Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​ខេត្ត​ស្វាយរៀង​កោះ​ហៅ​តំណាង​សហគមន៍​ដីធ្លី​៤រូប​ករណី​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ

$
0
0

សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ៤​រូប​នៅ​ស្រុក​រមាសហែក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ដោយ​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​មុន និង​ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ករណី​រំលោភ​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ។ ពលរដ្ឋ និង​សង្គម​ស៊ីវិល ចាត់​ទុក​ដីកា​កោះ​នេះ គឺ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង និង​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ។

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល និង​នៅ​ឃុំ​គគីរ ក្នុង​ស្រុក​រមាសហែក ប្រមាណ ៤៤០​គ្រួសារ ជាមួយ​ក្រុមហ៊ុន អិន.ខេ.វី (NKV) ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដាំ​អំពៅ​លើ​ដី​របស់​រដ្ឋ​ទំហំ​ប្រមាណ​ជិត ៧០០​ហិកតារ​នោះ កាន់​តែ​ពើប​ប្រទះ​ស្ថានភាព​តានតឹង បន្ទាប់​ពី​ពុំ​មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ ហើយ​ថែម​ទាំង​តុលាការ​ខេត្ត​ស្វាយរៀង ចេញ​ដីកា​កោះ​ហៅ​តំណាង​ពលរដ្ឋ ៤​រូប​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លោក ឈុន ដាវី បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​ពលរដ្ឋ ៤​រូប ដោយ​ក្នុង​នោះ​មាន​ពីរ​នាក់​ជា​ស្ត្រី ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​ឧសភា ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ។ ចំណែក​តំណាង​ពលរដ្ឋ​ពីរ​នាក់​ទៀត​ជា​បុរស ត្រូវ​បាន​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ក្នុង​នាម​ជា​ជន​សង្ស័យ ក្រោម​បទ​ចោទ​រំលោភ​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ។

តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ធឿន វ៉េង រៀបរាប់​ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ដីកា​កោះ​ហៅ​រូប​លោក​ដូច្នេះ ប៉ុន្តែ​លោក​មិន​ភិតភ័យ​ឡើយ។ លោក​អះអាង​ថា នឹង​ទៅ​ចូល​បំភ្លឺ​តាម​កាលកំណត់​របស់​តុលាការ ដោយ​មិន​រួញរា​ឡើយ ព្រោះ​ដោយសារ​លោក​ពុំ​បាន​រំលោភ​កាន់​កាប់​ដី​របស់​រដ្ឋ​ដូច​ការ​ចោទ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា​ដី​នោះ​គឺ​គ្រួសារ​របស់​លោក និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​បាន​កាន់​កាប់​អាស្រ័យ​ផល​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨០ មក ប៉ុន្តែ​ដី​នោះ​ត្រូវ​បាន​គេ​ដណ្ដើម​ពី​អ្នក​ភូមិ​ទៅ​វិញ«ខ្ញុំ​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ដោយសារ​គាត់​ជា​អ្នក​ចេះ​ច្បាប់ ហើយ​ខ្ញុំ​ធ្វើ​ទៅ​តាម​ច្បាប់ អត់​ធ្វើ​ខុស​ច្បាប់​ទេ»

ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នេះ គឺ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ​ស្ថិត​នៅ​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក បាន​ចេញ​តវ៉ា​ដើម្បី​ទាមទារ​សុំ​ដំណោះស្រាយ​ដីធ្លី​ជា​បន្តបន្ទាប់​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម រួម​មាន​នៅ​សាលា​ឃុំ សាលា​ស្រុក និង​បាន​ឡើង​មក​តវ៉ា​ដើរ​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​ដែនដី ក្រសួង​កសិកម្ម និង​សភា​ជាតិ ជាដើម។

ជុំវិញ​ទំនាស់​ដីធ្លី​នេះ អាជ្ញាធរ​ខេត្ត​សន្យា​នឹង​ចុះ​ដោះស្រាយ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់។

អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​អំពី​រឿង​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ​ឡើយ ហើយ​ក៏​មិន​ដឹង​ថា អ្នក​ណា​ជា​ដើម​បណ្ដឹង​ដែរ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នៅ​មាន​វិធានការ​ដោះស្រាយ​សម្របសម្រួល​រឿង​ដីធ្លី​នេះ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដដែល«ខាង​គណៈកម្មការ​សម្របសម្រួល​ដីធ្លី​ថ្នាក់​ខេត្ត នៅ​តែ​បន្ត​នីតិវិធី ហើយ​ឥឡូវ​នេះ ខ្ញុំ​កំពុង​តែ​ធ្វើ​លិខិត​អញ្ជើញ​ក្រុម​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ការ​តវ៉ា មក​ប្រជុំ​ថ្ងៃ​ទី​៧ ក្រោយ​ការ​បោះឆ្នោត​ហើយ»

អ្នក​ភូមិ​រៀបរាប់​ថា ដី​នោះ​ពួក​គាត់​ធ្លាប់​ដាំដុះ​អាស្រ័យ​ផល​ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៤ ក្រោយ​មក អាជ្ញាធរ​យក​ដី​នោះ​ទៅ​រក្សា​ទុក​ក្រោម​ហេតុផល​ថា ជា​សម្បត្តិ​របស់​រដ្ឋ។ ក្រោយ​មក​ទៀត អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​កាន់​កាប់​លើ​ដី​នោះ​វិញ​ជា​បន្តបន្ទាប់។ លុះ​ដល់​ចុង​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​សម្បទាន​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន អិន.ខេ.វី របស់​ឥណ្ឌា ក្នុង​រូបភាព​ដាំ​អំពៅ ប៉ុន្តែ​ក្រោយ​មក ពលរដ្ឋ​ឮ​ដំណឹង​ថា ម្ចាស់​ក្រុមហ៊ុន​នោះ​បាន​ក្ស័យ​ធន​បាត់​ខ្លួន​មួយ​រយៈ ហើយ​ទើប​តែ​ឃើញ​មាន​សកម្មភាព​ឈូស​ឆាយ​ដី​នោះ​ឡើង​វិញ​ក្នុង​ពេល​ថ្មីៗ​នេះ។ អ្នក​ភូមិ​កំពុង​ជ្រួលច្របល់​ជា​ថ្មី ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ដី​សម្បទាន​នោះ​មក​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត​វិញ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា ការ​ចេញ​ដីកា​កោះ​ហៅ​តំណាង​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​រូបភាព​នៃ​ការ​គំរាម​កំហែង ដើម្បី​បន្ទច់បង្អាក់​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ និង​ហាក់​ដូចជា​ការ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ«ការ​យក​យន្តការ​ផ្លូវ​ច្បាប់​មក​ចោទ​ប្រកាន់​លើ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​រង​ផល​ប៉ះពាល់​ដោយសារ​ដីធ្លី ហើយ​ពួក​គាត់​សុទ្ធសឹងតែ​ជា​កសិករ​ដែល​ត្រូវការ​ដីធ្លី​សម្រាប់​ចិញ្ចឹម​ជីវិត​នោះ វា​ផ្តល់​នូវ​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់»

ផ្ទៃដី​ជិត ៧០០​ហិកតារ ដែល​កំពុង​ចម្រូងចម្រាស​នោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ គឺ​ភូមិ​រមាសហែក ភូមិ​ស្រែឫស្សី ភូមិ​អំពិល ភូមិ​ស្រែពពេល ភូមិ​កំពង់ត្របែក ស្ថិត​ក្នុង​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ ប្រជាពលរដ្ឋ​ព្រមាន​ថា នៅ​ថ្ងៃ​ដែល​តំណាង​របស់​ពួក​គេ​ចូល​ទៅ​បំភ្លឺ​នោះ ពួក​គាត់​នឹង​លើក​គ្នា​ទៅ​តវ៉ា​គាំទ្រ​នៅ​ខាង​មុខ​តុលាការ ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះស្រាយ​ទំនាស់​ជូន​ពួក​គាត់​ដោយ​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles