Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ឃ្លាំ​មើល​ជំរុញ​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​មេ​ឃុំ​មាន​សមត្ថភាព មិន​មែន​ជ្រើសរើស​បក្ស

$
0
0

ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ គឺ​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើសរើស​មេ​ដឹកនាំ​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​រយៈពេល ៥​ឆ្នាំ​ម្ដង។ ការ​ជ្រើសរើស​មេ​ឃុំ-សង្កាត់​ជា​រឿង​សំខាន់​ណាស់ ក្នុង​ការ​ធានា​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន ដើម្បី​បម្រើ​សេវា​ល្អ​ជូន​ពលរដ្ឋ​វិញ ក្រោយ​ពី​ខ្លួន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត ឬ​ជ្រើសរើស​ឲ្យ​ដឹកនាំ​ឃុំ-សង្កាត់។

គណបក្ស​នយោបាយ​ទាំង​១២ កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​តាម​មូលដ្ឋាន​ដែល​ខ្លួន​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​យ៉ាង​ស្វិតស្វាញ ដើម្បី​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​ល្អៗ​របស់​ខ្លួន​បង្ហាញ​ទៅ​កាន់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។

ភាព​អ៊ូអរ និង​ការ​ឃោសនា​យ៉ាង​សស្រាក់សស្រាំ​របស់​គណបក្ស​នយោបាយ​នៅ​អំឡុង​ពេល​ថ្ងៃ​បោះឆ្នោត​ជិត​មក​ដល់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​វិលវល់​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​ពួក​គាត់​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា? រីឯ​ពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​យល់​ដឹង​ច្បាស់​អំពី​គោល​នយោបាយ​គណបក្ស​ទាំងអស់ ហើយ​បាន​ត្រៀម​ខ្លួន​បោះឆ្នោត​ជូន​គណបក្ស​ដែល​ខ្លួន​ស្រឡាញ់​នៅ​ថ្ងៃ​បោះឆ្នោត​មក​ដល់។

ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ ពីព្រោះ​ថា​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ត្រូវ ឬ​បោះឆ្នោត​រើស​បាន​មេ​ឃុំ ឬ​ចៅ​សង្កាត់​ល្អ គឺ​មេ​ឃុំ​ចៅ​សង្កាត់​នោះ នឹង​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​វិញ​ស្រប​តាម​ច្បាប់​បោះឆ្នោត និង​រដ្ឋធម្មនុញ្ញ​ដែល​មាន​ស្រាប់។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​នោះ គឺ​ជា​រឿង​សំខាន់​ណាស់។ លោក​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ឃុំ-សង្កាត់​នេះ មិន​ត្រូវ​មើល​ពី​គណបក្ស​នយោបាយ​ទេ សំខាន់​ត្រូវ​មើល​ពី​បុគ្គល​ដែល​ឈរ​ឈ្មោះ​នោះ ថា​តើ​គេ​ពិត​ជា​មនុស្ស​ល្អ និង​មាន​សមត្ថភាព​អាច​ដឹកនាំ​ឃុំ-សង្កាត់​តាម​ឆន្ទៈ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ដែរ​ឬ​យ៉ាង​ណា?«បើ​សិន​ជា​ពលរដ្ឋ​ស្រឡាញ់​គណបក្ស ទោះ​បី​ជា​បេក្ខជន​នោះ​មិន​ល្អ គឺ​ចិត្ត​មិន​ដាច់ តែ​ចំពោះ​ខ្ញុំ​វិញ ឧទាហរណ៍​បើ​សិន​ជា​បេក្ខជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ល្អ គឺ​ខ្ញុំ​បោះឆ្នោត​ជូន តែ​បើ​សិន​ជា​បេក្ខជន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ល្អ គឺ​ត្រូវ​បោះឆ្នោត​ជូន​គាត់។ ដូច្នេះ​ការ​បោះឆ្នោត​មិន​ត្រូវ​មើល​គណបក្ស​ទេ ត្រូវ​មើល​ពី​បុគ្គល​ដែល​ល្អ»

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា កាលណា​ប្រជាពលរដ្ឋ​ចេះ​ជ្រើសរើស​មនុស្ស​មាន​សមត្ថភាព​នោះ គឺ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​នឹង​ប្រកួត​ប្រជែង​ក្នុង​ការ​រើស​បេក្ខជន​ដាក់​ឲ្យ​ឈរ​ឈ្មោះ​នៅ​ក្នុង​ឃុំ-សង្កាត់​នីមួយៗ«ប៉ុន្តែ​បើ​សិន​ជា​យើង​គិត​តែ​ពី​ស្រឡាញ់​បក្ស​ផ្កាប់​មុខ​នោះ អា​ហ្នឹង​គឺ​ជួយ​អត់​បាន​ទេ ក្រុម​ប្រឹក្សា​ឃុំ​នោះ»

មាត្រា​២ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចែង​ថា ឃុំ-សង្កាត់​នីមួយៗ ត្រូវ​មាន​ក្រុម​ប្រឹក្សា​មួយ​ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​នៃ​ឃុំ-សង្កាត់​របស់​ខ្លួន តាម​រយៈ​ការ​បោះឆ្នោត​ជាទូទៅ ជា​សកល ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ចំពោះ ដោយ​សម្ងាត់ ស្រប​តាម​នីតិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ។

កម្ពុជា បាន​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​តាំង​ពី​ឆ្នាំ​២០០២ មក គឺ​មាន​ចំនួន ៣​អាណត្តិ​មក​ហើយ។ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ជា​ការ​ផ្ទេរ​អំណាច​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ឬ​ហៅ​ថា​វិមជ្ឈការ។ ការ​អនុវត្ត​វិមជ្ឈការ បាន​រួម​ចំណែក​ទៅ​រក​គោលដៅ​ដ៏​ធំ​ទូលាយ​នៃ​របៀបវារៈ​កំណែ​ទម្រង់ ដើម្បី​ជំរុញ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូលដ្ឋាន។

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មាន​តួនាទី​ជា​ភ្នាក់ងារ និង​បាន​ចូលរួម​ក្នុង​ការ​ផ្ដល់​សេវា​សង្គម ដូចជា​ធ្វើ​សំបុត្រ​កំណើត ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះ​បញ្ជី​ដីធ្លី ការ​ថែ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ការ​ដោះស្រាយ​ជម្លោះ ការ​គ្រប់គ្រង​ទីផ្សារ និង​កាក​សំណល់ ការ​អប់រំ សុខភាព កសិកម្ម តាម​រយៈ​ការ​ផ្ដួចផ្ដើម​របស់​ក្រុម​ប្រឹក្សា ជាពិសេស​មេ​ឃុំ ដើម្បី​ឆ្លើយតប​ទៅ​តាម​តម្រូវការ​របស់​ពលរដ្ឋ​មូលដ្ឋាន។

របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១២ ការ​បោះឆ្នោត​បី​អាណត្តិ​កន្លង​ទៅ គឺ​ក្នុង​ឆ្នាំ​២០០២ ឆ្នាំ​២០០៧ និង​ឆ្នាំ​២០១២ បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​គណបក្ស​នយោបាយ​ពហុបក្ស​នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​នៅ​កម្ពុជា។ ការ​រៀបចំ​នេះ​មាន​ន័យ​ថា រូបភាព​នយោបាយ​នៅ​មូលដ្ឋាន​នៅ​កម្ពុជា មិន​មែន​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ​ដូច​ពី​មុន​នោះ​ទេ។ តែ​របាយការណ៍​នេះ​រក​ឃើញ​ថា គំនិត​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ដើរ​តាម​របត់​ឋានានុក្រម​រដ្ឋបាល​ចាស់។

ឥរិយាបថ និង​ទម្លាប់​ចាស់ៗ​ក្នុង​ការ​គ្រប់គ្រង នៅ​តែ​បន្ត​ការ​សម្រេច​ចិត្ត​ទៅ​តាម​ក្រុម បក្សពួក និង​បុគ្គល ជាជាង​ការ​ធ្វើ​សម្រេច​ចិត្ត​ដោយ​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​ការ​យល់​ដឹង​ទាក់ទង​នឹង​តួនាទី និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​នៅ​មាន​កម្រិត​នៅ​ឡើយ។

ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ភាគច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ភាព​ឯករាជ្យ​របស់​ខ្លួន ដោយសារ​តែ​បេក្ខភាព​របស់​ពួក​គាត់​នីមួយៗ​ចេញ​ពី​គណបក្ស។ ក្រុម​ប្រឹក្សា​មួយ​ចំនួន ករណី​ខ្លះ​មិន​ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ឈរ​នៅ​លើ​គោលការណ៍​ច្បាប់​នោះ​ទេ ដោយសារ​ខ្លាច​មេ​បក្ស​របស់​ខ្លួន​ដក​តួនាទី ទោះ​បី​ជា​ក្នុង​ច្បាប់​បាន​កំណត់​អំពី​តំណែង និង​តួនាទី និង​អនុវត្ត​តាម​បែប​វិមជ្ឈការ​ក្ដី។ ឧទាហរណ៍​ដូចជា​ករណី​ជម្លោះ​ដីធ្លី គេ​កម្រ​ឃើញ​មេ​ឃុំ ឬ​ចៅ​សង្កាត់​មក​ឈរ​នៅ​ខាង​ប្រជាពលរដ្ឋ ឬ​ឈរ​នៅ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ណាស់។

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​អង្គការ​និកហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ឲ្យ​បាន​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​ឃុំ-សង្កាត់ ជា​រឿង​សំខាន់​ណាស់ ព្រោះ​ថា​អភិបាលកិច្ច​ល្អ ឬ​ការ​គ្រប់គ្រង​មាន​តម្លាភាព រៀបចំ​ភូមិ​ឃុំ​មាន​សុវត្ថិភាព មាន​ការ​អភិវឌ្ឍ គ្មាន​ការ​រើសអើង​គណបក្ស​នយោបាយ​នៅ​ពេល​ខ្លួន​ជាប់​ឆ្នោត ពិសេស​ទៅ​ទៀត​នោះ មេ​ឃុំ​ត្រូវ​បំពេញ​ភារកិច្ច​ជា​មេ​ឃុំ​យក​ច្បាប់​ជា​ធំ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ«ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឃុំ រដ្ឋធម្មនុញ្ញ គឺ​ត្រូវ​យក​មក​អនុវត្ត​ទាំងអស់​ច្បាប់​ដែល​មាន​ជា​ធរមាន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។ បោះឆ្នោត​ឃុំ​នេះ គឺ​ឃុំ​របស់​ប្រជាពលរដ្ឋ ធ្វើ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ និង​សម្រាប់​ប្រជាពលរដ្ឋ»

ការ​បោះឆ្នោត​ឃុំ-សង្កាត់​មាន​ដើម​កំណើត​មក​ពី​កម្មវិធី​សិលា ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​១៩៩៦។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ដំបូង​មាន​លក្ខណៈ​ជា​ក្របខ័ណ្ឌ ដើម្បី​កៀរគរ​ធនធាន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ពី​បណ្ដា​ដៃគូ​អភិវឌ្ឍន៍ និង​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្រប​តាម​តម្រូវការ​នៅ​តាម​មូលដ្ឋាន ក្នុង​គោលដៅ​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​មូលនិធិ​អភិវឌ្ឍន៍​ទុន​សហប្រជាជាតិ (UNCDF) មូលនិធិ​អភិវឌ្ឍន៍​មូលដ្ឋាន (LDF) ត្រូវ​បាន​លើក​ឡើង​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ដល់​ឃុំ-សង្កាត់ ដែល​ជា​គោលដៅ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០០។

កម្មវិធី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​សាកល្បង​ក្នុង​ការ​ធ្វើ​ផែនការ​វិមជ្ឈការ និង​សហវិមជ្ឈការ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​បង្កើត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០០១ និង​បាន​បង្កើត​ឲ្យ​មាន​មូលនិធិ​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០០២ ដែល​ជា​ឆ្នាំ​រៀបចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជា​លើក​ដំបូង។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​២ នៅ​ឆ្នាំ​២០០៧ និង​លើក​ទី​បី​នៅ​ឆ្នាំ​២០១២។

ដោយឡែក​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដែល​មាន​គណបក្ស​នយោបាយ​ចំនួន ១២ ចូលរួម​ប្រកួត​ប្រជែង ប៉ុន្តែ​គណបក្ស​ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ឃុំ-សង្កាត់​ចំនួន ១.៦៤៦ នៅ​ទូទាំង​ប្រទេស​នោះ មាន​តែ​ពីរ​ទេ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles