មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បញ្ជាក់ថា ពួកគាត់បានណែនាំមន្ត្រីបក្សប្រឆាំងម្តងជាពីរដង ហើយនិងឈានទៅបញ្ឈប់សកម្មភាពឃោសនារបស់ពួកគេទៀតផង ប្រសិនបើពួកគេនៅតែមិនព្រមស្តាប់តាមការណែនាំទៀតនោះ។ មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ពួកគាត់មិនបានរំលោភបំពានច្បាប់ឃោសនាបោះឆ្នោតទេ ប៉ុន្តែគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងអាជ្ញាធរគណបក្សប្រជាជនកម្ពុជា ទៅវិញទេ ដែលរឹតត្បិតមកលើបក្សប្រឆាំង។
មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បញ្ជាក់ថា ដំណើរការឃោសនារយៈពេលបួនថ្ងៃ គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ។
មន្ត្រីដដែលអះអាងថា មិនមានបញ្ហាប្រឈមមុខដាក់គ្នារវាងគណបក្សនយោបាយ ហើយសន្តិសុខសុវត្ថិភាពល្អ ប៉ុន្តែគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅខេត្តកំពង់ធំ បានទទួលពាក្យបណ្ដឹងពីមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅតាមបណ្ដាឃុំជិត ១០ ដែលបានប្ដឹងមន្ត្រីគណបក្សសង្គ្រោះជាតិ ថាបានរំលោភបទបញ្ជាស្ដីពីការឃោសនាបោះឆ្នោត កំណត់ឡើងដោយគណៈកម្មការក្រុមប្រឹក្សាឃុំ-សង្កាត់រៀបចំការបោះឆ្នោត។
ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ លោក ប្រែង សាវុធ មានប្រសាសន៍នៅថ្ងៃទី២៣ ឧសភា ថា មានឃុំមួយចំនួន មន្ត្រីគណបក្សសង្គ្រោះជាតិ មិនបានគោរពតាមនីតិវិធីនៃការឃោសនាបោះឆ្នោតទេ។ លោកបន្តថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានណែនាំមន្ត្រីគណបក្សប្រឆាំងឲ្យគោរពទៅតាមប្រតិទិនស្ដីពីការឃោសនាបោះឆ្នោត ប៉ុន្តែពួកគេនៅតែបំពានដដែល៖ «ចុងក្រោយប្រសិនបើគាត់នៅតែធ្វើអ៊ីចឹងទៀត ខ្ញុំនឹងឲ្យគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត សុំកម្លាំងអន្តរាគមន៍ពីសមត្ថកិច្ចមិនឲ្យគាត់ធ្វើតែម្តង»។
មន្ត្រីគណបក្សប្រជាជនកម្ពុជា បានប្ដឹងមន្ត្រីគណបក្សសង្គ្រោះជាតិ ទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ ចំពោះការរំលោភបទបញ្ជា និងនីតិវិធីស្ដីពីការឃោសនាបោះឆ្នោត រួមមានឃុំង៉ន ឃុំឈើទាល ឃុំក្លែង ក្នុងស្រុកសណ្ដាន់ ឃុំសាគ្រាម ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ឃុំច្រនៀង ឃុំស្រឡៅ ស្រុកបារាយណ៍។
លោក ប្រែង សាវុធ ពន្យល់ពីនីតិវិធីនៃការឃោសនាបោះឆ្នោតថា រាល់សកម្មភាពហែក្បួនក្តី ឬការប្រជុំឃោសនាមហាជនក្តី តម្រូវឲ្យគ្រប់គណបក្សនយោបាយដែលមានឈ្មោះបេក្ខជនប្រកួតប្រជែងក្នុងឃុំកំណត់ពេលវេលាមួយ ហើយដាក់ជូនទៅគណៈកម្មការក្រុមប្រឹក្សាឃុំ-សង្កាត់រៀបចំការបោះឆ្នោតឲ្យបាន ៣ថ្ងៃមុនពេលធ្វើសកម្មភាពរបស់ខ្លួន ជៀសវាងជាន់ពេលវេលាគណបក្សផ្សេងទៀត។
លោកបន្ថែមថា នៅក្នុងមូលដ្ឋានឃុំ-សង្កាត់ទាំង៨១ នៅខេត្តកំពង់ធំ គ្រប់គណបក្សនយោបាយដែលមានឈ្មោះបេក្ខជនប្រកួតប្រជែងក្នុងការបោះឆ្នោត បានឯកភាពគ្នាជាមួយគណៈកម្មការក្រុមប្រឹក្សាឃុំ-សង្កាត់រៀបចំការបោះឆ្នោតរួចហើយ ប៉ុន្តែគណបក្សសង្គ្រោះជាតិ មិនបានគោរពតាម។
ប្រធានគណបក្សប្រជាជនកម្ពុជា នៅឃុំច្រនៀង លោក សុខ ហួន បញ្ជាក់ថា លោកដាក់ពាក្យប្ដឹងមន្ត្រីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ឧសភា ដោយមើលឃើញថា គណបក្សនេះបានរំលោភលើបទបញ្ជាស្ដីពីការឃោសនាបោះឆ្នោត ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ឧសភា។ លោកថា តាមកាលវិភាគថ្ងៃឃោសនាបោះឆ្នោតថ្ងៃដំបូង គឺគណបក្សប្រជាជនកម្ពុជា ត្រូវហែក្បួនឃោសនា ហើយគណបក្សសង្គ្រោះជាតិ ត្រូវធ្វើពិធីជួបជុំដើម្បីអានសារនយោបាយរបស់ខ្លួន ប៉ុន្តែពួកគេបានជានាំគ្នាហែក្បួនឃោសនាទៅវិញ៖ «ដោយគាត់មិនបានគោរពតាមកម្មវិធី កាលវិភាគរបស់គណៈកម្មការឃុំច្រនៀង»។
ប្រភពដដែលបញ្ជាក់ថា គណៈកម្មការក្រុមប្រឹក្សាឃុំ-សង្កាត់រៀបចំការបោះឆ្នោត នឹងកោះហៅភាគីគណបក្សទាំងពីរជួបគ្នា ដើម្បីសម្របសម្រួលនៅថ្ងៃទី២៦ ឧសភា ហើយលោករង់ចាំមើលជំហររបស់មន្ត្រីគណបក្សជំទាស់ថាហ៊ានទទួលស្គាល់កំហុស ឬយ៉ាងណា។
ឆ្លើយតបបញ្ហានេះ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ លោក ស៊ុន ចន្ធី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនបានរំលោភបទបញ្ជាស្ដីពីការឃោសនាបោះឆ្នោតទេ ព្រោះខាងលោកបានជូនដំណឹងស្ដីពីការកែប្រែកម្មវិធីឃោសនារបស់ខ្លួននៅឃុំមួយចំនួន ហើយគណៈកម្មការក្រុមប្រឹក្សាឃុំ-សង្កាត់រៀបចំការបោះឆ្នោត ក៏បានយល់ព្រមដែរ ប៉ុន្តែករណីនេះ ត្រូវបានជំទាស់ដោយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តទៅវិញ។ បន្ថែមពីនេះ គ្មានហេតុផលណាមួយដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវមកប្ដឹងគណបក្សសង្គ្រោះជាតិ ដែរ។ លោកហៅការប្ដឹងគណបក្សខ្លួន ថាជាការមិនយល់ពីនីតិវិធីឃោសនាបោះឆ្នោត និងជាការច្រណែនគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រច្រើនតែប៉ុណ្ណោះ៖ «ច្បាប់គេកំណត់ថាការឃោសនាហែក្បួនធំៗនៅក្នុងឃុំ គឺមានរយៈពេលពីរដងក្នុងដំណើរការនៃការឃោសនាបោះឆ្នោត។ គណបក្សសង្គ្រោះជាតិ នៅក្នុងឃុំនីមួយៗ ទើបតែដំណើរការបានម្តងគត់។ ឃុំខ្លះមិនទាន់ដំណើរការផង ហើយរឿងអីគណបក្សប្រជាជន មកប្ដឹងគណបក្សសង្គ្រោះជាតិ ថាបំពាននីតិវិធី។ សួរថាតើបំពាននីតិវិធីមួយណា?»។
មន្ត្រីគណបក្សប្រឆាំងរូបនេះអះអាងថា នៅល្ងាចថ្ងៃទី២៣ ឧសភា អាជ្ញាធរឃុំឈូកខ្សាច់ បានឃាត់សកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ មិនឲ្យហែក្បួនឃោសនាទេ។ លោកយល់ថា សកម្មភាពនេះជាការរំលោភច្បាប់បោះឆ្នោត ព្រោះខាងលោកមិនបានបំពានបទបញ្ជាឃោសនា ឬនីតិវិធីឃោសនាបោះឆ្នោតឡើយ។
លោកថា មិនត្រឹមតែគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ទេដែលរឹតត្បិតសកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែសូម្បីអាជ្ញាធរខេត្ត ក៏មិនបានផ្តល់សិទ្ធិសេរីភាពជូនគណបក្សសង្គ្រោះជាតិ ដែរ។ ជាក់ស្តែងសំណើរបស់មន្ត្រីបក្សប្រឆាំងមួយនេះ សុំទីធ្លាសាធារណៈចំនួនពីរកន្លែងនៅទីរួមខេត្ត ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបដិសេធ ក្រោមហេតុផលថាដើម្បីថែរក្សាសណ្ដាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរណ៍ ហើយផ្តល់ទីតាំងផ្សេងដែលគណបក្សខ្លួនមិនត្រូវការ ហើយឆ្ងាយពីទីប្រជុំជន ជាដើម។
ទោះបីជាយ៉ាងនេះក្តី សង្គមស៊ីវិលក្នុងខេត្តនេះមើលឃើញថា នីតិវិធីឃោសនាបោះឆ្នោតហាក់មានគោលដៅរឹតបន្តឹងទៅលើគណបក្សប្រឆាំង។
មន្ត្រីសម្របសម្រួលស្តីទីអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ បារម្ភថា ប្រសិនបើនីតិវិធីស្ដីពីការឃោសនាបោះឆ្នោតរឹតបន្តឹងខ្លាំងពេក អាចធ្វើឲ្យការផ្សព្វផ្សាយគោលនយោបាយបក្សនីមួយៗ ពិសេសគណបក្សប្រឆាំងមិនបានជ្រាបដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៖ «ថាយើងមានការបារម្ភទៅដល់ប្រជាពលរដ្ឋ ឬអ្នកគាំទ្រដែលគាត់មិនបានយល់ពីគោលនយោបាយនីមួយៗ។ អ៊ីចឹងសុំឲ្យមានការបើកទូលាយបន្តិចទៅ»។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ប្រសិនបើប្រជាពលរដ្ឋមិនអាចយល់ដឹងពីគោលនយោបាយរបស់គណបក្សនីមួយៗឲ្យបានគ្រប់គ្រាន់ គឺងាយនឹងធ្វើឲ្យពួកគាត់សម្រេចចិត្តខុសក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅមូលដ្ឋានជាក់ជាមិនខាន។
ខេត្តកំពង់ធំ មានគណបក្សចំនួន៩ ដែលបានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការប្រកួតប្រជែងក្នុងពេលបោះឆ្នោតថ្ងៃទី៤ មិថុនា និងមានឃុំ-សង្កាត់ចំនួន៨១ ព្រមទាំងមានប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួនជាង ៣០ម៉ឺននាក់៕