គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យបញ្ឈប់ការស្ទង់មតិលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាបន្ទាន់ ដើម្បីជៀសវាងការភាន់ច្រឡំលើដំណើរការរៀបចំការបោះឆ្នោត។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះ គ.ជ.ប ពិនិត្យឃើញថា មានព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក មួយចំនួនបានស្ទង់មតិលើគណបក្សនយោបាយមួយចំនួន ហើយ គ.ជ.ប យល់ថា ការធ្វើបែបនេះ អាចធ្វើឲ្យមហាជនយល់ច្រឡំអំពីលទ្ធផលនៃការស្ទង់មតិ។ បន្ថែមពីនេះ គ.ជ.ប ក៏ព្រមាននឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនបើនៅតែបន្តធ្វើសកម្មភាពស្ទង់មតិតាមហ្វេសប៊ុក។
ក្នុងសេចក្ដីអំពាវនាវ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បញ្ជាក់ថា តាមច្បាប់បោះឆ្នោត និងបទបញ្ជា ព្រមទាំងនីតិវិធី ការស្ទង់មតិត្រូវគោរពតាមគោលការណ៍មួយចំនួនរួមមាន៖ រៀបចំដោយអង្គការ ឬស្ថាប័នមានវិជ្ជាជីវៈ ត្រូវមានតម្លាភាព និងភាពមិនលម្អៀង គោរពសិទ្ធិ សេរីភាពបុគ្គល រក្សាការសម្ងាត់នៃអ្នកបោះឆ្នោត មិនបង្កអសន្ដិសុខ ភាពចលាចល ឬការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬការធ្វើឲ្យភាន់ច្រឡំក្នុងដំណើរការបោះឆ្នោត៕