោះ រង​បណ្ដឹង​ពី​ការ​រំលោភ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី២៣ ឧសភា លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​រូបថត​នៃ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ និង​មន្ត្រី​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​លិខិត​ឆ្លងដែន​របស់​អ្នក​កាសែត​ឌឹខេមបូឌា ដេលី លោក ស៊ុមបឺរ ភីតធ័រ លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ភ្ជាប់​សារ​ខ្លី​ថា សូម​អ្នក​កាសែត​ទាំងអស់​រៀន​ច្បាប់​បោះឆ្នោត និង​ក្រម​សីលធម៌​ក្នុង​ពេល​បោះឆ្នោត​អោយ​បាន​ខ្ជាប់ខ្ជួន ចៀសវាង​ការ​ចោទ​ប្រកាន់​នានា។

ក្លឹប​អ្នក​កាសែត​បរទេស​នៅ​កម្ពុជា​មួយ​មាន​ឈ្មោះ ជា​ភាសា​អង់គ្លេស​ថា Overseas Press Club of Cambodia ចាត់​ទុក​ការ​បង្ហោះ​នោះ ជា​ការ​គំរាមកំហែង​តាម​បណ្ដាញ​សង្គម និង​ខ្វះ​នីតិវិធី​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​អត្តសញ្ញាណ​របស់​អ្នក​កាសែត​ត្រូវ​បាន​ចែកចាយ ​អាចអោយ​មាន​គ្រោះ​ថ្នាក់ ឬ​ជា​ការ​បរិហារកេរ្តិ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles