ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅឃុំក្រាំងស្គារ ស្រុកទឹកផុស ឲ្យដឹងនៅថ្ងៃទី៣ ខែមីនា ថា បទល្មើសកាប់ឈើមិនទាន់គ្រប់អាយុទៅដុតធ្យូង និងកាត់ជាកង់ខ្លីៗសម្រាប់ដុត ដែលជាហេតុនាំឲ្យមានវិនាសកម្មព្រៃឈើនោះ បានកើតមានទាំងយប់ទាំងថ្ងៃ និងមានសកម្មភាពដឹកជញ្ជូនគគ្រឹកគគ្រេងជាងរាល់ឆ្នាំ។ ឈើភាគច្រើន កាប់ចេញពីតំបន់ព្រៃភ្នំ និងព្រៃតាមក្បាលស្រែពលរដ្ឋក្នុងទឹកដីស្រុកក្រគរ និងស្រុកទឹកផុស។
សកម្មជនដីធ្លី និងព្រៃឈើនៅឃុំក្រាំងស្គារ លោក ម៉ែន សឺន មានប្រសាសន៍ថា គោយន្ត និងឡានធំៗជាច្រើនគ្រឿង បានដឹកជញ្ជូនឈើ និងធ្យូងចេញពីតំបន់ក្ដុល និងភូមិចំបក់ប្រាសាទ ឆ្លងកាត់តាមផ្លូវក្ដុល ឆ្ពោះទៅទីរួមស្រុកទឹកផុស និងខ្លះដឹកបង្ហួសទៅទីរួមខេត្តតែម្ដង។ លោកស្នើឲ្យរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់ឲ្យមានប្រសិទ្ធភាពចំពោះឈ្មួញរកស៊ីឈើខុសច្បាប់៖ «អនាគតទៅប្រាកដជាកូនចៅយើងគ្មានអុសដុត គ្មានសល់អនុផលព្រៃឈើ ឬក៏គ្មានកន្លែងមើលគោក្របី។ អុសស្ទែសុទ្ធតែកូនត្បែងប៉ុនកំភួនដៃកំភួនជើងអង្កន់ជាម៉ែត្រដឹកយកទៅលក់»។
ចំណែកមេឃុំក្រាំងស្គារ លោក គង់ សំអ៊ីម ទទួលស្គាល់ថា សកម្មភាពដឹកជញ្ជូនឈើ និងធ្យូងពិតជាកើតមានច្រើននៅក្នុងមូលដ្ឋានរបស់លោកមែន ប៉ុន្តែឈើមួយផ្នែកធំត្រូវបានគេកាប់ និងដឹកចេញពីតំបន់ភ្នំ និងព្រៃតាមក្បាលស្រែរបស់ពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ រួចឆ្លងកាត់ឃុំក្រាំងស្គារ។
ក្រោយពីឃើញសកម្មភាពនេះលោកបានរាយការណ៍ទៅជំនាញដែរ តែគេថាមិនហ៊ានបង្ក្រាប៖ «អាអុសស្ទែហ្នឹងដឹកតាមគោយន្តទេ ប៉ុន្តែយើងនិយាយអាតាមផ្លូវមកពីក្ដុលនេះ មានឡានធំៗ វាមានខ្នងធំៗនៅខេត្ត ខាងស្រុក និងឃុំអីអត់មានអ្នកណាពាក់ព័ន្ធទេប្អូន។ មានការកើនឡើងក្នុងរយៈពេលពីរថ្ងៃខ្ញុំនៅក្រាំងស្គារហ្នឹង ឃើញគាត់កាប់អាកូនធ្នង់ប៉ុនៗភ្លៅ ប៉ុនៗបទជង្គង់ដឹកទាំងគោយន្ដៗ ដល់ហើយខ្ញុំសួរមេព្រៃថាម៉េចអាហ្នឹង? ទេ! អត់ហ៊ានធ្វើទេ ហើយប្រជុំលើកមុនថា ឲ្យទៅចាប់ៗនៅស្រុក ហើយខេត្ត ហើយជួនណាអត់ឃើញចាប់ផង ឃើញតែដឹករាល់ថ្ងៃ»។
ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ថា លោកបានបញ្ជាឲ្យជំនាញរដ្ឋបាលព្រៃឈើចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ និងមានវិធានការបង្ក្រាបហើយ៖ «ខាងរដ្ឋបាលព្រៃឈើបានទៅផ្សព្វផ្សាយបាត់ហើយ ពាក់ព័ន្ធកាប់ព្រៃពីណាពីណីមក ក្នុងដែនអភិរក្សខេត្តកំពង់ឆ្នាំង ឬក្នុងដែនអភិរក្សអីគឺហាមដាច់ខាត។ ទីពីរពាក់ព័ន្ធនឹងអុសស្ទែដឹកពីពោធិ៍សាត់ បើពុំមានប្រភពច្បាស់លាស់ យើងនឹងចាប់ហើយ កន្លងមកខ្ញុំចាប់បានពីរឡានរួចហើយ ទៅមុខទៀតនេះខ្ញុំដាក់វិធានការ ដឹកពីក្រាំងស្គារ ក៏ចាប់ បើដឹកទ្រង់ទ្រាយធំ ហើយគ្មានច្បាប់»។
កាលពីចុងខែកុម្ភៈ អាស៊ីសេរី បានចុះដល់តំបន់ក្ដុល និងក្រាំងស្គារ នៃស្រុកទឹកផុស សង្កេតឃើញមានគោយន្ត និងឡានដឹកអុស បង្គោលក្រាក់ និងឈើមូលមុខកាត់ប្រហែល២ ទៅបីតឹកយ៉ាងតិច ៤៦គ្រឿងក្នុងមួយល្ងាច បានដឹកជញ្ជូនបណ្ដាក់គ្នាលើកំណាត់ផ្លូវដែលឆ្លងកាត់ស្រុកក្រគរ និងស្រុកទឹកផុស។ ឈើខ្លះក៏ត្រូវបានដឹកជញ្ជូនតាមឡូរីដែរដែលមានចំណតនៅរាក្ដុល ក្រាំងស្គារ និងរារមាស៕