Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ម្ចាស់​បណ្ដឹង​នៅ​ឃុំ​ប៉ាតេ​យល់ព្រម​បញ្ចប់​ការ​ប្ដឹង​ផ្ដល់​អ្នក​កាសែត​ពីរ​រូប

$
0
0

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ពីរ​នាក់ និង​មន្ត្រី​ឃុំ​ម្នាក់ ដែល​ប្ដឹង​ចោទ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​នាក់ ថា​រំលោភ​សិទ្ធិ​រក្សា​ការ​សម្ងាត់​នៃ​អ្នក​បោះឆ្នោត។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា បើក​ការ​សម្របសម្រួល​បណ្ដឹង​ពលរដ្ឋ និង​មន្ត្រី​ឃុំ​ប៉ាតេ ដែល​បាន​ប្ដឹង​អ្នក​កាសែត​ពីរ​នាក់​ពី​បទ​រំលោភ​សិទ្ធិ​រក្សា​ការ​សម្ងាត់​អ្នក​បោះឆ្នោត ក៏ប៉ុន្តែ​មិន​មាន​វត្តមាន​អ្នក​កាសែត​ចូលរួម។

ការ​សម្របសម្រួល​នេះ ធ្វើ​ឡើង​នៅ​ការិយាល័យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ប៉ាតេ បន្ទាប់​ពី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ទាំង​បី​នាក់ ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ប៉ាតេ លោក ស្រូយ ឃន បញ្ជាក់​ថា លទ្ធផល​ការ​សម្របសម្រួល គឺ​ម្ចាស់​បណ្ដឹង​យល់ព្រម​បញ្ចប់​ការ​ប្ដឹង ដោយសារ​តែ​មិន​មាន​ភាគី​ចុង​ចោទ​ចូលរួម។ លោក​បន្ត​ថា នីតិវិធី​នៃ​ការ​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ត្រូវ​ហៅ​ភាគី​ជម្លោះ​មក​សម្របសម្រួល បើ​ភាគី​ណា​មិន​យល់ព្រម ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​សម្របសម្រួល​នៅ​ថ្នាក់​ឃុំ-សង្កាត់៖ «គេ​យល់ព្រម​ថា​សុំ​បញ្ចប់​ត្រឹម​ហ្នឹង​ហើយ គេ​ថា​បើ​សិន​អ្នក​ហ្នឹង​មក​ថ្ងៃ​ក្រោយ​អ៊ីចឹង​ទៀត គេ​នឹង​ចាត់​វិធានការ​តាម​ច្បាប់»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី លោក អូន ភាព និង​លោក ភីតធ័រ ស៊ុមបឺរ (Pitter Zsomber) សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ក៏ប៉ុន្តែ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ដើម​ចោទ លោក អូន ភាព បាន​បដិសេធ​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា មិន​បាន​សួរ​សំណួរ​ប៉ះពាល់​សិទ្ធិ​អ្នក​ភូមិ​ឡើយ។

ដើម​ចោទ​មួយ​រូប គឺ​លោក រចំ យេក បញ្ជាក់​ថា ពួក​គាត់​បាន​ឯកភាព​គ្នា​បញ្ឈប់​ការ​ប្ដឹង ដោយសារ​មិន​មាន​ភាគី​ចុង​ចោទ​ចូលរួម ប៉ុន្តែ​ពួក​គាត់​សំណូមពរ​កុំ​ឲ្យ​អ្នក​យក​ព័ត៌មាន​ធ្វើ​សកម្មភាព​ណា​ដែល​ប៉ះពាល់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ៖ «ជិត​ពេល​បោះឆ្នោត បើ​យើង​នៅ​ប្តឹងផ្តល់​បន្ត​គ្នា​ទៀត ពិបាក​ដែរ អ៊ីចឹង​ខាត​សន្លឹក​ឆ្នោត»

អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា អះអាង​ថា សមត្ថកិច្ច​ប៉ូលិស​បាន​ណែនាំ​ឲ្យ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​នាក់ ចាកចេញ​ពី​ភូមិ ខណៈ​ដែល​អ្នក​ភូមិ​គងយុ និង​មន្ត្រី​ឃុំ​ប៉ាតេ បាន​ដាក់​ពាក្យ​ប្ដឹង​ថា អ្នក​កាសែត​បាន​សួរ​សំណួរ​រួម​មាន បោះឆ្នោត​ឲ្យ​គណបក្ស​ណា? ហេតុ​អ្វី​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន? ដែល​ជា​សំណួរ​រំលោភ​ទៅ​លើ​សិទ្ធិ​រក្សា​ការ​សម្ងាត់​របស់​អ្នក​បោះឆ្នោត។

លេខា​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) ប្រចាំ​ខេត្ត​រតនគិរី លោក ជូន ភីនដារ៉ា បញ្ជាក់​ថា ការ​យល់ព្រម​បញ្ចប់​ការ​ប្ដឹង គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​ច្បាប់​បោះឆ្នោត​បាន​ការពារ​សិទ្ធិ​រក្សា​ការ​សម្ងាត់​របស់​អ្នក​បោះឆ្នោត និង​ផ្ដន្ទាទោស​ចំពោះ​ជន​ណា​រំលោភ​ច្បាប់​នេះ៖ «តាម​នីតិវិធី​ការ​ណែនាំ​របស់ គ..ប ឲ្យ​សាកសួរ​សំណួរ​ផ្សេង​មិន​អាច​សួរ​សំណួរ​ចំ​ពេក ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ភ័យ​ព្រួយ​ទាក់ទង​នឹង​អារម្មណ៍​ទាក់ទង​នឹង​សន្តិសុខ»

របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ការ​ឃោសនា​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ប្រព្រឹត្ត​ទៅ​ដោយ​បរិយាកាស​ល្អ​ប្រសើរ មិន​មាន​ពាក្យ​ប្ដឹង​ណា​មួយ​បាន​បញ្ជូន​មក​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles