គិតត្រឹមថ្ងៃទី៣ ខែមីនា នេះ គឺមានរយៈពេល ៦៦ថ្ងៃហើយ បន្ទាប់ពីស្ត្រីរកស៊ីផ្លូវភេទម្នាក់បានស្លាប់ដោយលង់ទឹកនៅពេលត្រូវក្រុមសន្តិសុខខណ្ឌដូនពេញ បានដេញចាប់ ក្រោមហេតុផលដើម្បីរក្សាសណ្ដាប់ធ្នាប់។ ករណីនេះក្រុមអង្គការសង្គមស៊ីវិល ដែលកំពុងទន្ទឹងយុត្តិធម៌សម្រាប់រូបនាង នាំគ្នាធ្វើពិធីរំលឹកពីការស្លាប់របស់នាង។
បណ្ដាញក្រុមអង្គការសង្គមស៊ីវិលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី និងក្រុមស្ត្រីរកស៊ីផ្លូវភេទប្រមាណ ៥០នាក់ បានជួបប្រជុំគ្នានៅសួនច្បារក្បែរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងទាមទាររកយុត្តិធម៌ដល់ស្ត្រីរកស៊ីផ្លូវភេទនាង ប៉ែន សុគន្ធា។
ស្ត្រីរកស៊ីផ្លូវភេទ ឈ្មោះ ប៉ែន សុគន្ធា ហៅស្រីម៉ៅ បានលង់ទឹកស្លាប់កាលពីយប់ថ្ងៃទី១ ខែមករា បន្ទាប់ពីនាងបានរត់គេចពីក្រុមសន្តិសុខខណ្ឌដូនពេញ ដែលដេញចាប់ក្រុមស្រីរកស៊ីផ្លូវភេទក្នុងបំណងរក្សាសណ្ដាប់ធ្នាប់សាធារណៈម្ដុំសួនច្បារខាងក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នៅពេលនោះ នាង ប៉ែន សុគន្ធា បានរត់ទៅដួលបោកនឹងទូកទេសចរណ៍ហើយធ្លាក់ក្នុងទឹកទន្លេសាប។
អ្នកនៅកន្លែងកើតហេតុលើកឡើងថា សន្តិសុខបានហាមប្រាមមិនអោយមានអ្នកជួយនាង ប៉ែន សុគន្ធា ឡើយ។ សពរបស់នាងត្រូវគេរកឃើញនៅមិនឆ្ងាយប៉ុន្មានពីស្ពានច្បារអំពៅ កាលពីថ្ងៃទី៣ ខែមករា។ សុគន្ធា បានបន្សល់ទុកកូនប្រុសពិការមានអាយុ ៦ឆ្នាំម្នាក់។អ្នកសម្របសម្រួលតស៊ូមតិនៃបណ្ដាញការងារស្ត្រីរួបរួមគ្នា និងអ្នករៀបចំកម្មវិធី អ្នកស្រី ចាន់ សោភ័ណ្ឌ លើកឡើងថា ការជួបប្រជុំគ្នារបស់ក្រុមស្ត្រីនៅពេលនេះ មានគោលបំណងរំលឹកពីការស្លាប់របស់នាង ប៉ែន សុគន្ធា ហៅស្រីម៉ៅ និងការរួបរួមគ្នាលើកទឹកចិត្តដល់ក្រុមស្ត្រីរកស៊ីផ្លូវភេទដើម្បីចិញ្ចឹមជីវិត ថាពួកគេមិនឋិតនៅឯកកាឡើយ៖ «ជាពិសេសទៀតគឺយើងចង់ពង្រឹងស្មារតីរបស់អ្នកប្រកបរបរផ្លូវភេទដែលគាត់មើលឃើញថា ករណីបងគន្ធា បានស្លាប់ទៅធ្វើអោយមានការភ័យខ្លាច និងរអាក្នុងការប្រកបការងាររបស់គាត់។ នេះគឺជាកត្តាមួយជួយជំរុញគាត់អោយមានស្មារតីរឹងមាំ ជាពិសេសមានទំនុកចិត្តក្នុងការដែលគាត់ប្រឈមមុខនឹងបញ្ហាជាច្រើទៅមុខទៀត»។
ក្នុងការជួបជុំគ្នានោះពួកគេបានស្មិងស្មាធិ៍រំលឹកវិញ្ញាណក្ខន្ធ អុជទៀនធូប សរសេរសារដែលមានន័យលើកទឹកចិត្តដល់ស្ត្រីអ្នករកស៊ីផ្លូវ និងច្រៀងចម្រៀងពីជីវិតស្ត្រីរកស៊ីផ្លូវភេទ៖ «សំឡេងចម្រៀង»។
ស្របគ្នានេះក្រុមអង្គការសង្គមស៊ីវិល និងស្ត្រីរកស៊ីផ្លូវភេទរំពឹងដែរថា អាជ្ញាធរនឹងអាចស្វែងរកយុត្តិធម៌សម្រាប់រូបនាង ប៉ែន សុគន្ធា។
ស្ត្រីអ្នករកស៊ីផ្លូវភេទម្នាក់លើកឡើងថា ពួកគាត់ប្រកបរបរនេះក៏ព្រោះតែគ្មានជម្រើស និងដើម្បីតែគ្រួសារ។ ស្ត្រីរូបនេះបន្តថានាង ប៉ែន សុគន្ធា គួរតែទទួលបានយុត្តិធម៌៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលអាចជួយរកដំណោះស្រាយអោយដល់ពួកខ្ញុំផង សុំអោយតែគាត់រកយុត្តិធម៌អោយ ហើយពួកខ្ញុំចង់បានសិទ្ធិ ព្រោះពួកខ្ញុំជាមនុស្ស ខ្ញុំក៏ចង់បានសិទ្ធិដូចពលរដ្ឋទូទៅដែរ»។
កាលពីខែមករា អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានស្នើទៅក្រសួងចំនួន៣ គឺក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី អោយជួយរកយុត្តិធម៌ដល់នាង ប៉ែន សុគន្ធា។ ក្រសួងយុត្តិធម៌បានបញ្ជូនសំណុំរឿងនេះទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់អាស៊ីសេរី តាមបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) កាលពីខែកុម្ភៈ ថា ស្ថាប័នលោកកំពុងពិនិត្យ និងចាត់ការលើសំណុំឯកសារទាំងនេះ។
ចំពោះអ្នករៀបចំកម្មវិធី អ្នកស្រី ចាន់ សោភ័ណ្ឌ វិញអះអាងថា នឹងតាមដានចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធករណីនេះ៖ «ការទាមទារយុត្តិធម៌សម្រាប់បង ប៉ែន សុគន្ធា គឺយើងនៅតែធ្វើ ព្រោះ ករណីអត់ទាន់បានបំភ្លឺនៅឡើយទេ ហើយយើងបានតាមដានជាមួយបណ្ដាក្រសួងពាក់ព័ន្ធ និងក្រសួងកិច្ចការនារីពីករណីមួយនេះ»។
ក្រុមស្ត្រីដែលចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធ នាង ប៉ែន សុគន្ធា នាំគ្នាជិះទូកហែនាំយកផ្កា ទៀន ធូប និងប្រទីបទៅបណ្ដែតនៅកណ្ដាលទន្លេសាប ដោយឧទ្ទិសដល់វិញ្ញាណក្ខន្ធនាង។
ក្រៅពីធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ និងទាមទាររកយុត្តិធម៌សម្រាប់នាង ប៉ែន សុគន្ធា ក្រុមអង្គការសង្គមស៊ីវិល និងស្ត្រីរកស៊ីផ្លូវភេទបានអំពាវនាវដល់អាជ្ញាធរ និងសាធារណជនអោយបញ្ឈប់ការរើសអើង និងរំលោភសិទ្ធិស្ត្រីរកស៊ីផ្លូវភេទ៕