Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ខេត្ត​ស្វាយរៀង​រង​ការ​ចោទ​ថា​មិន​​​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពលរដ្ឋ​​តាម​បញ្ជា​ថ្នាក់​លើ

$
0
0

ពលរដ្ឋ​នៅ​ឃុំ​អំពិល និង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង និង​មន្ត្រី​សង្គម​ស៊ីវិល​ផង បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត​នេះ ថាមិន​អើពើ​ចំពោះ​បទបញ្ជា​ថ្នាក់​លើ​ដែល​ជំរុញ​ឱ្យ​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជា​ច្រើន​រយ​នាក់ បាន​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​មេ​ឃុំ និង​អភិបាល​ស្រុក​របស់​ពួកគេ ប៉ុន្តែ​មន្ត្រី​ទាំង​នេះ​បាន​គេចវេះ និង​មិន​ព្រម​ចេញ​មក​ជួប​ឡើយ។

ពលរដ្ឋ​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា ពួកគាត់​មាន​គ្នា​ប្រហែល​ជាង ៤០០​នាក់ បាន​លើក​គ្នា​ទៅ​ដល់​សាលា​ឃុំ​អំពិល ស្រុក​រមាសហែក ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ និង​ជួបពិភាក្សា​ជាមួយ​មេ​ឃុំ ឈ្មោះ​លោក អឹម សារី ប៉ុន្តែ​មេឃុំ​រូប​នេះ​បាន​យក​លេស​គេចវេះ និង​មិន​ព្រម​ចេញ​មក​ជួប​ពួកគាត់​ឡើយ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មេ​ឃុំ​រូប​នេះ​ថែម​ទាំង​បោះ​ពាក្យ​សម្ដី​តាម​ទូរស័ព្ទ​ថា ពលរដ្ឋ​កំពុង​លេង​ក្បួន​ឆ្កួត ហើយ​គាត់​នឹង​មិន​យក​ក​មក​ជាប់​អន្ទាក់​នោះ​ទេ។

ពលរដ្ឋ​នៅ​ភូមិ​ស្រែ​ឫស្សី ឃុំ​អំពិល លោកស្រី ខៀវ សារ៉ុន ថ្លែង​ថា ការ​លើក​គ្នា​ទៅ​ជួប​មេ​ឃុំ​នេះ ដោយសារ​ឯកសារ​ដែល​រដ្ឋ​សភា ព្រឹទ្ធសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​មួយ​ចំនួន​ទៀត ដែល​ទទួល​ញត្តិ​ពី​ពួកគាត់ ហើយ​បាន​សម្រេច​ឱ្យ​អាជ្ញាធរ​ខេត្ត​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ជាប់​គាំង​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​កន្លង​មក ឯកសារ​ទាំង​នេះ ហាក់​ជា​ស្ងាត់ជ្រងំ មិន​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​ដោះស្រាយ​ឡើយ។

លោកស្រី​បញ្ជាក់​ថា គោលបំណង​ដែល​ពលរដ្ឋ​លើក​គ្នា​ទៅ​ជួប​ជាមួយ​មេ​ឃុំ​គឺ​គ្រាន់​តែ​ចង់​ពិភាក្សា​ជាមួយ​មេ​ឃុំ​ប៉ុណ្ណោះ ក្រោយ​ពី​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ត្រូវ​បាន​ឈូស​ឆាយ​កម្ទេច៖ «ចង់​និយាយ​ជាមួយ​គាត់ ហើយ​ណា​ចង់​និយាយ​រឿង​ដីធ្លី ថា​តើ​គាត់​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​យ៉ាង​ម៉េច តែ​គាត់​អត់​ចេញ​មក​ជួប​ពួក​ខ្ញុំ​ផង»

​ពលរដ្ឋ​រូប​នេះ​អះអាង​ថា ដី​ដែល​រង​ផល​ប៉ះពាល់​មាន​ចំនួន ៦៧០​ហិកតារ ស្មើ​នឹង ៤៤០​គ្រួសារ ហើយ​ដី​ទាំង​នោះ ពួកគាត់​កាន់កាប់​ត​កូន​ត​ចៅ​មក​តាំង​ពី​បុរាណកាល​មក ដោយ​គ្មាន​ប្លន់​បញ្ជាក់​នោះ​ទេ។ លោកស្រី ខៀវ សារ៉ុន បន្ថែម​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១០ មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ អ៊ិន.ខេ.វេន ឈ័រ (N.K Venture) ដែល​មាន​ប្រធាន​ជា​ជនជាតិ​ឥណ្ឌា បាន​ចុះ​ទៅ​អភិវឌ្ឍ​ដាំ​អំពៅ និង​ដាំ​បន្លែ​គ្រប់មុខ ប៉ុន្តែ​ក្រោម​មក​ពលរដ្ឋ​ឮ​ដំណឹង​ថា ម្ចាស់​ក្រុមហ៊ុន​នោះ​បាន​ក្ស័យធន និង​ផ្ទេរ​សិទ្ធិ​កាន់កាប់​មក​អ្នក​ផ្សេង​ទៀត​ដែល​ជា​ជនជាតិ​វៀតណាម។

លោកស្រី​បញ្ជាក់​ថា មុខ​មាន​ក្រុមហ៊ុន​ចុះ​អភិវឌ្ឍ គឺ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​មេ​ឃុំ​បាន​ចុះ​ទៅ​ណែ​នាំ​ទៅ​ដល់​ប្រជាពលរដ្ឋ​ថា ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នឹង​ផ្ដល់​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​ដែល​អាច​ជួយ​ឱ្យ​ជីវភាព​រឹតតែ​ប្រសើរ និង​ជួយ​សាងសង់​ផ្លូវ មន្ទីរពេទ្យ សាលារៀន និង​វត្ត​អារាម​នៅ​ក្នុង​តំបន់​ដ៏​ដាច់ស្រយាល​នោះ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​មិន​ទទួល​បាន​ដូច​ការ​សន្យា​ទាំង​នោះ​ឡើយ ហើយ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ធ្លាក់​ចុះ ដោយសារ​អ្នក​ខ្លះ​​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ជាដើម។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ត្រពាំងពពេល ឃុំ​ដដែល លោកស្រី ម៉ម ស៊ីណា លើក​ឡើង​ដែរ​ថា អភិបាល​ស្រុក​រមាសហែក លោក អឹម សារី ក៏​ធ្លាប់​រត់​គេច​មិន​ព្រម​ជួប​ជាមួយ​ក្រុម​លោកស្រី​ដែល​ជា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ពេល​ដែល​ពួកគាត់​ទៅ​ដល់​សាលាស្រុក​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍៖ «ឡើង​ទៅ​ស្រុក​ហ្នឹង មេ​ឃុំ​តេ​ប្រាប់​អភិបាល​ស្រុក ហើយ​គេច​ខ្លួន​ទៀត គេ​មិន​ឱ្យ​យើង​ជួប​ទេ»

លោកស្រី​បន្ត​ថា ពលរដ្ឋ​ចង់​បាន​ដី​របស់​ពួកគាត់​មក​វិញ ដើម្បី​ចាប់​ផ្ដើម​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​សា​ថ្មី។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់​ទង​មេ​ឃុំ​អំពិល លោក អឹម សារី បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា រី​ឯ​អភិបាល​ស្រុក​រមាសហែក លោក ពេញ ជា ក៏​មិន​បាន​លើក​ទូរស័ព្ទ​ដែរ។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ ថ្លែង​ថា ខាង​ខេត្ត​បាន​ឆ្លើយ​តប​ប្រាប់​ទៅ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង​នោះ​ឱ្យ​រង់ចាំ​បន្តិច រហូត​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត នឹង​ចុះ​ជួប​ដោះស្រាយ​ជាមួយ​ពួកគាត់​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ចប់។

ទោះ​ជា​យ៉ាង​ណា លោក​​ថា ឯកសារ​ផ្លូវ​ច្បាប់​បញ្ជាក់​ថា ដី​ដែល​ពលរដ្ឋ​នាំ​គ្នា​អះអាង​ថា គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៧៩ មក ប៉ុន្តែ​តាម​ពិត​ដី​ទាំង​នោះ​ជា​ដី​ព្រៃ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​ប៉ុណ្ណោះ៖ «បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នេះ នៅ​ពេល​គណៈកម្មការ​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ទៅ​ត្រូវ​ភ្ជាប់​នូវ​ឯកសារ​ពាក់ព័ន្ធ​ដីធ្លី​មក​បង្ហាញ​សមត្ថកិច្ច»

អភិបាល​បាល​រង​រូប​នេះ​បញ្ជាក់​ទៀត​ថា កន្លង​មក​មាន​ការ​បែងចែក​ដី​ជូន​ពលរដ្ឋ​ទាំង​នេះ​ចប់​សព្វគ្រប់​ហើយ បន្ទាប់​ពី​មាន​បទ​បញ្ហា ០១ របស់​រដ្ឋាភិបាល​ចុះ​វាស់វែង​ដីធ្លី​ជូន​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​ក៏​បាន​ធ្វើការ​វិនិយោគ​ដោយ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ អស់​រយៈពេល ៣-​៤​ឆ្នាំ​មក​ហើយ​ដែរ។ លោក​អះអាង​ថា មក​ដល់​ឆ្នាំ​២០១៦ អំឡុង​ខែ​កក្កដា និង​ខែ​សីហា ពលរដ្ឋ​ទាំង​នោះ​ស្រាប់​តែ​ចូល​ទៅ​រុករាន និង​អះអាង​ថា ជា​ដី​ដួន​តា​របស់​ពួកគេ​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​នេះ​ក្ដី អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន លើក​ឡើង​ថា បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក បាន​ផ្ទុះ​ឡើង​តាំង​ពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ បន្ទាប់​ពី​ក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ បាន​ទៅ​ឈូស​ឆាយ​រំលោភ​លើ​ដី​ស្រែ​ពលរដ្ឋ​ដែល​ជា​ដី​មិន​មែន​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​សម្រាប់​ធ្វើ​សម្បទាន​ឡើយ។ លោក​បន្ត​ថា ចាប់​ពី​ពេល​នោះ​មក ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​បាន​លើក​គ្នា​ទៅ​តវ៉ា​ជា​បន្តបន្ទាប់ ទាំង​ទៅ​ដាល់​អាជ្ញាធរ​ខេត្ត និង​ដល់​ថ្នាក់​ជាតិ​ជាដើម៖ «ក្រសួង និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ជំរុញ​ឱ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក​ធ្វើការ​ដោះស្រាយ អ៊ីចឹង​ហើយ​បាន​ជា​ព្រឹក​មិញ​ពួកគាត់​បាន​នាំ​គ្នា​ទៅ​ដាក់​លិខិត​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ឃុំ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បែរ​រត់​គេច​ទៅ​វិញ»

លោក​ថ្លែង​ថា នៅ​ពេល​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ក្នុង​តំបន់​នេះ នឹង​អាច​ដោះស្រាយ​ចេញ​ជា​មិន​ខាន ព្រោះ​ពលរដ្ឋ​កាន់កាប់​ដី​ទាំង​នេះ​ស្រប​តាម​ច្បាប់​ភូមិបាល​ដែល​គ្រប់គ្រង​មាន​រយៈពេល​លើស​ពី ៥​ឆ្នាំ​ឡើង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles