Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ​ថា​នីតិវិធី​ឃោសនា​បោះឆ្នោត​រឹតត្បិត​ការ​ឃោសនា

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ត្បូងឃ្មុំ យល់​ថា បទបញ្ជា ឬ​នីតិវិធី​ដែល​កំណត់​ឡើង​ដោយ​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត ហាក់​រឹត​បន្តឹង​លើ​គណបក្ស​ប្រឆាំង​ខ្លាំង​ពេក​ចំពោះ​សកម្មភាព​ឃោសនា​បោះឆ្នោត​កន្លង​ទៅ។ មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បញ្ជាក់​ថា សកម្មភាព​យុទ្ធនាការ​ឃោសនា គឺ​ល្អ​ជាង​អាណត្តិ​មុនៗ ហើយ​ក៏​មិន​មាន​ការ​រឹត​បន្តឹង​អ្វី​នោះ​ដែរ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និង​ឃុំ-សង្កាត់ បើក​សិទ្ធិ​សេរីភាព​ចំពោះ​សកម្មភាព​ឃោសនា​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ ពីព្រោះ​សកម្មភាព​ឃោសនា​កន្លង​ទៅ​ហាក់​រឹត​បន្តឹង​លើ​គណបក្ស​ប្រឆាំង។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សកម្មភាព​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តំបន់​មួយ​ចំនួន រង​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​ឃោសនា​រំលោភ​បទបញ្ជា ឬ​មិន​បាន​គោរព​តាម​កាលវិភាគ​កំណត់​ឡើង​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ឬ​សង្កាត់ បើ​ទោះ​បី​ជា​សកម្មភាព​ខ្លះ​មិន​មែន​ជា​រូបភាព​ហែ​ក្បួន​ឃោសនា​ក្តី។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ លោក សេង ស៊ាងលី មាន​ប្រសាសន៍​ថា ការ​ឃោសនា​បោះឆ្នោត​មិន​បាន​ទូលំទូលាយ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ពិបាក​សម្រេច​ចិត្ត​ក្នុង​ពេល​បោះឆ្នោត ពីព្រោះ​ពួក​គេ​ទទួល​ព័ត៌មាន​មិន​បាន​គ្រប់គ្រាន់​ស្ដីពី​គោល​នយោបាយ​បក្ស​នីមួយៗ៖ «អ៊ីចឹង​បាន​ខ្ញុំ​ឃើញ​នីតិវិធី​ក្រោយ​នេះ ឬ​ការ​ណែនាំ​ក្រោយ​នេះ ហាក់​បី​ដូចជា​តឹង​ពេក​ទាក់ទង​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដដែល​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៤ ឧសភា គឺ​មាន​មួយ​ករណី​នៅ​ឃុំ​គគីរ ស្រុក​មេមត់ ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ថា​មិន​បាន​គោរព​តាម​បទបញ្ជា​របស់​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត។ ក្រៅ​ពី​នេះ ករណី​មួយ​ចំនួន​ទៀត​នៅ​ស្រុក​តំបែរ ស្រុក​ពញាក្រែក គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​បាន​ណែនាំ​គណបក្ស​ប្រឆាំង ឲ្យ​គោរព​តាម​បទបញ្ជា និង​ប្រតិទិន​ស្ដីពី​ការ​ឃោសនា​បោះឆ្នោត ជាដើម។

ទាក់ទង​បញ្ហា​នេះ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ឧសភា ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត ៥​ថ្ងៃ​មក​នេះ គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​ការ​ឃោសនា​អាណត្តិ​មុនៗ ពីព្រោះ​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​បេក្ខជន​ប្រកួត​ប្រជែង​ការ​បោះឆ្នោត បាន​គោរព​តាម​បទបញ្ជា ឬ​នីតិវិធី និង​មាន​ក្រម​សីលធម៌​ល្អ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ថា​មាន​បញ្ហា​តិចតួច​កើត​ឡើង​ដែរ ដូចជា​ករណី​គណបក្ស​នយោបាយ​ខ្លះ​មិន​បាន​គោរព​តាម​ប្រតិទិន​ការ​ឃោសនា​ដែល​បាន​ដាក់​ជូន​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ ឬ​ខេត្ត ប៉ុន្តែ​ខាង​លោក​ក៏​បាន​ដោះស្រាយ​ហើយ​ដែរ៖ «មិន​មាន​ការ​រឹត​បន្តឹង​ទេ អ្នក​យល់​អ៊ីចឹង គឺ​ខុស​ហើយ។ គណបក្ស​នយោបាយ​នីមួយៗ​ហ្នឹង គាត់​ពី​ស្រុក​ណា? គាត់​មក​ពី​ឃុំ​ណា? គាត់​អាច​ចូលរួម​ដង្ហែ​ក្បួន​ទៅ​ឃុំ​មួយ​ទៅ​ច្រើន​ឃុំ​បាន នៅ​ពេល​ខ្លួន​ហ្នឹង​បាន​ដាក់​ពាក្យ​មក​គណៈកម្មការរៀបចំ​ការបោះឆ្នោត​ឃុំ ឬ​ខេត្ត»

ប្រភព​ដដែល​អះអាង​ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ជុំវិញ​បញ្ហា​ឃោសនា​បោះឆ្នោត​ទេ។

ខេត្ត​ត្បូងឃ្មុំ មាន​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ មាន​ចំនួន ៨​គណបក្ស និង​មាន​ពលរដ្ឋ​ត្រូវ​បោះឆ្នោត​ចំនួន​ជិត ៤​សែន​នាក់។

ប្រជា​សហគមន៍​នៅ​ស្រុក​តំបែរ លោក ឈិន យ៉ុង មើល​ឃើញ​ថា មាន​គណបក្ស​ចំនួន​ពីរ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក ធ្វើ​សកម្មភាព​ឃោសនា​លេចធ្លោ​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​យល់​ថា ការ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ជុំវិញ​គោល​នយោបាយ​បក្ស​នីមួយៗ គឺ​មាន​សារសំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ ដើម្បី​ជ្រើសរើស​មេ​ដឹកនាំ​ល្អ​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន៖ «ចង់​ឲ្យ​បើក​ពង្រីក​ទូលំទូលាយ ពង្រីក​ការ​ឃោសនា​បក្ស​នីមួយៗ​ឲ្យ​បាន​ទូលំទូលាយ​ច្រើន កុំ​ឲ្យ​មាន​ការ​រឹតត្បិត»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​របស់​គណបក្ស​ធំៗ គឺ​ជា​រឿង​ល្អ​ម៉្យាង ប៉ុន្តែ​ការ​បកស្រាយ ឬ​ពន្យល់​អំពី​គោល​នយោបាយ​របស់​គណបក្ស​ខ្លួន​ទៅ​កាន់​ប្រជាពលរដ្ឋ គឺ​ជា​រឿង​សំខាន់​មួយ​ទៀត។ លោក​ថា ប្រសិន​បើ​ពលរដ្ឋ​អាច​ស្វែងយល់​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​បាន​គ្រប់គ្រាន់ គឺ​ងាយ​ស្រួល​ដល់​ពួក​គាត់​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles