Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

លោក កឹម សុខា ថា​គោល​នយោបាយ​ដែល​បក្ស​សន្យា​គឺ​អាច​ធ្វើ​បាន​ពិត​ប្រាកដ

$
0
0

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ជា​ថ្មី​ថា គោល​នយោបាយ​គណបក្ស​ខ្លួន​ដែល​បាន​សន្យា​នៅ​ពេល​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ ដូចជា​ផ្តល់​ថវិកា ៥០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ជាដើម គឺ​អាច​ធ្វើ​បាន​ពិត​ប្រាកដ ប្រសិន​បើ​បក្ស​នេះ​បាន​ជាប់​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល។ ប៉ុន្តែ​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​ចំអក​ថា គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ភាគច្រើន​ជា​ការ​សន្យា​ខ្យល់​ជាមួយ​ពលរដ្ឋ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​សារ​នយោបាយ​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ទៅ​កាន់​ប្រជាពលរដ្ឋ​ប្រមាណ ៣​ពាន់​នាក់​នៅ​ស្រុក​ថ្មគោល និង​ស្រុក​បវេល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ថា លោក​ហ៊ាន​ធានា​ពី​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ គឺ​មិន​មែន​ជា​ការ​សន្យា​ខ្យល់​ឡើយ។ លោក កឹម សុខា សង្កត់​ធ្ងន់​ថា មាន​ឧទាហរណ៍​រួច​មក​ហើយ​កាល​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ លោក​បាន​សន្យា​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​ឲ្យ​បាន​ម្នាក់ ១​លាន​រៀល និង​តម្លៃ​ភ្លើង​អគ្គិសនី ៦០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ជាដើម​នោះ គឺ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កំពុង​យក​មក​អនុវត្ត​សព្វថ្ងៃ។

លោក​អះអាង​ថា ចំពោះ​គោល​នយោបាយ​ថវិកា ៥០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍ​ឃុំ-សង្កាត់ ក៏​អាច​ធ្វើ​បាន​ដែរ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​បាន​ដឹកនាំ​ប្រទេស៖ «ហើយ​គេ​និយាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដើរ​សន្យា​ខ្យល់ កុំ​ជឿ! អត់​មាន​លុយ​ទេ! ធ្វើ​មិន​បាន​ទេ! ឥឡូវ​ខ្ញុំ​សុំ​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ​ទាំងអស់​ជឿ​ចុះ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាន​នៅ​ពេល​ណា​ឈ្នះ​ឆ្នោត​ដឹកនាំ​រាជ​រដ្ឋាភិបាល។ ឥឡូវ​ប្អូន​ជឿ ឬ​មិន​ជឿ

កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​រំឭក​ជា​រឿយៗ​ថា ការ​សន្យា​របស់​គណបក្ស​ប្រឆាំង គឺ​ជា​ការ​សន្យា​ខ្យល់ ដោយ​ពុំ​បាន​ធ្វើ​អ្វី​ឲ្យ​ឃើញ​ជា​រូបរាង ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នោះ​ទេ។ លោក ហ៊ុន សែន សរសេរ​ជា​ថ្មី​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៤ ឧសភា ថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គាំទ្រ​លើក​ស្ទួយ និង​ចូលរួម​ជួយ​ជំរុញ​ការ​អប់រំ និង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស។

លោក ហ៊ុន សែន ថា​នេះ​មិន​មែន​ជា​ការ​ឃោសនា​សន្យា​ខ្យល់​ទេ តែ​ជា​ការពិត មិន​ដូច​បក្ស​មួយ​ចំនួន​កំពុង​ឃោសនា​ខ្យល់​ដែល​គ្មាន​បាន​កសាង​អ្វី​មួយ​នៅ​ឡើយ​សម្រាប់​យុវជន ក្មួយៗ និង​ចៅៗ គឺ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី គាំទ្រ​នឹង​គោល​នយោបាយ​ថវិកា ៥០​ម៉ឺន​ដុល្លារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​អាច​ធ្វើ​ទៅ​បាន​រលូន ក៏ប៉ុន្តែ​ត្រូវការ​មន្ត្រី​ជំនាញ​សម្រាប់​គ្រប់គ្រង​ថវិកា​នៅ​តាម​ឃុំ-សង្កាត់៖ «សម្រាប់​គណបក្ស​ប្រឆាំង ឬ​គណបក្ស​ណា​ក៏ដោយ​ដែល​មិន​ទាន់​បាន​កាន់​អំណាច គឺ​សន្យា​ខ្យល់​ដូច​តែ​គ្នា​ទេ ព្រោះ​ការ​បង្ហាញ​គោល​នយោបាយ​នេះ គឺ​បង្ហាញ​ក្នុង​លក្ខខណ្ឌ​ដែល​គណបក្ស​ណា​មួយ​ឡើង​កាន់​អំណាច បាន​គេ​ធ្វើ​កើត។ ចំពោះ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ណា​ក៏ដោយ បើ​សន្យា​ហើយ​ធ្វើ តើ​បាន​លុយ​មក​ពី​ណា? បើ​លុយ​យើង​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់​ហើយ។ ប៉ុន្តែ​ប្រហែល​ដោយសារ​ពលរដ្ឋ​ទូទៅ​មិន​បាន​យល់ បាន​ជា​រដ្ឋាភិបាល ហើយ​អ្នក​ដទៃ​ចេះ​តែ​យក​ពាក្យ​សន្យា​ខ្យល់​មក​ប្រើ»

យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៤ ឧសភា គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​យុទ្ធនាការ​ធំ​ជាង​គេ បន្ទាប់​មក​មាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ហែ​ក្បួន​តាម​ផ្លូវ​ពី​ស្រុក​ថ្មគោល ទៅ​ស្រុក​បវេល ដែល​មាន​ពលរដ្ឋ​ចូលរួម​ជាង ១០០​នាក់។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា មាន​សកម្មជន​ដើរ​ចែក​ខិត្តប័ណ្ណ​តាម​ផ្ទះ​ពលរដ្ឋ ព្រម​ទាំង​ចាក់​គ្រឿង​បំពង​សំឡេង​នៅ​តាម​ទីស្នាក់ការ​បក្ស​ឃុំ-សង្កាត់។

លោក កឹម សុខា បន្ត​យុទ្ធនាការ​ឃោសនា​ទៅ​ខេត្ត​ប៉ៃលិន នៅ​ពេល​រសៀល​ថ្ងៃ​ទី​២៤ ដដែល រួច​ទៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប បន្តបន្ទាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles