មន្ត្រីគណបក្សសង្គ្រោះជាតិ នៅឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្នើឲ្យមន្ត្រីរៀបចំការបោះឆ្នោតឃុំ ឬខេត្ត និងអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវរកជនមិនស្គាល់មុខដែលបំផ្លាញខិត្តប័ណ្ណ និងស្លាកសញ្ញាគណបក្សរបស់ខ្លួន។ ការស្នើនេះ ក្រោយពេលខិត្តប័ណ្ណផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ នៅភូមិមួយចំនួនក្នុងឃុំស្រឡៅ ដែលបិទនៅតាមដើមឈើក្បែរផ្លូវ ត្រូវបានជនមិនស្គាល់មុខបកចោល ហើយស្លាកសញ្ញាគណបក្សមួយផ្ទាំង ត្រូវបានគេច្រានឲ្យខុសពីស្ថានភាពដើម។
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅឃុំស្រឡៅ យល់ថា សកម្មភាពបំផ្លាញខិត្តប័ណ្ណ និងច្រានស្លាកសញ្ញាគណបក្សឲ្យខូចទ្រង់ទ្រាយ ព្រមទាំងបញ្ហាផ្សេងទៀតដូចជាការប្រាប់ពលរដ្ឋថា ប្រសិនបោះឆ្នោតជូនគណបក្សផ្សេងក្រៅពីគណបក្សកាន់អំណាច នឹងមានសង្គ្រាម ជាដើម គឺជារូបភាពគំរាមកំហែង និងបំភិតបំភ័យដល់ស្មារតីម្ចាស់ឆ្នោត។
បេក្ខជនឈរឈ្មោះលេខរៀងទី១ ឃុំស្រឡៅ គណបក្សសង្គ្រោះជាតិ លោក ម៉ៅ ឆេងអៀម ឲ្យដឹងថា ខិត្តប័ណ្ណគណបក្សសង្គ្រោះជាតិ រាប់សិបសន្លឹកនៅភូមិចំនួន៤ ក្នុងឃុំមួយនេះ ត្រូវបានជនមិនស្គាល់មុខបកចោល។ ក្រៅពីនេះ នៅយប់ថ្ងៃទី២៣ ឧសភា ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ មួយផ្ទាំង ត្រូវបានជនមិនស្គាល់មុខច្រានឲ្យទ្រេតស្ទើរតែដល់ដី និងមានសកម្មភាពរំខានដល់ការឃោសនារកសំឡេងឆ្នោតមកលើគណបក្សប្រឆាំង ជាដើម៖ «នេះជាទង្វើដែលគំរាមកំហែង ហើយមិនត្រឹមតែធ្វើឲ្យពលរដ្ឋពិបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋានរបស់ខ្លួន»។
ឃុំស្រឡៅ មានគណបក្សដែលដាក់បេក្ខជនប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មានចំនួន ៣គណបក្ស រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិ។
មេឃុំស្រឡៅ មកពីគណបក្សប្រជាជនកម្ពុជា លោក ប៉ុល ឈិន មានប្រសាសន៍នៅថ្ងៃទី២៥ ឧសភា ថា បញ្ហានេះ លោកបានជម្រាបទៅគណៈកម្មការឃុំរៀបចំការបោះឆ្នោតរួចហើយ។ លោកថា សកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ ខ្លះ គឺមិនបានគោរពតាមប្រតិទិនដែលកំណត់ឡើងដោយគណៈកម្មការឃុំរៀបចំការបោះឆ្នោតទេ ហើយខិត្តប័ណ្ណគណបក្សប្រជាជនកម្ពុជា មួយផ្ទាំង ក៏ត្រូវបានគេហែកទម្លាក់ដែរ។
ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ លោក ប្រែង សាវុធ បញ្ជាក់ថា ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ក្នុងរយៈពេលឃោសនាប៉ុន្មានថ្ងៃមកនេះ គឺមានលក្ខណៈល្អប្រសើរ ត្បិតតែមានសកម្មភាពហែក្បួនឃោសនាខ្លះមិនបានគោរពតាមប្រតិទិនក្តី។ ចំពោះការបំផ្លាញខិត្តប័ណ្ណ និងស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅឃុំស្រឡៅ ខាងលោកមិនទាន់ទទួលបានព័ត៌មាន ឬពាក្យបណ្ដឹងជាផ្លូវការទេ៖ «ខ្ញុំបានសង្កត់ធ្ងន់ណាស់ចំពោះការបកខិត្តប័ណ្ណអី។ អាហ្នឹង គឺជាកំហុសរបស់អាជ្ញាធរពីទីកន្លែងការពារសម្រាប់ការបិទផ្សាយហ្នឹង»។
ចំពោះការលើកឡើងថា ប្រសិនបើពលរដ្ឋបោះឆ្នោតឲ្យគណបក្សផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជា នឹងមានសង្គ្រាម លោក ប្រែង សាវុធ បញ្ជាក់ថា គណបក្សប្រឆាំងអាចដាក់ពាក្យប្ដឹងមកគណៈកម្មការខេត្តរៀបចំការបោះឆ្នោតបាន សំខាន់ពួកគេមានភស្តុតាងជាក់ស្តែង។
ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារនយោបាយរបស់ខ្លួនជាសាធារណៈអំពីសង្គ្រាមម្តងជាពីរដង ប្រសិនបើគណបក្សមួយនេះចាញ់ការបោះឆ្នោត ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់មានវិធានការបែបណាទេ។
មន្ត្រីសម្របសម្រួលស្តីទីអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ បញ្ជាក់ថា លោកនឹងចុះស្រាវជ្រាវលើករណីហែកខិត្តប័ណ្ណ និងបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅឃុំស្រឡៅ ព្រោះលោកថាសកម្មភាពទាំងនេះ គឺផ្ទុយទៅនឹងច្បាប់បោះឆ្នោត។ ចំណែកការឃោសនាដោយភ្ជាប់នឹងរឿងសង្គ្រាម ប្រសិនបើគណបក្សខ្លួនចាញ់ការបោះឆ្នោត លោកថាជាការគំរាមកំហែងដល់ម្ចាស់ឆ្នោត។ លោកបារម្ភចំពោះសកម្មភាពគំរាមកំហែងទាំងនេះ ដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវដើរថយក្រោយ៕