Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ថ្ងៃ​ទី​១​នៃ​ការ​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​បក្ស​នយោបាយ​កើត​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន

$
0
0

គណបក្ស​នយោបាយ​ចំនួន​៧ បាន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧។ ថ្ងៃ​ដំបូង​នៃ​ការ​ទទួល​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​នយោបាយ ត្រូវ​បាន​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​សង្កេត​ឃើញ​ថា កើត​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដូចជា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឃុំ-​សង្កាត់ ទាមទារ​ឯកសារ​លើស​ចំនួន​ពី​គណបក្ស​នយោបាយ​ដែល​ច្បាប់​ចែង។ ជាង​នេះ​ទៅ​ទៀត មាន​បេក្ខជន​ម្នាក់​ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​នយោបាយ​ពីរ​ដែល​ផ្ទុយ​នឹង​ច្បាប់​របស់ គ.ជ.ប។

គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ កំពុង​បញ្ជូន​បញ្ជី​ឈ្មោះ​នៃ​បេក្ខជន​របស់​ខ្លួន​ទៅ​គណៈកម្មការ​ឃុំ-​សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​ជា​បណ្ដើរៗ​ហើយ។ ថ្ងៃ​ទី​៣ ខែ​មីនា ដែល​ជា​ថ្ងៃ​ទី​១ នៃ​ការ​បញ្ជូន​បញ្ជី​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់អំណាច បាន​បញ្ជូន​បញ្ជី​ឈ្មោះ​នៃ​បេក្ខជន​ទូទាំង​ប្រទេស​ទៅ​គណៈកម្មការ​ឃុំ-​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត រួច​រាល់​អស់​ហើយ ខណៈ​ដែល​គណបក្ស​នយោបាយ​ផ្សេង​ទៀត​កំពុង​បញ្ជូន​ជា​បណ្ដើរៗ​នោះ។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) ឲ្យ​ដឹង​ថា បញ្ហា​ដែល​កើត​មាន​ដូចជា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឃុំ-​សង្កាត់ ទាមទារ​ឯកសារ​លើស​ចំនួន​បេក្ខជន​ម្នាក់​ទៅ​ឈរ​ឈ្មោះ​​ឲ្យ​គណបក្ស​នយោបាយ​ពីរ ច្រើន​កើត​មាន​លើ​គណបក្ស​នយោបាយ​តូចៗ ប៉ុន្តែ​គណបក្ស​ធំ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ  មិន​ទាន់​កើត​មាន​បញ្ហា​អ្វី​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា បញ្ហា​ទាំង​នេះ​មិនមែន​ជា​បញ្ហា​ចម្បង​ឡើយ ព្រោះ​គណបក្ស​នយោបាយ​អាច​ដោះស្រាយ​បាន​ត្រឹម​គណៈកម្មការ​ឃុំ-​សង្កាត់ រៀបចំ​ការ​បោះឆ្នោត៖ «»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ប្រកាស​ថា ថ្ងៃ​ដំបូង​នៃ​ការ​ចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​នៅ​តាម​គណៈកម្មការ​ឃុំ-​សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត​ទាំង ១.៦៤៦​ទូទាំង​ប្រទេស អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នេះ មាន​គណបក្ស​ចំនួន​៧ ចូលរួម​ប្រកួតប្រជែង​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​រួបរួម​ជាតិ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​បាយ​របាយការណ៍​ពី​គណៈកម្មការ​ឃុំ-​សង្កាត់ រៀបចំ​ការ​បោះឆ្នោត​ពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ថ្ងៃ​ទី​១ នៃ​ថ្ងៃ​ទទួល​បញ្ជី​ឈ្មោះ​នៅ​ឡើយ​ទេ។  ទោះ​យ៉ាង​នេះ​ក្តី លោក​ថា ប្រសិនបើ​ក្រុម​ការងារ​បោះឆ្នោត​ថ្នាក់ក្រោម​ទាមទារ​ឯកសារ​លើស​ច្បាប់​កំណត់ គណបក្ស​នយោបាយ​អាច​ប្ដឹង​មក គ.ជ.ប៖ «»។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១ នៃ​ការ​បញ្ជូន​បញ្ជី​ឈ្មោះ​គណបក្ស​របស់​លោក​បាន​បញ្ជូន​ឈ្មោះ​បេក្ខជន​ទូទាំង​ប្រទេស​រួចរាល់​អស់​ហើយ ដែល​មាន​ជាង ២​ម៉ឺន បី​ពាន់​នាក់ (២៣.១៤៤)  រួម​ទាំង​បេក្ខជន​ពេញ​សិទ្ធិ និង​បម្រុង។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ទទួល​ស្គាល់​ថា កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​មួយ​ដំបង​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត ព្រោះ​មន្ត្រី​អសកម្ម​មួយ​ចំនួន។ ប៉ុន្តែ​លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀន​សូត្រ​ពី​កំហុស​របស់​ខ្លួន និង​រំពឹង​ថា នៅ​តែ​គ្រប់គ្រង​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស​ច្រើន​លើសលប់​ដដែល៖ «»។

ដោយ​ឡែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា គណៈកម្មការ​ប្រតិបត្តិ​ស្រុក​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​ទៅ​គណៈកម្មការ​ឃុំ-​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ជា​បណ្ដើរៗ​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​ទទួល​បាន​របាយការណ៍​រួម​នៅ​ឡើយ​ទេ។ លោក​ថា គណបក្ស​មិន​ទាន់​មាន​ជួប​បញ្ហា​ប្រឈម​អ្វី​នៅ​ឡើយ​ទេ។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចាប់​ផ្ដើម​ទទួល​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​មីនា។  គ.ជ.ប ប្រកាស​ថា បេក្ខជន​ម្នាក់​មិន​អាច​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​នយោបាយ​ពីរ​បាន​ទេ បើ​មិន​ដូច្នេះ​ទេ គ.ជ.ប នឹង​លុប​ឈ្មោះ​បេក្ខជន​នោះ​ចេញ​ពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles