គណបក្សភាគច្រើនដែលចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នេះ អះអាងស្រដៀងគ្នាថា ពួកគេខ្វះខាតថវិកាដើម្បីជួល ឬទិញម៉ោងផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយឯកជន។ ការលើកឡើងនេះ ស្របពេលគណបក្សនយោបាយទាំងអស់កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតាមបណ្ដាខេត្ត រាជធានី ទូទាំងប្រទេស។ អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយមើលឃើញថា គណបក្សកាន់អំណាចមានប្រៀបជាងគណបក្សដទៃ ទាក់ទងនឹងការឃោសនាតាមមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ ដែលនេះអាចប៉ះពាល់ដល់ការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត។
កង្វះលទ្ធភាពជួល ឬទិញម៉ោងរបស់ប្រព័ន្ធផ្សព្វផ្សាយឯកជន ដូចជា វិទ្យុ និងទូរទស្សន៍ គឺជាបញ្ហាដ៏ធំមួយរបស់គណបក្សភាគច្រើន ដែលចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោត។ គណបក្សទាំងនោះអះអាងថា ធនធានហិរញ្ញវត្ថុនៅមានកម្រិត ធ្វើឱ្យពួកគេមិនអាចជួលម៉ោងប្រព័ន្ធផ្សព្វផ្សាយដើម្បីឃោសនាអំពីគោលនយោបាយរបស់ខ្លួនបាន។
គណបក្សចំនួន៤ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ មិនបានឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយនោះទេ ដោយសារមិនមានថវិកាជួល ឬទិញម៉ោងផ្សាយរបស់ស្ថានីយផ្សព្វផ្សាយឯកជន។
មធ្យោបាយឃោសនារបស់គណបក្សទាំងនោះ គឺការចុះជួបពលរដ្ឋតាមមូលដ្ឋាន ការចែកចាយខិត្តប័ណ្ណគោលនយោបាយ ការចាក់ភ្លេង ឬចម្រៀងក្នុងក្បួនឃោសនាដង្ហែតាមទីសាធារណៈ និងការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាដើម។
ចំណែកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ វិញ ពឹងផ្អែកទាំងស្រុងលើវិទ្យុសំបុកឃ្មុំ និងស្ថានីយផ្សាយបន្តមួយទៀតនៅខេត្តកំពង់ឆ្នាំង ក្រៅពីនេះ មិនមានជួលម៉ោងផ្សាយបន្ថែមពីស្ថានីយណាទៀតទេ។ គណបក្សនេះក៏ដូចគណបក្សផ្សេងទៀត ដូចបានរៀបរាប់ដែរ គឺខ្វះលទ្ធភាពជួលម៉ោងផ្សាយ ហើយសុខចិត្តទុកថវិកាដែលមានគ្រាន់បោះពុម្ពខិត្តប័ណ្ណ និងអាវយឺត ព្រមទាំងចុះឃោសនាផ្ទាល់ដល់មូលដ្ឋាន។
អាស៊ីសេរី បានព្យាយាមទាក់ទងប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង ជាច្រើនលើក ដើម្បីសាកសួរអំពីរឿងនេះ ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
ចំណែកគណបក្សចំនួន ៥ទៀត គឺគណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សអំណាចខ្មែរ បានជួលម៉ោងស្ថានីយវិទ្យុមួយចំនួនដើម្បីឃោសនាអំពីគោលនយោបាយរបស់ខ្លួន ក៏ប៉ុន្តែគណបក្សទាំងនេះមិនមែនទើបនឹងជួលពេលយុទ្ធនាការឃោសនានេះទេ ពោលគឺពួកគេបានជួលម៉ោងផ្សាយទាំងនោះជាយូរមកហើយ ដើម្បីផ្សាយពីសកម្មភាពគណបក្សរបស់ពួកគេ។
ក្នុងចំណោម ១០ គណបក្សដូចបានរៀបរាប់នេះ មានតែគណបក្សសង្គ្រោះជាតិ មួយប៉ុណ្ណោះ ដែលអះអាងថា គណបក្សមិនខ្វះថវិកាឡើយ តែបញ្ហានៅត្រង់ថា មិនមានស្ថានីយវិទ្យុ ឬទូរទស្សន៍ណាប្រកាសលក់ម៉ោងផ្សាយតាមការណែនាំរបស់ គ.ជ.ប.។ នេះបើតាមការបញ្ជាក់របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ៖ «គ.ជ.ប ណែនាំឱ្យមានការប្រកាស ប៉ុន្តែអត់មានការប្រកាសទេ មានន័យថា គេមិនលក់ អ៊ីចឹងយើងក៏មិនបាច់ចំណាយពេលឥតប្រយោជន៍ទៅទាក់ទងស្ថានីយដែរ តែបើមានវិទ្យុ និងទូរទស្សន៍ណាប្រកាសលក់ យើងនឹងទាក់ទងទិញ»។
កាលពីពេលកន្លងទៅ គ.ជ.ប បានស្នើឱ្យឲ្យប្រព័ន្ធផ្សព្វផ្សាយរួមមានទូរទស្សន៍ និងវិទ្យុ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយអំឡុងពេលឃោសនាបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណៈអំពីចំនួនម៉ោងមានសម្រាប់លក់ ឬជួលក្នុងរយៈពេល ១ថ្ងៃ ឬ ១៤ថ្ងៃ នៃការឃោសនាបោះឆ្នោត។ ការលក់ ឬជួលនេះ មានរយៈពេលពីរសប្ដាហ៍ គឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ពោលគឺរយៈពេល ២សប្ដាហ៍នៃយុទ្ធនាការឃោសនាបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា មកទល់នឹងពេលនេះ គ.ជ.ប មិនទាន់ឃើញមានការប្រកាសម៉ោងផ្សាយរបស់ស្ថានីយផ្សព្វផ្សាយឯកជននៅឡើយទេ។
លោកបញ្ជាក់ទៀតថា គ.ជ.ប មិនមានលទ្ធភាពជួយគណបក្សនយោបាយរឿងបញ្ហាហិរញ្ញវត្ថុនោះទេ ក៏ប៉ុន្តែបើសិនជាមានច្បាប់ស្ដីពីហិរញ្ញវត្ថុឃោសនា នោះនឹងអាចជាលទ្ធភាពមួយដែរនៅថ្ងៃមុខ៖ «មិនទាន់ឃើញមានការផ្សាយចេញរបស់វិទ្យុ និងទូរទស្សន៍ ពាក់ព័ន្ធនឹងម៉ោងផ្សាយទេ ប៉ុន្តែជាព័ត៌មានឃើញមានការផ្សាយជារបៀបព័ត៌មាន ដែលនេះមិនស្ថិតក្រោមការតាមឃ្លាំមើលរបស់ គ.ជ.ប ទេ»។
កាលពីឆ្នាំ២០១៥ កន្លងទៅ អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) សហការជាមួយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានស្រាវជ្រាវ និងរកឃើញថា ម្ចាស់កម្មសិទ្ធិនៃប្រព័ន្ធផ្សព្វផ្សាយភាគច្រើននៅកម្ពុជា គឺជាឧកញ៉ា ឬជាអ្នកមានឥទ្ធិពលដែលជិតស្និទ្ធនឹងគណបក្សកាន់អំណាច។
អ្នកជំនាញវាយតម្លៃថា នេះមិនមែនជារឿងល្អឡើយ ហើយវានឹងធ្វើឱ្យវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្ថិតក្នុងសភាពគ្រោះថ្នាក់ និងប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយធ្ងន់ធ្ងរជាងនេះទៀត ក្នុងបរិបទនៃការបោះឆ្នោត វានឹងបង្កើតឱ្យមានភាពមិនស្មើគ្នា និងអយុត្តិធម៌ក្នុងការប្រកួតប្រជែងវាងគណបក្សនយោបាយនីមួយៗ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង បញ្ជាក់ថា ការផ្ញើសារគឺជារឿងសំខាន់បំផុតរបស់គណបក្សនីមួយៗក្នុងការឃោសនារកសំឡេងឆ្នោត ហើយប្រព័ន្ធផ្សព្វផ្សាយ គឺជាមធ្យោបាយដ៏មានឥទ្ធិពលក្នុងការផ្ញើសារទាំងនោះទៅម្ចាស់ឆ្នោតដូចនេះមានន័យថា បើគណបក្សណាគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយច្រើន គណបក្សនោះនឹងមានប្រៀបជាងគណបក្សដទៃទៀត។ ក្នុងបរិបទនេះ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានប្រៀបជាងគេក្នុងការប្រកួតប្រជែង។
លោក ប៉ា ងួនទៀត៖ «សារ (នយោបាយ) នោះ ទាក់ទាញទឹកចិត្តអ្នកគាំទ្រ ឬអត់ជារឿងមួយផ្សេងទៀត ប៉ុន្តែមធ្យោបាយនៃការផ្ញើសារគណបក្សណាដែលទទួលបានការគាំទ្រពីប្រព័ន្ធផ្សព្វផ្សាយច្រើន គឺគណបក្សហ្នឹងមានប្រៀបហើយ។ បើសិនជា គ.ជ.ប បានបំពេញតួនាទីល្អក្នុងការផ្ដល់ម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយឱ្យគណបក្សនយោបាយ អាហ្នឹងវាផ្ដល់លទ្ធផលឱ្យការប្រកួតហ្នឹងកាន់តែមានសក្ដានុពល មានន័យថា គណបក្សនយោបាយមានលទ្ធភាពច្រើនក្នុងការផ្ញើសារទៅដល់ប្រជាពលរដ្ឋ ដូច្នេះវាធ្វើឱ្យការសម្រេចចិត្តរបស់អ្នកបោះឆ្នោតបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា គណបក្សមិនមានប្រព័ន្ធផ្សព្វផ្សាយ ដូចជាវិទ្យុ ទូរទស្សន៍ ឬកាសែត ដោយខ្លួនឯងនោះទេ ក៏ប៉ុន្តែម្ចាស់ស្ថានីយទាំងនោះ គឺជាសមាជិក និងសមាជិកាគណបក្សនេះ ដូច្នេះរាល់ការផ្សព្វផ្សាយទាំងឡាយ គឺជាសមានចិត្តរបស់ពួកគេមិនមានការបង្ខិតបង្ខំអ្វីឡើយ ហើយក្នុងការឃោសនាបោះឆ្នោតនេះ គណបក្សមិនបានជួល ឬទិញម៉ោងផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយណាឡើយ៖ «យើងមិនបានផ្តល់កម្មវិធីនយោបាយឱ្យគេជួយផ្សាយទេ។ គេផ្សាយពីសកម្មភាពនៃជីវភាពសង្គមប្រចាំថ្ងៃ ដូចជាការបើកការដ្ឋានសម្ពោធផ្លូវថ្នល់ និងសមិទ្ធផលនានា មិនអាចចាត់ទុកថា ជាការឃោសនានយោបាយបានទេ»។
ផ្ទុយពីការអះអាងនេះ អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ លោក ប៉ា ងួនទៀង មើលឃើញថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយឯកជនមិនបានផ្សាយពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដោយផ្ទាល់ក្តី ក៏ប៉ុន្តែពួកគេបានផ្សព្វផ្សាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាការឃោសនាដោយប្រយោល៖ «ទីមួយ គឺជាការឃោសនាដោយប្រយោល។ ទីពីរ វាអត់យុត្តិធម៌ចំពោះគណបក្សដទៃ។ ឧទាហរណ៍ រឿងដែលខ្ញុំថាមានសម្ពាធ ឬអត់លើប្រព័ន្ធផ្សព្វផ្សាយនោះ គឺការផ្ដល់អាជ្ញាប័ណ្ណ។ ដោយសារតែគាត់កាន់អំណាច គាត់ផ្ដល់អាជ្ញាប័ណ្ណឱ្យអ្នកណា គាត់ដកពីអ្នកណាវិញក៏បាន។ ដូច្នេះហើយបានជាអ្នកហ្នឹង ត្រូវតែរងឥទ្ធិពលគាត់ តិច ឬច្រើន ចង់ ឬមិនចង់ ត្រូវតែរងឥទ្ធិពល។ បើសិនជាផ្ដល់អាជ្ញាប័ណ្ណដោយមានច្បាប់ មានលក្ខណៈត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព អ៊ីចឹងមានន័យថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ បើឯករាជ្យ គេមានសេរីភាពក្នុងការរើសគណបក្សហើយ»។
អ្នកជំនាញជំរុញឱ្យគណបក្សនយោបាយដទៃ ខិតខំបង្កើតប្រព័ន្ធផ្សព្វផ្សាយ ឬស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មានដោយខ្លួនឯងបន្ថែមទៀត ក្រៅពីពឹងលើការផ្សាយតាមទូរទស្សន៍រដ្ឋដែលផ្ដល់ឱ្យដោយ គ.ជ.ប ចំនួន ៧នាទីកន្លះ និងការផ្ដល់ឱ្យដោយស្ថាប័នព័ត៌មានឯករាជ្យមួយចំនួននោះ។
ប្រព័ន្ធផ្សព្វផ្សាយជាផ្នែកមួយជួយឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ជាស្តង់ដារអន្តរជាតិមួយអំពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ គឺថា អ្នកសារព័ត៌មានត្រូវតែទទួលបានការអនុញ្ញាតឱ្យរាយការណ៍ដោយសេរី និងដោយបើកចំហគ្រប់ទិដ្ឋភាពទាំងអស់នៃការបោះឆ្នោត ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវតែមានយុត្តិធម៌ និងធ្វើការផ្សព្វផ្សាយគ្រប់បេក្ខជន និងក្រុមនយោបាយទាំងអស់ដោយគ្មានការរើសអើង៕