Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​និង​ពលរដ្ឋ​ឃុំ​ប៉ាតេ​ប្ដឹង​អ្នក​កាសែត​២​នាក់​ថា​រំលោភ​សិទ្ធិ​រក្សា​ការ​សម្ងាត់​បោះឆ្នោត

$
0
0

អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចំនួន ៤​នាក់ ចោទ​ប្រកាន់​អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរ​នាក់ ថា​បាន​រំលោភ​សិទ្ធិ​រក្សា​ការ​សម្ងាត់​នៃ​ការ​បោះឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​កំណត់។ ចំណែក​អ្នក​យក​ព័ត៌មាន បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ អះអាង​ថា សមត្ថកិច្ច​ប៉ូលិស​បាន​ណែនាំ​ឲ្យ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ពីរ​នាក់ ចាកចេញ​ពី​ភូមិ ខណៈ​ដែល​អ្នក​ភូមិ​គងយុ និង​មន្ត្រី​ឃុំ​ប៉ាតេ បាន​ដាក់​ពាក្យ​ប្ដឹង​ថា អ្នក​កាសែត​បាន​សួរ​សំណួរ​រំលោភ​សិទ្ធិ​រក្សា​ការ​សម្ងាត់​បោះឆ្នោត គ្រា​ដែល​គណបក្ស​នយោបាយ​កំពុង​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៤។

អ្នក​កាសែត​ទាំង​ពីរ​រូប គឺ​លោក អូន ភាព និង​ជនជាតិ​កាណាដា លោក ភីតធ័រ ស៊ុមបឺរ (Pitter Zsomber) បាន​ធ្វើ​ដំណើរ​មក​កាន់​ភូមិ​គងយុ និង​ភូមិ​គងធំ ឃុំ​ប៉ាតេ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា។

អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា អ្នក​ភូមិ​ពីរ​នាក់​រួម​ជាមួយ​មេ​ឃុំ និង​ស្មៀន​ឃុំ​ប៉ាតេ បាន​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ស្រុក ឲ្យ​ជួយ​អន្តរាគមន៍​រឿង​នេះ ដោយសារ​អ្នក​កាសែត​បាន​សាកសួរ​សំណួរ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា និង​ហេតុ​អ្វី​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ចាត់​ទុក​សំណួរ​របស់​អ្នក​សារព័ត៌មាន ធ្វើ​ឲ្យ​ប៉ះពាល់​បទបញ្ជា និង​នីតិវិធី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល គ..ប បាន​ហាមឃាត់៖ «គេ​កំពុង​ឃោសនា គាត់​ទៅ​សួរ​សំណួរ​អ៊ីចឹង ចាំបាច់​ទៅ​ឃោសនា​ធ្វើ​ស្អី! បើ​សួរ តើ​អ្នក​ឯង​គួរ​បោះឆ្នោត​ឲ្យ​អ្នក​ណា គណបក្ស​ណា? នេះ​មិន​មែន​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​នីតិរដ្ឋ​ទេ»

ឆ្លើយតប​ការ​អះអាង​នេះ អ្នក​យក​ព័ត៌មាន​កាសែត ឌឹ ខេមបូឌា ដេលី មួយ​រូប គឺ​លោក អូន ភាព បដិសេធ​ថា ក្រុម​អ្នក​យក​ព័ត៌មាន​លោក​មិន​បាន​សួរ​សំណួរ​ដូច​ការ​អះអាង​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា អ្នក​យក​ព័ត៌មាន​ជា​ជន​បរទេស គឺ​លោក ភីតធ័រ ស៊ុមបឺរ បាន​ជួប​ប្រជាពលរដ្ឋ និង​មន្ត្រី​ឃុំ ដើម្បី​សួរ​ព័ត៌មាន​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១២ ដែល​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ​បោះឆ្នោត​ឲ្យ​គណបក្ស សម រង្ស៊ី ជាប់​ឆ្នោត​ជា​មេ​ឃុំ ផ្ទុយ​ពី​ឃុំ​ដទៃ​ទៀត​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជាប់​ជា​មេ​ឃុំ​ទាំងអស់។ លោក​ថា ពួក​លោក​បាន​ចាកចេញ​ពី​ភូមិ បន្ទាប់​ពី​បាន​បញ្ជាក់​រឿង​ហេតុ​ប្រាប់​មន្ត្រី​នគរបាល​រួច៖ «គ្នា​ខ្ញុំ​សួរ​ថា កាល​ពី​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១២ យើង​សង្កេត​ឃើញ​ថា ឃុំ-សង្កាត់​របស់ ស៊ី.ភី.ភី (CPP) ឈ្នះ​ស្ទើរ​ទាំងអស់។ ហេតុ​អ្វី​បាន​ជា​ឃុំ​ប៉ាតេ ឈ្នះ​គណបក្ស សម រង្ស៊ី ទៅ​វិញ? តើ​គាត់​មាន​ការ​យល់​ដឹង​យ៉ាង​ម៉េច​ដែរ

ផ្ទុយ​ពី​ការ​បដិសេធ​នេះ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ភូមិ​គងយុ លោក រចំ យេក បញ្ជាក់​ថា សំណួរ​របស់​អ្នក​កាសែត គឺ​ជា​សំណួរ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ប្រជាពលរដ្ឋ។ លោក​ថា សំណួរ​បែប​នេះ​ត្រូវ​បាន​អ្នក​កាសែត​សាកសួរ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដូច​គ្នា៖ «ក្នុង​អារម្មណ៍​យើង​មាន​ការ​ភ័យ​ខ្លាច សួរ​ថា​បោះ​ឲ្យ​ខាង​ណាៗ​អ៊ីចឹង? ខ្ញុំ​ថា​បោះ​ឲ្យ​គណបក្ស​ប្រជាជន។ ខ្ញុំ​ថា​បោះ​ឲ្យ​លោក ឆាយ ធី ឈ្នះ​ធ្វើ​មេ​ឃុំ»

ចំណែក​មេ​ឃុំ​ប៉ាតេ លោក រម៉ាម យូត បញ្ជាក់​ថា លោក និង​ស្មៀន​ឃុំ ក៏​ត្រូវ​អ្នក​កាសែត​សួរ​សំណួរ​ប្រហាក់​ប្រហែល​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​ដែរ។ លោក​ថា បាន​បញ្ជូន​របាយការណ៍ និង​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​ពិនិត្យ​មើល​សកម្មភាព​អ្នក​កាសែត​នេះ៖ «ប្រជាពលរដ្ឋ​គេ​កំពុង​ឃោសនា​បោះឆ្នោត គាត់​ទៅ​សម្ភាស​អ៊ីចឹង គេ​បោះឆ្នោត​គណបក្ស​នយោបាយ​ណា»

ទាក់ទង​ករណី​នេះ អ្នក​សង្កេតការណ៍​បោះឆ្នោត​អង្គការ​ខុមហ្វ្រែល (COMFREL) លោក ជួន ភិនដារ៉ា និង​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​រតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់​ដូច​គ្នា​ថា មិន​បាន​ដឹង​រឿង​នេះ​ទេ។ លោក​ថា បណ្ដឹង​ទាក់ទិន​ការ​ឃោសនា​បោះឆ្នោត អ្នក​ប្ដឹង​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​មក​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ-សង្កាត់​ដែល​កើត​មាន​បញ្ហា ដើម្បី​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ដោះស្រាយ​បញ្ហា​តាម​នីតិវិធី​របស់ គ..ប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles