មន្ត្រីអង្គការខុមហ្វ្រែល (COMFREL) ខេត្តរតនគិរី រកឃើញភាពខុសឆ្គងចំនួន ៨ចំណុចនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅខេត្តរតនគិរី គ្រាដែលគណបក្សនយោបាយឃោសនារយៈពេល ៥ថ្ងៃកន្លងទៅ។ ចំណែកមន្ត្រីរៀបចំការបោះឆ្នោតទទួលស្គាល់ថា ចំណុចអវិជ្ជមានកើតមានខ្លះក្នុងពេលឃោសនា ប៉ុន្តែមិនមានគណបក្សណាដាក់ពាក្យប្ដឹងនោះទេ។
មន្ត្រីសង្កេតការណ៍បោះឆ្នោតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ប្រចាំខេត្តរតនគិរី អំពាវនាវឲ្យគណបក្សនយោបាយ និងមន្ត្រីរៀបចំការបោះឆ្នោត ចូលរួមអនុវត្តឲ្យបានកាន់តែប្រសើរនូវបទបញ្ជានីតិវិធី គ.ជ.ប ដែលបានកំណត់ទាក់ទិនការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកសង្កេតការណ៍របស់អង្គការនេះរកឃើញភាពខុសឆ្គង ៨ចំណុចរួមមាន៖
-
ការឃោសនាវាយប្រហារបន្តុះបង្អាប់គ្នា
-
ការប្រើពាក្យគំរាមរបស់សកម្មជនបក្សមួយទៅលើបក្សមួយ
-
ភាពរើសអើងក្នុងការដាក់កងនគរបាលការពារសុវត្ថិភាពសណ្ដាប់ធ្នាប់ឲ្យគណបក្សនយោបាយពេលហែក្បួន
-
ភាពចន្លោះប្រហោងរបស់មន្ត្រីរៀបចំការបោះឆ្នោតទាក់ទិនការរៀបចំប្រតិទិនសម្រាប់ហែក្បួនឃោសនារបស់គណបក្សនយោបាយ
-
ការលួចហែកខិត្តប័ណ្ណឃោសនារបស់គណបក្សនយោបាយ
-
ការរំលោភសិទ្ធិរក្សាការសម្ងាត់អ្នកបោះឆ្នោត
-
ការហែក្បួនជាន់លើសួនសាធារណៈ
-
និងការលួចផ្តល់ថវិកាសម្រាប់អ្នកបោះឆ្នោត។
លេខាអង្គការខុមហ្វ្រែល ប្រចាំខេត្តរតនគិរី លោក ជួន ភីនដារ៉ា បញ្ជាក់នៅថ្ងៃទី២៥ ខែឧសភា ថា ចំណុចខ្វះខាតទាំងអស់នេះ ក្រុមអ្នកសង្កេតការណ៍ខុមហ្វ្រែលរកឃើញនៅស្រុកអូរជុំ ស្រុកវ៉ឺនសៃ ស្រុកអូរយ៉ាដាវ និងក្រុងបានលុង៖ «បីថ្ងៃអាចប្រជុំម្តង ព្រោះការឃោសនាតែងមានបញ្ហាអ៊ីចឹង។ យើងប្រជុំរួមមានន័យថា គណបក្សនយោបាយរួមទាំងពាក់ព័ន្ធការឃោសនាបោះឆ្នោត»។
កាលពីថ្ងៃទី២៤ ខែឧសភា មន្ត្រីរៀបចំការបោះឆ្នោតឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ឲ្យដឹងថា ប្រជាពលរដ្ឋពីរនាក់ និងមន្ត្រីឃុំម្នាក់ បានប្ដឹងអ្នកកាសែតពីរនាក់ពីបទរំលោភសិទ្ធិរក្សាការសម្ងាត់អ្នកបោះឆ្នោត ក៏ប៉ុន្តែដើមចោទបានបញ្ឈប់ការប្ដឹងវិញ បន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតបានសម្របសម្រួលរឿងនេះ។
បេសកជនក្រុមការងារឃោសនាបោះឆ្នោតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តរតនគិរី លោក សោម ចាន់ថុក ទទួលស្គាល់ថា ភាពអសកម្មពេលឃោសនាពិតជាកើតមាន ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនបានដាក់ពាក្យប្ដឹងនោះទេ ព្រោះចាត់ទុកការឃោសនារកសំឡេងឆ្នោតមានសារសំខាន់ជាង៖ «មកដល់ចំណុចនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រប់លំដាប់ថ្នាក់ មិនយកខួរក្បាលគិតរឿងនេះទេ»។
ចំណែកអនុប្រធានអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិ លោក ស្រី សំអាត ទទួលស្គាល់ថា ភាពអសកម្មខ្លះរបស់មន្ត្រីរៀបចំការបោះឆ្នោតនៅតំបន់ជនបទ ពិតជាមាន ប៉ុន្តែជាទូទៅ អ្នកចូលរួមឃោសនារបស់គណបក្សទាំងអស់មានភាពចាស់ទុំផ្នែកនយោបាយ ដែលធ្វើឲ្យបរិយាកាសឃោសនាប្រព្រឹត្តទៅបានល្អជាងការឃោសនាបោះឆ្នោតអាណត្តិមុនៗ៖ «និយាយទៅ គឺល្អនៅក្នុងអាណត្តិទី៤ នេះ។ យើងឃើញថានៅខេត្តរតនគិរី យើងចេះយោគយល់គ្នា មិនថាគណបក្សណាជាគណបក្សណាទេ»។
ទោះបីជាយ៉ាងនេះក៏ដោយ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី ចាត់ទុកដំណើរការឃោសនាបោះឆ្នោតរយៈពេល ៥ថ្ងៃកន្លងទៅនេះ ប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា៕