ចាប់តាំងពីការចាប់ផ្ដើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានរយៈពេល ៣ថ្ងៃមក គឺមានភាពមិនប្រក្រតីខ្លះបានកើតឡើងនៅតំបន់ដាច់ស្រយាលនៃខេត្តឧត្តរមានជ័យ ជាបន្តបន្ទាប់។ ភាពមិនប្រក្រតីទាំងនោះដូចជា មានទាហានស្លៀកពាក់ស៊ីវិលខ្លះចុះដើរតាមភូមិ រួចហើយគាបសង្កត់ប្រជាពលរដ្ឋ ត្រូវតែបោះឆ្នោតឲ្យគណបក្សកាន់អំណាច និងបេក្ខជនក្រុមប្រឹក្សាឃុំលំទង នៃគណបក្សកាន់អំណាចខ្លះ បានហាមប្រជាពលរដ្ឋណាដែលមិនគាំទ្រពួកគេ មិនឲ្យទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ ខែមិថុនា ជាដើម។
ប្រជាពលរដ្ឋខ្លះនៅភូមិចារថ្មី និងភូមិគោកសំព័រ នៃឃុំលំទង ស្រុកអន្លង់វែង កំពុងបារម្ភចំពោះការសម្រេចចិត្តទៅបោះឆ្នោតជ្រើសរើសមេឃុំអាណត្តិថ្មី ថាតើនឹងត្រូវប្រើសិទ្ធិរបស់ខ្លួន ឬក៏យ៉ាងណា?
ការព្រួយបារម្ភនេះ បន្ទាប់ពីគេអះអាងថា មានទាហានខ្លះ និងបេក្ខជនក្រុមប្រឹក្សាខ្លះនៃឃុំលំទង នៃគណបក្សកាន់អំណាច បានដើរគាបសង្កត់ពួកគេ ត្រូវតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយប្រសិនបើអ្នកណាមិនបោះឆ្នោតគាំទ្រទេ គឺកុំទៅបោះឆ្នោតគាំទ្រគណបក្សផ្សេង។
បុរសអ្នកភូមិចារថ្មី ម្នាក់ក្នុងចំណោមខ្លះទៀតដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ទី២៣ ខែឧសភា ថា ជាច្រើនថ្ងៃមកនេះមានទាហានមួយក្រុមដែលស្លៀកពាក់ស៊ីវិល បាននាំគ្នាមកដេកនៅសាលាឆទានក្នុងភូមិរបស់គាត់។ ទាហានទាំងនោះតែងដើរគាបសង្កត់ និងគំរាមអ្នកភូមិឲ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ៖ «ទាហាននោះ គឺស្គាល់ម្នាក់ឈ្មោះ ជឿន ប៉ុន្តែមិនស្គាល់នាមត្រកូលទេ។ ក្រុមនោះដេកនៅនឹងសាលាឆទាន មានឡានចំនួន ៤គ្រឿង ដើរគំរាមប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បើសិនជាបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ កុំដើរលើផ្លូវរបស់គេ»។
ទោះជាយ៉ាងណា អ្នកភូមិមិនច្បាស់ថាតើក្រុមទាហានទាំងនោះចេញពីអង្គភាពណាមួយនៅឡើយទេ។
ចំណែកអ្នកភូមិគោកសំព័រ លោកស្រី អ៊ិន ស្រីល័ក្ខ មានប្រសាសន៍ថា កាលពីថ្ងៃទី១៧ ខែឧសភា មានបេក្ខជនក្រុមប្រឹក្សាឃុំលំទង ចំនួន ៣នាក់ មកសួរគាត់ថា តើមានកង្វល់លើបញ្ហាអ្វីខ្លះ? ពេលគាត់ឆ្លើយថា មានកង្វល់អំពីបញ្ហាមេឃុំរំលោភយកដីរបស់គាត់ បញ្ហាក្រុមហ៊ុនចិន ធ្វើទំនប់ទឹកស្ទឹងស្រែងទី២ បណ្ដាលឲ្យលិចដំណាំដោយគ្មានសំណង និងបញ្ហាទាហានចូលទៅកាន់កាប់ដីមួយចំនួននោះ គឺបេក្ខភាពក្រុមប្រឹក្សាឃុំទាំង ៣នាក់ ប្រាប់ថា បើសិនជាចង់បានដីមកវិញ ទាល់តែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ប៉ុន្តែបើបោះឆ្នោតគាំទ្របក្សប្រឆាំង មិនបាច់ទៅបោះឆ្នោតទេ៖ «ហាមឃាត់មិនឲ្យទៅបោះឆ្នោតទេ។ គាត់ថាបើសិនជាចង់បានដីហ្នឹងមកវិញ មិនឲ្យទៅបោះឆ្នោតទេ ទើបបញ្ជាក់ថាស្មោះត្រង់នឹងបក្ស»។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ លោក ជីង សំភួ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់បានទទួលព័ត៌មានស្ដីពីការគំរាមកំហែងទាំងនោះទេ។ លោកយល់ថា ប្រសិនបើមានការគំរាមដូច្នេះមែន គឺជាអំពើខុសច្បាប់ធ្ងន់ធ្ងរ៖ «ចំពោះបញ្ហាហាមឃាត់ប្រជាពលរដ្ឋថាមិនឲ្យទៅបោះឆ្នោតនេះ ខ្ញុំនឹងចាត់ឲ្យមន្ត្រី CEC ឃុំលំទង ចុះទៅត្រួតពិនិត្យឲ្យច្បាស់លាស់»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យដឹងថា លោកបានទទួលព័ត៌មានស្ដីពីការគំរាមទាំងនេះពីប្រជាពលរដ្ឋ ចំណែកឯផ្ទាំងបដារបស់អាដហុក ដែលទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ដែលដាក់នៅភូមិចារថ្មី នោះ ក៏ត្រូវជនមិនស្គាល់មុខលួចយកទៅបាត់ដែរ។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលសភាអនុម័តថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បានចែងថា ជនណាដែលរារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត គឺត្រូវពិន័យជាប្រាក់ពី ៥លានរៀលទៅ ២០លានរៀល ព្រមទាំងមានទោសព្រហ្មទណ្ឌថែមទៀត៕