ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែឧសភា ចាប់ផ្ដើមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ឬអែមស៍ (AIMS=Accelerating Inclusive Markets for Smallholders) ដែលក្រសួងរំពឹងថា នឹងជំរុញការផ្គត់ផ្គង់ផលិតផលកសិកម្ម ដូចជាបន្លែ សាច់មាន់ សម្រាប់ទីផ្សារក្នុងស្រុក ដែលបច្ចុប្បន្នគ្របដណ្ដប់ដោយផលិតផលនាំចូលពីក្រៅបរទេស។
ខណៈផ្ដោតលើការពង្រីកទីផ្សារនៅក្រៅប្រទេសសម្រាប់ផលិតផលកសិកម្មកម្ពុជា ក្រសួងពាណិជ្ជកម្ម មើលឃើញថា នៅមានទីផ្សារសំខាន់មួយសម្រាប់ជួយកសិករក្រីក្រ និងកសិករខ្នាតតូច។
ថ្លែងក្នុងពិធីសម្ពោធគម្រោងនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ រំពឹងថា វានឹងជួយកសិករក្រីក្រងាយរងគ្រោះឲ្យចេះធ្វើកសិកម្មសម្រាប់លក់ ឬកសិអាជីវកម្ម បង្កើនចំនួនទិន្នផលកសិកម្ម មានទីផ្សារសម្រាប់លក់៖ «»។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា គម្រោងនេះមានតម្លៃ ៦១លានដុល្លារសហរដ្ឋអាមេរិក អនុវត្តរយៈពេល ៦ឆ្នាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ហើយគ្រួសារចំនួន ៧,៥ម៉ឺនគ្រួសារទូទាំងប្រទេស នឹងទទួលបានប្រយោជន៍ពីគម្រោងនេះ។
ប្រភពថវិកាសម្រាប់អនុវត្តគម្រោងបានមកពីប្រាក់កម្ចីរបស់មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងបដិភាគរបស់រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធ។ នេះបើតាមលោក ប៉ាន សូរស័ក្តិ បញ្ជាក់បន្ថែម។
លោករដ្ឋមន្ត្រីកត់សម្គាល់ថា ប្រាក់ចំណូលសរុបរបស់ប្រជាជនកម្ពុជា ដែលទទួលបានពីវិស័យកសិកម្មនៅមានកម្រិតទាបនៅឡើយ គឺប្រហែល ១៦ភាគរយ ខណៈចំណូលពីប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍មានប្រហែលជិត ៤៥ភាគរយ។
លោកបន្តថា ប្រជាជនប្រហែល ៧៩ភាគរយ នៃប្រជាជនកម្ពុជាសរុប កំពុងរស់នៅទីជនបទ និងមានប្រភពប្រាក់ចំណូលពីវិស័យកសិកម្ម ហើយភាគច្រើនជាគ្រួសារទីទាល់ក្រ។
គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នឹងជំរុញលើផលិតផលកសិកម្មចំនួន៥ ដូចជាស្រូវក្រអូប បន្លែ មាន់ស្រែ ដំឡូងមី និងសរសៃសូត្រ។ គម្រោងនេះនឹងផ្ដល់បច្ចេកទេសដើម្បីផលិតផលិតផលកសិកម្ម មានគុណភាពស្តង់ដារ និងផ្គត់ផ្គង់ទៀងពេលវេលាតាមតម្រូវការទីផ្សារ ផ្ដល់ទុនសម្រាប់ផលិត នឹងស្វែងរកទីផ្សារលក់ផលិតផលដែលផលិតបានជូនកសិករខ្នាតតូចក្រីក្រ។
នាយកគម្រោងអែមស៍ នៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ឲ្យដឹងថា គម្រោងនេះនឹងអភិវឌ្ឍខ្សែចង្វាក់ដែលមានសក្ដានុពលអភិវឌ្ឍទីផ្សារដែលមានការរួមបញ្ចូលអ្នកពាក់ព័ន្ធទាំងអស់ បង្កើនចំណូលដល់កសិករខ្នាតតូច និងអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័នសម្រាប់វិស័យកសិកម្ម៖ «»។
គម្រោងអែមស៍ នឹងផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២០ភាគរយ នៃតម្រូវការប្រាក់ធ្វើអាជីវកម្មសរុបដល់គំនិតផ្ដួចផ្ដើមដែលយល់ព្រមដោយអ្នកគ្រប់គ្រងគម្រោង ចំពោះកសិករខ្នាតតូចក្រីក្រ ឬម្ចាស់អាជីវកម្មទាក់ទងនឹងផលិតផលរបស់កសិករក្រីក្រដែលកំពុង ឬគ្រោងផលិតផលិតផលទាំងប្រាំ នឹងដំណើរការកន្លែងកែច្នៃផលិតផលទាំងនោះ។ ថវិកា ៨០ភាគរយផ្សេងទៀត កសិករ ឬវិស័យឯកជន ត្រូវខ្ចីពីស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត តាមអត្រាការប្រាក់កំណត់ដោយខ្លួនឯង។
តំបន់គោលដៅនៃគម្រោងនេះ មាន ១៥ខេត្ត ដោយបែងចែកជា ៣មណ្ឌលភូមិភាគ។
មន្ត្រីកម្មវិធីប្រចាំប្រទេសកម្ពុជា នៃមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម លោក ម៉េង សក្តិភូសិត ថ្លែងថា ថវិកានៃគម្រោងនេះ នឹងចំណាយទៅលើការរៀបចំបណ្ដុះបណ្ដាលកសិករ និងមន្ត្រី ហើយនឹងទុនសម្រាប់ផ្ទល់ប្រាក់ជំនួយដល់អ្នកដែលដាក់ផែនការអាជីវកម្មមកគម្រោងអែមស៍។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា ហៅកាត់ថា សេដាក លោក សម វិទូ យល់ថា គម្រោងនេះនឹងអាចជួយកសិករក្រីក្រឲ្យមានជីវភាពប្រសើរជាមុន។ ក៏ប៉ុន្តែលោកស្នើឡើងថា អ្នកគ្រប់គ្រងគម្រោងអែមស៍ ត្រូវធានាថា កសិករនឹងអាចអនុវត្តអ្វីបានផ្ដល់ដោយគម្រោងនេះ ដោយខ្លួនឯងបាន បើទោះជាគម្រោងនេះអស់សុពលភាពក៏ដោយ៖ «»។
ធនាគារពិភពលោក កាលពីឆ្នាំ២០១៥ ថ្លែងថា បណ្ដាញហេដ្ឋារចនាសម្ព័ន្ធអន់ខ្សោយនៅកម្ពុជា ពិសេសប្រព័ន្ធស្រោចស្រពទឹក និងផ្លូវនៅតាមទីជនបទ និងការមិនអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបជាបញ្ហាប្រឈមធំសម្រាប់កសិករ៕