សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចរក្សាការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបន្តឃុំខ្លួនមន្ត្រីអាដហុក (ADHOC) ៤រូបក្នុងរយៈពេល ៦ខែទៀត។ មេធាវីការពារក្តី និងសាច់ញាតិក្រុមគ្រួសាររបស់មន្ត្រីអាដហុក ចោទប្រកាន់ថា ការសម្រេចរបស់តុលាការជាន់ខ្ពស់មួយនេះ ជារឿងមិនសមហេតុផល ដែលធ្វើឲ្យបាត់បង់សិទ្ធិសេរីភាពរបស់មន្ត្រីអាដហុក។
មិនខុសពីការសម្រេចមុនៗរបស់តុលាការជាន់ខ្ពស់ ដែលតែងតែតម្កល់ការសម្រេចរបស់តុលាការថ្នាក់ក្រោម សវនាការរបស់សាលាឧទ្ធរណ៍ពេលនេះ មិនបានធ្វើឲ្យមេធាវីការពារក្តីមន្ត្រីអាដហុក យល់ព្រមទទួលយកនោះទេ។
មេធាវីការពារក្តីម្នាក់របស់មន្ត្រីអាដហុកទាំងបួនរូប លោក ឡោ ជុនធី ឲ្យដឹងថា មូលហេតុតុលាការបន្តឃុំខ្លួនមន្ត្រីអាដហុក ព្រោះចៅក្រមលើកហេតុផលថា សំណុំរឿងស៊ើបអង្កេតមិនទាន់បិទ មានអ្នករត់គេចខ្លួន សាក្សីមិនចូលបំភ្លឺ។ លោកមេធាវីបន្តថា សំណុំរឿងនេះ តុលាការឃុំខ្លួនកូនក្តីរបស់លោកពីរលើកមកហើយ ម្តងរយៈពេល ៦ខែ ដែលលោកយល់ថា ការឃុំខ្លួនកូនក្តីលោកជាង ១ឆ្នាំនេះ គួរចូលដល់ដំណាក់បិទសំណុំរឿង ដែលកូនក្តីរបស់លោក ត្រូវបានដោះលែង ឬត្រូវបញ្ជូនទៅជំនុំជម្រះ៖ «មិនសមហេតុផល ហើយទើបយើងប្ដឹងមក ព្រោះរយៈពេល ៦ខែហើយ ៦ខែទៀត ការស៊ើបអង្កេតហ្នឹងអត់មានរីកចម្រើនអីទេ ហើយក្នុងពេលមានហ្នឹងមានការជូនដំណឹងបិទមួយហើយ ហើយការបន្តការបើកការសាកសួរហ្នឹងមានតិចតួចបំផុត។ ចឹងហើយទើបយើងយល់ឃើញថា គួរចូលដំណាក់កាលបិទសំណុំរឿងជាលក្ខណៈផ្លូវច្បាប់ គឺចេញដីកាដំណោះស្រាយ»។
សវនាការអសាធារណៈដែលសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ជំនុំជម្រះតាមពាក្យបណ្ដឹងរបស់មេធាវីការពារក្តីមន្ត្រីអាដហុក ប្ដឹងទាស់ការឃុំខ្លួនបន្តរយៈពេល ៦ខែបន្ថែមមកលើមន្ត្រីអាដហុកទាំង ៤រូបនៅថ្ងៃទី២៤ ខែឧសភា ក្រុមប៉ូលិសដែលដាក់ពង្រាយនៅបរិវេណសាលាឧទ្ធរណ៍ បានយាមកាមយ៉ាងតឹងរ៉ឹង មិនអនុញ្ញាតឲ្យក្រុមអ្នកកាសែតចូលទៅក្នុងបរិវេណសាលាឧទ្ធរណ៍ផ្ដិតរូបភាព ឬសម្ភាសក្រុមមន្ត្រីអាដហុកទេ។ មិនត្រឹមតែសមត្ថកិច្ចរឹតបន្តឹងអ្នកសារព័ត៌មានទេ សូម្បីសាច់ញាតិមន្ត្រីអាដហុក ក៏ត្រូវអនុរក្សពន្ធនាគាររឹតបន្តឹងដែរ។
កូនស្រីរបស់អ្នកស្រី លឹម មុន្នី កញ្ញា អ៊ុន ប៊ុណ្ណារី ប្រាប់អាស៊ីសេរីក្រោយចប់សវនាការថា ក្រុមសមត្ថកិច្ចបាននាំគ្នាតាមថតរូបម្តាយកញ្ញាគ្រប់ពេល ដែលសកម្មភាពនេះធ្វើឲ្យម្តាយនាងខឹងមួម៉ៅនឹងទង្វើរបស់ក្រុមសមត្ថកិច្ច។ និយាយក្នុងសម្ដីមួយៗ និងទឹកមុខក្រៀមក្រំ កញ្ញា អ៊ុន ប៊ុណ្ណារី គ្មានរំពឹងថា តុលាការយល់ព្រមឲ្យម្តាយកញ្ញា និងមន្ត្រីអាដហុក អាចនៅក្រៅឃុំបានទេ៖ «កន្លងមកដូចជាមិនសូវរឹតបន្តឹងដល់ថ្នាក់ហ្នឹងទេ ថ្ងៃនេះគឺថាសូម្បីចូលជិត ក៏អត់ឲ្យដែរ ដល់ចឹងគាត់ (អ្នកស្រី លឹម មុន្នី) គាត់មួម៉ៅ»។
ចំណែកមន្ត្រីអាដហុកម្នាក់ក្នុងចំណោម ៤នាក់កំពុងជាប់ឃុំ គឺលោក នី សុខា បានផ្ញើលិខិតសរសេរផ្ទាល់ដៃរបស់លោកតាមរយៈកូនប្រុសលោក មកអាស៊ីសេរី ដោយមិនខ្លាចក្នុងការរិះគន់ថា ក្នុងសង្គមមួយដែលដឹកនាំបែបផ្ដាច់ការ ពិបាកធ្វើឲ្យពួកលោកទទួលបានយុត្តិធម៌ពីតុលាការណាស់ ព្រោះយុត្តិធម៌មានសម្រាប់តែអ្នកមានអំណាច និងបក្សរបស់គេប៉ុណ្ណោះ។
ជាងនេះទៅទៀត លោកអំពាវនាវឲ្យពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតនៅថ្ងៃទី៤ មិថុនា ទាំងអស់គ្នា តាមឆន្ទៈ និងមិនត្រូវខ្លាចការគំរាមកំហែង។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឲ្យពលរដ្ឋបោះឆ្នោតឲ្យអ្នកនយោបាយមិនប្រើហិង្សាដើម្បីដោះស្រាយបញ្ហា។
កាលពីថ្ងៃទី២៧ ខែមេសា តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ក្នុងម្នាក់ៗ ៦ខែបន្ថែមទៀត ក្រោយពីបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ១ឆ្នាំមកហើយនោះ។ ក្រុមមន្ត្រីសិទ្ធិមនុស្សទាំងនោះ ត្រូវតុលាការឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០១៦ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី ដែលជាប់ពាក់ព័ន្ធរឿងរ៉ាវស្នេហារបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងស្ត្រីធ្វើការនៅកន្លែងកាត់សក់ម្នាក់ គឺអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
ដោយឡែកអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា មិនបានប្ដឹងទាស់ទៅនឹងការបន្តឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ មកសាលាឧទ្ធរណ៍ទេកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា។
តួអង្គសំខាន់ៗនៅក្នុងរឿងនេះ គឺលោក កឹម សុខា និងអតីតមេឃុំគណបក្សប្រឆាំង លោក ស៊ាង ចែត ត្រូវបានព្រះមហាក្សត្រព្រះរាជប្រទានលើកលែងទោសតាមសំណើរបស់លោក ហ៊ុន សែន ក្រោយមានការសម្របសម្រួលនយោបាយរវាងលោក ហ៊ុន សែន និងលោក កឹម សុខា។
ការឃុំខ្លួនមន្ត្រីអាដហុកទាំងបួនរូប និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ជាងមួយឆ្នាំមកនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទទួលបានការរិះគន់ពីអង្គការជាតិ អន្តរជាតិ និងសហគមន៍អន្តរជាតិ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែលតែងតែឃ្លាំមើលការគោរពសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកការចាប់ឃុំខ្លួនអ្នកទាំង ៥នាក់ ថាជាយុទ្ធនាការរបស់រដ្ឋាភិបាលដើម្បីកម្ទេចបក្សប្រឆាំង បំភ័យ និងបំបិទមាត់អ្នកការពារសិទ្ធិមនុស្ស។
មេធាវីការពារក្តីរបស់មន្ត្រីអាដហុកទាំងបួនរូប លោក ឡោ ជុនធី និយាយថា ក្រុមមេធាវីកំពុងគ្រោងប្ដឹងសារទុក្ខ ឬប្ដឹងទាស់ទៅតុលាការកំពូល ជាបន្ត ប្រសិនកូនក្តីរបស់លោកមិនពេញចិត្តការសម្រេចរបស់សាលាឧទ្ធរណ៍៕