បេក្ខជនក្រុមប្រឹក្សាឃុំលេខរៀងទី២នៃគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យប្ដឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដោយចាត់ទុកថា ករណីភ្លើងឆេះផ្ទះរបស់ខ្លួនជាការគំរាមកំហែងនយោបាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
បេក្ខជនលេខរៀងទី២ នៃគណបក្សសង្គ្រោះជាតិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជុំវិញករណីជនមិនស្គាល់មុខលួចដុតផ្ទះរបស់គាត់ ដែលគាត់ថា ជាការគំរាមកំហែងក្នុងរដូវឃោសនា។
អតីតជំទប់ទី២ គណបក្សសិទ្ធិមនុស្ស និងជាបេក្ខជនលេខរៀងទី២ នៃគណបក្សសង្គ្រោះជាតិ ឃុំកំពង់ភ្នំ លោក យូ រិន ថ្លែងថា ផ្ទះលក់គ្រឿងទេស និងភេសជ្ជៈរបស់លោកទំហំ ៣ម៉ែត្រ គុណនឹង ៦ម៉ែត្រសង់ពីដែក និងរោងគោទំហំ ៣ម៉ែត្រ គុណនឹង ៦ម៉ែត្រ នៅភូមិកំពង់គោ ក្នុងឃុំកំពង់ភ្នំ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅដែលអ្នកភូមិមិនអាចជួយអន្តរាគមន៍បាន កាលពីយប់ម៉ោងជាង ៩ ថ្ងៃទី២៣ ខែឧសភា។ លោកថា សំណាងល្អ បន្ទាប់ពីឃោសនាគណបក្សចប់ លោកមានការហត់នឿយ ដោយបានទៅសម្រាកនៅផ្ទះមួយទៀតនៅភូមិអំពិលទឹក ចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីគ្នា។
ទោះយ៉ាងណា ករណីនេះលោកសន្និដ្ឋានថា ជាករណីជនខិលខូចលួចដុត ដោយសារផ្ទះរបស់លោកពុំមានតប្រព័ន្ធអគ្គិសនី និងចង្ក្រានដាំស្លនោះទេ ហើយម្យ៉ាងអ្នកភូមិឃើញមានដុំភ្លើងឆេះចំកណ្ដាលដំបូលផ្ទះរបស់លោក ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិទាំងស្រុង និងឆេះរាបដល់ដី៖ «ភ្លើងនេះគឺឆេះក្នុងរោងតែម្ដង សន្ធោសន្ធៅ បើសិនជាឆេះធម្មតាវាមិនដល់ថ្នាក់នោះទេ តែនេះអាចមកពីសាំង ឬប្រេងគេបោះដុត ជាការសន្និដ្ឋានរបស់ខ្ញុំអាចប្រហែលមានអ្នកនៅពីក្រោយខ្នងជួលឲ្យគេដុត។ ឥឡូវខ្ញុំកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដោយសារខ្ញុំឈរលេខរៀងទៅ២ផង នៅក្នុងជំទប់ក្រុមប្រឹក្សាឃុំ ក្រែងលោកគេឃ្លាំមើលខ្ញុំអត់នៅផ្ទះទេ លួចដុតបំផ្លាញទ្រព្យសម្បត្តិយើងអីចឹង។ នេះជាការគំរាមកំហែងបំភិតបំភ័យឲ្យតក់ស្លុត ឬឲ្យបងប្អូនសកម្មជនមានការតក់ស្លុត ព្រោះតាំងពីខ្ញុំចូលបម្រើកិច្ចការតាំងពីឆ្នាំ១៩៩៣ មកមិនមានករណីនេះកើតឡើងទេ»។
លោក យូ រិន បន្តថា បញ្ហានេះ អាជ្ញាធរភូមិ ឃុំ មិនបានទៅសួរនាំលោកទេ។ ប៉ុន្តែលោកបានដាក់ពាក្យប្ដឹងទៅនគរបាលឃុំកំពង់ភ្នំ ហើយ។
ទាក់ទងបញ្ហានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល លោក ឡុង អូណា មានប្រសាសន៍ថា លោកកំពុងស៊ើបអង្កេតជាមួយមន្ត្រីជំនាញ មិនទាន់អាចសន្និដ្ឋានចំពោះមូលហេតុនៃការឆេះនេះបាននៅឡើយទេ៖ «កំពុងសហការជាមួយផ្នែកជំនាញអធិការដ្ឋាន កំពុងស្រាវជ្រាវទាំងអស់គ្នា កំពុងត្រួតពិនិត្យមើលព្រឹកមិញ ឥឡូវលោកអធិការរងគាត់ជំនាញគាត់ចុះបន្ថែមទៀត ត្រួតពិនិត្យដើម្បីសន្និដ្ឋានការឆេះនេះ»។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) និងជាអ្នកសង្កេតការណ៍បោះឆ្នោតនៃអង្គការខុមហ្វ្រែល (COMFREL) ប្រចាំខេត្តកណ្ដាល លោក ម៉ែន មករា វាយតម្លៃថា ចាប់តាំងពីយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតថ្ងៃទី២០ ខែឧសភា មក ពុំទាន់មានករណីអ្វីដែលកត់សម្គាល់ថា ជារឿងគំរាមកំហែងនយោបាយនៅឡើយទេ។
ចំពោះបញ្ហាភ្លើងឆេះផ្ទះបេក្ខជនឃុំសង្កាត់គណបក្សប្រឆាំងនេះ លោក ម៉ែន មករា នឹងស៊ើបអង្កេតថា ជាការបំភិតបំភ័យផ្នែកនយោបាយ ឬយ៉ាងណា?