Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ជំនាញ៖ គោល​នយោបាយ​ផ្ដល់​លុយ​កន្លះ​លាន​ដុល្លារ​ទៅ​ថ្នាក់​មូលដ្ឋាន​ជា​រឿង​វិជ្ជមាន

$
0
0

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យល់​ឃើញ​ថា គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សន្យា​នឹង​ទម្លាក់​លុយ​កន្លះ​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​នៅ​ក្នុង​ឃុំ-សង្កាត់ ក្រោយ​ឡើង​កាន់​អំណាច អាច​ជា​កម្មវិធី​នយោបាយ​ដែល​មាន​ប្រសិទ្ធភាព។ មិន​តែ​ប៉ុណ្ណោះ ការ​ប្រកាស​លុប​ចោល​ក្រសួង​មួយ​ចំនួន​ដែល​មិន​ចាំបាច់ ក្នុង​នោះ​មាន​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជាដើម ជា​រឿង​ដែល​ត្រឹមត្រូវ។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​សម្រាប់​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា មេ​បក្ស​ប្រឆាំង​បញ្ជាក់​ជំហរ​ថា នៅ​ពេល​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត​ក្រោយ​ឆ្នាំ​២០១៨ ក្រសួង​ដែល​មិន​ចាំបាច់ ហើយ​កិច្ចការ​ខ្លះ​ស្រដៀង ឬ​ជាន់​គ្នា​ទៅ​នឹង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជាមួយ​មេ​ឃុំ​ចៅ​សង្កាត់​ដែរ​នោះ នឹង​មិន​ទុក​ទៀត​ទេ។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ យល់​ឃើញ​ថា កម្មវិធី​នយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ចេញ​រឿង​ថវិកា​កន្លះ​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​ភូមិ-ឃុំ​នេះ ប្រហែល​អាច​ទៅ​រួច។ ជាង​នេះ​ទៀត ការ​កាត់​ចេញ​ក្រសួង​មួយ​ចំនួន និង​បន្ថយ​តម្លៃ​រថយន្ត​សេរី​ទំនើប​ដែល​មិន​ចាំបាច់ ទាំងនេះ​គឺ​ជា​ប្រភព​ចំណូល​មួយ​ផ្នែក​ទៀត​ដែល​អាច​ជួយ​ឲ្យ​ចំណូល​ពន្ធ​កើន​ឡើង ដើម្បី​អភិវឌ្ឍ​នៅ​មូលដ្ឋាន​កាន់​តែ​មាន​ប្រសិទ្ធភាព៖ «»

ក្នុង​កម្មវិធី​នយោបាយ​ទាំង ៥​ចំណុច​របស់​គណបក្ស​ប្រឆាំង​សម្រាប់​បើក​យុទ្ធនាការ​ឃោសនា​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ជា​ការ​ធ្វើ​វិមជ្ឈការ​អំណាច​ថវិកា​នៅ​ថ្នាក់​មូលដ្ឋាន បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​មហាជន​ដែល​ពុំ​ធ្លាប់​មាន។ គណបក្ស​សង្គ្រោះ​ជាតិ មាន​សុទិដ្ឋិនិយម​ចំពោះ​ថវិកា​ដែល​នឹង​ត្រូវ​ទម្លាប់​នៅ​គ្រប់​ឃុំ-សង្កាត់ គឺ​ជា​លុយ​ដែល​ត្រូវ​កាត់​ចេញ​ពី​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​ប្រមាណ ២០​ភាគរយ ក្នុង​ចំណោម​ថវិកា​ជាតិ​សរុប​ក្នុង​មួយ​ឆ្នាំៗ។

ទាក់ទិន​រឿង​នេះ ពលរដ្ឋ​ដែល​តាមដាន​ពី​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព​នយោបាយ​យល់​ឃើញ​ខុស​គ្នាៗ​អំពី​គោល​ជំហរ​របស់​គណបក្ស​ប្រឆាំង ដែល​ហ៊ាន​ប្រកាស​ថា​នឹង​ទម្លាក់​លុយ​ដើម្បី​អភិវឌ្ឍ​នៅ​ក្នុង​ឃុំ-សង្កាត់​ចំនួន ៥០​ម៉ឺន​ដុល្លារ ឬ​អាច​ច្រើន​ជាង​នេះ។

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ​ខ្លះ​ឲ្យ​ដឹង​ថា ពួក​គេ​ហាក់​មិន​សូវ​ដឹង​រឿង ឬ​ខ្វល់ខ្វាយ​របស់​អ្នក​នយោបាយ​សន្យា​នេះ​សន្យា​នោះ​ឡើយ។ ប្រភព​បន្ត​ថា ការ​សន្យា​បែប​ណា​របស់​អ្នក​នយោបាយ នោះ​គឺ​ជា​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​នយោបាយ។ ម្យ៉ាង​ទៀត ការ​កាត់ ឬ​ដោះដូរ​ស្ថាប័ន​រដ្ឋ​នោះ រឹត​តែ​ដឹង​មិន​ដល់ និង​យល់​មិន​កើត​ថែម​ទៀត​ផង៖ «»

ផ្ទុយ​ពី​នេះ​វិញ ពលរដ្ឋ​ខ្លះ​យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​ប្រហែល​ជា​អាច​មាន​លទ្ធភាព​ធ្វើ​បាន​ដូច​ការ​សន្យា។ បន្ថែម​ពី​លើ​នេះ​ទៀត ក្រសួង​ដែល​មាន​កិច្ចការ​ប្រហាក់​ប្រហែល​នឹង​ការងារ​របស់​មេ​ឃុំ​ចៅ​សង្កាត់ ទុក​នាំ​តែ​ជាន់​ការងារ​គ្នា​ប៉ុណ្ណោះ៖ «»

បើ​ទោះ​ជា​បែប​ណា ការ​យល់​ដឹង​របស់​ពលរដ្ឋ​ពុំ​មែន​សុទ្ធតែ​ដូច​គ្នា​នោះ​ឡើយ។ ពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​ពុំ​មាន​លទ្ធភាព​ស្វែងរក​ចំណូល​ដើម្បី​បោះ​ទុន​ទៅ​ថ្នាក់​ក្រោម​ជាតិ​បាន​ដូច​ការ​សន្យា​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ ក្រសួង​ដែល​មាន​ស្រាប់​ទៅ​ហើយ​នេះ ពុំ​ចាំបាច់​មាន​ហេតុផល​ណា​មួយ​ដើម្បី​កែ​ទម្រង់ ឬ​លុប​ចោល​នោះ​ទេ។ ការ​អនុវត្ត​បែប​នេះ វា​ជា​ការ​បិទ​សិទ្ធិ​សេរីភាព និង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នឹង​មិន​ពេញ​ចិត្ត​ឡើយ ហើយ​ការ​រក្សា​ទុក​ក្រសួង​ដែល​បក្ស​ប្រឆាំង​យល់​ឃើញ​ថា ចាំបាច់​ត្រូវ​លុប​ចេញ​នេះ វា​ក៏​មាន​ការងារ​ខ្លះ​ជួយ​បំពេញ​ភាព​ខ្វះខាត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ៖ «»

អ្នក​វិភាគ​សង្គម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្លាប់​រិះគន់​ក្រសួង និង​ស្ថាប័ន​រដ្ឋ​ខ្លះ​ដែល​មាន​ការងារ​ជាន់​គ្នា។ ស្ថាប័ន​សង្គម​ស៊ីវិល ក៏​ធ្លាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​លុប​ក្រសួង និង​អង្គភាព​ខ្លះ​ដែល​មិន​ចាំបាច់ ចោល​ដែរ។ អតីត​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី ធ្លាប់​បាន​លើក​ឡើង​ថា ស្ថាប័ន​រដ្ឋ​មាន​ច្រើន​ពេក ដែល​ស្ថាប័ន​ខ្លះ​មិន​ចាំបាច់។ លោក​បាន​ហៅ​ស្ថាប័ន​រដ្ឋាភិបាល​ដែល​មាន​ច្រើន​នេះ ថា​ជា​រដ្ឋាភិបាល​មាន​ក្បាល​ធំ ខ្លួន​តូច ជាដើម។ បច្ចុប្បន្ន​រដ្ឋាភិបាល​មាន​ក្រសួង​ប្រមាណ ២៥​ស្ថាប័ន។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ពេបជ្រាយ​ឲ្យ​គណបក្ស​ប្រឆាំង​ថា តាម​ពិត បក្ស​នេះ​ពុំ​បាន​លុប​ក្រសួង​ដូច​ដែល​ខ្លួន​បាន​សន្យា​ទេ ព្រោះ​បក្ស​ប្រឆាំង​មិន​បាន​ជាប់​ឆ្នោត​ដូច​ការ​ប្រកាស​ផង​នោះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​ឧសភា នេះ​ថា ថវិកា​ដែល​គណបក្ស​ប្រឆាំង​ប្រើ​ដើម្បី​ផ្ដល់​ឲ្យ​មេ​ឃុំ​ចៅ​សង្កាត់​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​នោះ គឺ​ជា​លុយ​ដែល​កាត់​ចេញ​ពី​កញ្ចប់​ថវិកា​ជាតិ​ប្រមាណ ២០​ភាគរយ។ យ៉ាង​ណា អ្នក​វិភាគ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​តែ​យល់​ឃើញ​ថា កម្មវិធី​នយោបាយ​ដែល​បក្ស​ប្រឆាំង​ដាក់​ចេញ​នេះ អាច​ធ្វើ​ទៅ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles