ក្រុមប្រឹក្សាធម្មនុញ្ញឯកភាពលើខ្លឹមសារនៃសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយហើយនៅថ្ងៃទី៣ មីនា បើទោះជាច្បាប់នេះរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ជាច្បាប់សំដៅរឹតបន្តឹងគណបក្សប្រឆាំង និងប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សក្ដី។ ចំណែកបក្សប្រឆាំងថា ខ្លួននឹងកែប្រែច្បាប់នេះឲ្យមានលក្ខណៈទូលាយឡើងវិញ នៅពេលបក្សនេះឡើងកាន់អំណាច។
ក្រោយពេលសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលធ្វើឡើងដោយតំណាងរាស្ត្រគណបក្សកាន់អំណាច តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអ្នកសង្កេតការណ៍ថា ដើម្បីរារាំងមិនឲ្យប្រធានបក្សប្រឆាំងចូលរួមដឹកនាំការប្រកួតប្រជែង និងឈានដល់ការរំលាយគណបក្ស បើមេបក្សមានទោសជាដើមនោះ មិនបានកន្លះខែផង សេចក្ដីស្នើកែប្រែច្បាប់នេះ ត្រូវបានរដ្ឋសភា ព្រឹទ្ធសភា អនុម័តយល់ព្រម ហើយចុងក្រោយនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានឯកភាពទាំងស្រុងលើខ្លឹមសារនៃច្បាប់នេះ ដោយមិនមានការកែប្រែលើចំណុចណាមួយឡើយ។
ចំណែកសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងការងារបោះឆ្នោត និងគណបក្សប្រឆាំងចាត់ទុកច្បាប់នេះ រំលោភរដ្ឋធម្មនុញ្ញ និងរឹតត្បិតសេរីភាពរបស់គណបក្សនយោបាយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថា គណបក្សរបស់លោកមិនដែលគាំទ្រការកែប្រែច្បាប់នេះ ហើយលោកស្ដាយដែលគណបក្សអំណាចព្យាយាមរឹតត្បិតគណបក្សនយោបាយផ្សេងទៀតឲ្យកាន់តែចង្អៀត។ លោកបន្តថា ខ្លួននឹងកែប្រែច្បាប់នេះឲ្យមានលក្ខណៈទូលាយឡើងវិញ នៅពេលបក្សរបស់លោកឡើងកាន់អំណាច។ លោកថា ច្បាប់នេះដែរគឺសំដៅរឹតបន្តឹងលើគណបក្សប្រឆាំងតែម្ដង៖ «ជាការពិតបើមិនសំដៅគណបក្សសង្គ្រោះជាតិ សំដៅលើអ្នកនរណា? ដោយសារឃើញគណបក្សសង្គ្រោះជាតិ មានការគាំទ្រពីប្រជាពលរដ្ឋខ្លាំង ហើយគេ (បក្សកាន់អំណាច) មានចេតនាមិនល្អចំពោះគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែយ៉ាងណា យើងនឹងខំប្រឹងប្រែងការយល់ដឹងរបស់យើងដើម្បីបញ្ចៀសបញ្ហាហានិភ័យចំពោះគណបក្ស»។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់ថា ច្បាប់នេះមិនស្របតាមរដ្ឋធម្មនុញ្ញទេ ជាពិសេសនឹងបង្កបញ្ហាដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតែម្ដង។ លោកពន្យល់ថា ច្បាប់ថ្មីនេះ បានផ្ដល់អំណាចដល់ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រដ្ឋាភិបាលអាចគ្រប់គ្រង ក្នុងន័យដាក់ទណ្ឌកម្ម ហាមឃាត់ ឬផ្អាកសកម្មភាពគណបក្សនយោបាយ រហូតដល់ប្ដឹងទៅតុលាការកំពូលរំលាយគណបក្សនោះទៀត៖ «អ៊ីចឹងគេរំលាយគណបក្ស គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅសង្គមគេនោះ។ ទាល់តែគណបក្សនោះជាប្រភេទគណបក្សប្រភេទហ្វាស៊ីស (Fascist) ដែលគ្រប់គ្រងរដ្ឋកាន់របបផ្ដាច់ការឃោរឃៅអី ទើបគេប្រុងប្រយ័ត្ន។ ប៉ុន្តែគេមិនរំលាយគណបក្សដោយគ្រាន់តែបញ្ចេញមតិ ហើយចោទប្រកាន់ថា ញុះញង់ថា ប៉ះពាល់សន្តិសុខរដ្ឋអ៊ីចឹង វាអត់ធ្វើកើតទេ»។
មាត្រា៤៤ ថ្មី នៃច្បាប់នេះ ចែងថា តុលាការអាចរំលាយគណបក្សនយោបាយបាន បើសិនជាគណបក្សនោះប្រព្រឹត្តអំពើអបគមន៍ ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋបង្កើតកងកម្លាំងប្រដាប់អាវុធ និងញុះញង់ដែលអាចនាំឱ្យមានការបែកបាក់ជាតិ ព្រមទាំងគណបក្សនយោបាយណាដែលស្ថិតក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរបស់រដ្ឋាភិបាលបរទេស។ ប៉ុន្តែអ្នកច្បាប់ និងអ្នកសង្កេតការណ៍ព្រួយបារម្ភចំពោះពាក្យពេចន៍ដែលចែងក្នុងមាត្រា៤៤ថ្មី នេះ ពីព្រោះមិនបានកំណត់និយមន័យទេ ដែលជាការបើកឱកាសឲ្យរដ្ឋាភិបាលបកស្រាយតាមចិត្ត បណ្ដាលឲ្យមានការរឹតត្បិតសិទ្ធិចូលរួមនយោបាយរបស់ពលរដ្ឋ។
បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញឯកភាពហើយ សេចក្ដីច្បាប់នេះ នឹងត្រូវថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្តលេខាឲ្យច្បាប់នេះចូលជាធរមាន ប៉ុន្តែនៅព្រឹកថ្ងៃទី៣ មីនា ព្រះមហាក្សត្របានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងបេកាំង ប្រទេសចិនហើយ។
នាយខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ ដារ៉ាវុធ ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៣ មីនា ថា ស្ថាប័នព្រះបរមរាជវាំង នៅមិនទាន់ទទួលបាននូវសេចក្ដីស្នើកែប្រែច្បាប់នេះទេ ហើយព្រះមហាក្សត្រនឹងអាចនឹងយាងត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពី២ ទៅ ៣សប្ដាហ៍។ ជំនួសព្រះមហាក្សត្រ ប្រមុខរដ្ឋស្ដីទីគឺប្រធានព្រឹទ្ធសភា លោក សាយ ឈុំ អាចចុះហត្ថលេខាលើច្បាប់នេះដើម្បីប្រកាសឲ្យប្រើបានដែរ៕