បេក្ខនារីសមាជិកក្រុមប្រឹក្សាសង្កាត់ ក្រុងពោធិ៍សាត់ មកពីគណបក្សប្រឆាំង ១រូប ត្រូវម៉ូតូបុកស្លាប់នៅព្រឹកថ្ងៃទី២៤ ឧសភា ខណៈបេក្ខនារីរូបនេះកំពុងដើរឃោសនាតាមផ្ទះពលរដ្ឋ។ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ស្នើអាជ្ញាធរស៊ើបអង្កេតករណីនេះឲ្យបានច្បាស់។
សកម្មជន និងជាបេក្ខនារីលេខរៀងទី៣ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មកពីគណបក្សសង្គ្រោះជាតិ លោកស្រី ង៉ែត សុភាព ត្រូវយុវជនពីរនាក់ជិះម៉ូតូសង់ស៊េរីឆ្នាំ២០១៦មួយគ្រឿងបុកចំពីក្រោយ នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២៤ ឧសភា បណ្ដាលឲ្យស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកសំពៅមាស ខេត្តពោធិ៍សាត់។
លោកស្រី ង៉ែត សុភាព មានអាយុ៣៧ឆ្នាំ។ លោកស្រីត្រូវម៉ូតូបុកតាមបណ្ដោយផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ បន្ទាប់ពីលោកស្រី និងសកម្មជនប្រមាណ១០នាក់ផ្សេងទៀត ចេញពីចែកខិត្តប័ណ្ណតាមផ្ទះពលរដ្ឋ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤។
ចំណែកយុវជនដែលជិះម៉ូតូបុកសកម្មជនរហូតដល់ស្លាប់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនោះដូចគ្នា ក្នុងស្ថានភាពរបួសស្រាល។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...