Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​រស់នៅ​ជិត​ប្រឡាយ​ទឹក​ស្អុយ​បង្ហូរ​ចូល​ទន្លេ​នៅ​ស្វាយប៉ាក​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព

$
0
0

ការ​បង្ហូរ​ទឹក​ស្អុយ​តាម​លូ​បញ្ចូល​ក្នុង​ទន្លេ​ដោយ​គ្មាន​ចម្រោះ បាន​ធ្វើ​ឲ្យ​សុខភាព​ពលរដ្ឋ​កាន់​តែ​រងគ្រោះ និង​កាន់​តែ​បំផ្លាញ​បរិស្ថាន​តាម​ដង​ទន្លេ។ ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ប្រឡាយ​ទឹក​ស្អុយ​បង្ហូរ​ចេញ​ពី​រាជធានី​ភ្នំពេញ​មួយ​កន្លែង នៅ​ម្ដុំ​សង្កាត់​ស្វាយប៉ាក ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រៅ​ពី​ព្រួយ​បារម្ភ​បញ្ហា​សុខភាព ពួក​គេ​ក៏​បាន​រអ៊ូរទាំ​ថា​គ្មាន​សុភមង្គល​ក្នុង​គ្រួសារ ដោយសារ​តែ​ក្លិន​ស្អុយ​នៃ​ទឹក​លូ​នេះ។ សង្គម​ស៊ីវិល ថា​ការ​បង្ហូរ​ទឹក​ស្អុយ​នេះ​ប៉ះពាល់​ទាំង​សុខភាព​មនុស្ស និង​បរិស្ថាន​ចម្រុះ​ក្នុង​ទឹក​ទន្លេ។

សំឡេង​ពលរដ្ឋ​រអ៊ូ​ពី​បញ្ហា​ស្អុយ៖ «អា​ទឹក​ពពុះ​ហ្នឹង​ដែល​បូម​ខ្លាំង​ណាស់ វា​រឹត​តែ​ឆួល​ស្អុយ​ខ្លាំង​ណាស់ អា​នេះ​គ្រាន់​បាន​ខ្យល់ ពេល​ណា​វា​ហូរ​ទៅ​ខ្យល់​វា​មក​រំភើយៗ​ចឹង​មក ក្លិន​មក...»

ពលរដ្ឋ​ដែល​មាន​ផ្ទះ​លើ​ខ្នង​ប្រឡាយ​ទឹក​ស្អុយ​គីឡូម៉ែត្រ​លេខ​៩ បាន​ត្អូញត្អែរ​អំពី​ក្លិន​ស្អុយ​នៃ​លូ​បង្ហូរ​ទឹក​ស្អុយ​ពី​រាជធានី​ភ្នំពេញ ចូល​ក្នុង​ទឹក​ទន្លេ ព្រោះ​តែ​ទឹក​ស្អុយ​ហូរ​តាម​ប្រឡាយ​នេះ មិន​បាន​ចម្រោះ ឬ​បាន​ធ្វើ​ប្រព្រឹត្តិកម្ម​ឲ្យ​ទឹក​ស្អាត​ជា​មុន។

ពលរដ្ឋ​ម្នាក់​រស់នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ជាប់​ប្រឡាយ​លូ​ទឹក​ស្អុយ​គីឡូម៉ែត្រ​លេខ​៩ លោកស្រី ទង់ ចន្ថា ថ្លែង​ថា នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ មាន​តែ​ស្ថានីយ​បូម​ទឹក​ស្អុយ ប៉ុន្តែ​មិន​មាន​ការ​ចម្រោះ​ទឹក​ស្អុយ​នេះ​មុន​ពេល​បង្ហូរ​ចូល​ទន្លេ​នោះ​ទេ។ ក្រៅ​ពី​បាត់បង់​សុភមង្គល​ក្នុង​គ្រួសារ អាជីវករ​រូប​នេះ​បន្ថែម​ថា ក្លិន​ស្អុយ​បាន​ជះ​ក្លិន​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ ហើយ​អតិថិជន​របស់​លោកស្រី តែង​បើក​ឡាន ឬ​ម៉ូតូ​រំលង មិន​ហ៊ាន​ចូល​ទិញ​ទំនិញ​ពី​តូប​លោកស្រី​ឡើយ៖ «ទឹក​ហ្នឹង​វា​ហូរ​តិចៗ​ចឹង​ទៅ វា​នៅ​ខ្មៅ​នៅ​ហ្នឹង ហូរ​ដល់​ទន្លេ​ហ្នឹង​ម៉ង។ ដល់​ទន្លេ​ខ្មៅ​ឃ្លីក​ម៉ង អូន​ឯង​មិន​ឃើញ ហូរ​ទៅ​ដល់​ទន្លេ​ខ្មៅ​ហើយ មាន​អី​ទៀត ឡើង​ខ្មៅ ខ្មៅ​លែង​និយាយ ខ្មៅ​ដូច​ជ្រាំ។ ចាស់​ទៅ​ចេះ​ថា​អនាគត​យើង​ចេះ​តែ​ទ្រុឌទ្រោម​ហើយ​ណា ដល់​ពេល​វា​ស្អុយ​មក គេ​ហៅ​ជាន់​អ្ហា​មេរោគ​វា​ច្រើន​ណា ប៉ិន​ឥឡូវ​ហ្នឹង​វា​ឈឺ​ដែរ តែ​ឈឺ​ដើរ​បាន ញ៉ាំ​បាន ដេក​បាន វា​អត់​អី​ទេ តែ​ខ្លាច​ទៅ​មុខ​ទៀត»

ទឹក​ស្អុយ​ដែល​ហូរ​តាម​ប្រឡាយ​គីឡូម៉ែត្រ​លេខ​៩ នេះ ហូរ​ចេញ​តាម​ប្រព័ន្ធ​លូ​ពី​ភាគ​ខាង​ជើង​នៃ​រាជធានី​ភ្នំពេញ ហូរ​ចាក់​ចូល​ដោយ​ផ្ទាល់​ក្នុង​ទឹក​ទន្លេសាប នៅ​សង្កាត់​ស្វាយប៉ាក។ ពលរដ្ឋ​ដែល​ប្រកប​របរ​ចិញ្ចឹម​ត្រី​តាម​បែ​ក្រោម​ផ្ទះ​បណ្ដែត​ទឹក បាន​រំកិល​ផ្ទះ​បណ្ដែត​ទឹក​ចេញ​ពី​កន្លែង​បង្ហូរ​ទឹក​ស្អុយ​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​អ្នក​ចិញ្ចឹម​ត្រី​ខ្លះ​ទៀត​បាន​សម្រេច​ចិត្ត​ឈប់​ប្រកប​របរ​នេះ ដោយសារ​ត្រី​ងាប់​ច្រើន​ពេក នៅ​ពេល​ទឹក​ស្អុយ​ហូរ​ចូល​ទន្លេ​ម្ដងៗ។ មក​ដល់​ពេល​នេះ នៅ​មាត់​ប្រឡាយ​ទឹក​ស្អុយ​ដែល​បង្ហូរ​ចូល​ទន្លេ​នោះ មិន​មាន​នរណា​ចិញ្ចឹម​ត្រី​ទៀត​ទេ។

ពលរដ្ឋ​ដែល​រស់នៅ​លើ​ខ្នង​ប្រឡាយ​ទឹក​ស្អុយ​ក្នុង​ភូមិ​១ សង្កាត់​ស្វាយប៉ាក លោក វ៉េង វីរៈ ប្រាប់​ថា អ្នក​ភូមិ​រស់នៅ​ទាំង​បង្ខំ​ចិត្ត​ហិត​ក្លិន​ស្អុយ​ពី​ប្រឡាយ​ជា​រៀង​រាល់​ថ្ងៃ។ លោក​ថា អ្នក​ភូមិ​១ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទ្រាំ​ហិត ដើម្បី​ឲ្យ​ស៊ាំ​ច្រមុះ​ទេ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​សូវ​ចង់​ឲ្យ​អាជ្ញាធរ​អភិវឌ្ឍ​ប្រឡាយ​ទឹក​ស្អុយ ដើម្បី​បំបាត់​ក្លិន​ស្អុយ​នេះ​ប៉ុន្មាន​ទេ ព្រោះ​លោក​បារម្ភ​ខ្លាច​អាជ្ញាធរ​ប្រើ​លេស​អភិវឌ្ឍ​នេះ ដើម្បី​បង្ខំ​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ផ្ទះ៖ «ស្អុយ​ខ្លាំង! វា​អត់​ស្អុយ​រហូត​ទេ វា​ឆួល​ម្ដងៗ​ដែរ​ហ្នឹង ឆួល​ខ្លាំង ឆួល​មែនទែន​ម៉ង វា​អត់​ទៀត ជះ​ក្លិន​មក​ខ្លាំង​មែនទែន​ម៉ង។ វា​អត់​ទៀត តាម​វា​ជះ​ក្លិន​មក​ម្ដងៗ ខួប​ប្រាំង​ខួប​វស្សា... ហូរ​តាំង​ពី​ភ្នំពេញ​មក...»

ពលរដ្ឋ​រស់នៅ​ភូមិ​១ នៃ​សង្កាត់​ស្វាយប៉ាក ភាគច្រើន​ចង់​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី និង​ផ្លូវ​ថ្នល់ ជាជាង​ការ​អភិវឌ្ឍ​ប្រឡាយ​ទឹក​ស្អុយ។

នៅ​ពេល​ដែល​ខ្យល់​ធ្លាក់​រំភើយៗ គ្រប់​គ្នា​សប្បាយ​ចិត្ត​រីករាយ​នឹង​អាកាសធាតុ​បែប​នេះ ប៉ុន្តែ​សម្រាប់​អ្នក​រស់នៅ​ជិត​ប្រឡាយ​ទឹក​ស្អុយ​គីឡូម៉ែត្រ​លេខ​៩ វិញ នៅ​ពេល​ខ្យល់​ធ្លាក់​រំភើយៗ ជា​ពេល​ដែល​ពួក​គេ​កើត​ទុក្ខ​ដោយសារ​ក្លិន​ស្អុយ​ជះ​រំភាយៗ​ដល់​អ្នក​ភូមិ។ ពេល​ដែល​ខ្យល់​ធ្លាក់​រំភើយៗ ជា​ពេល​ដែល​អ្នក​ភូមិ​នាំ​គ្នា​ខ្ទប់​មាត់ បិទ​ច្រមុះ ឬ​បិទ​មុខ​នឹង​ក្រមា ដើម្បី​កុំ​ឲ្យ​ក្លិន​ស្អុយ​ចូល​ច្រមុះ​ខ្លាំង។

អ្នក​ភូមិ​១ ម្នាក់​ទៀត​ជា​កម្មការិនី​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ លោកស្រី ណុប ច័ន្ទថារី ថា​ផ្ទះ​លោកស្រី​នៅ​ពី​លើ​ខ្យល់ ដូច្នេះ​មិន​សូវ​រង​ផល​ប៉ះពាល់​ក្លិន​ខ្លាំង​ទេ ប៉ុន្តែ​លោកស្រី​រងគ្រោះ​ខ្លាំង​ពី​ទឹក​លូ​នៅ​ពេល​ខ្យល់​ជះ​ត្រឡប់​វិញ៖ «មិន​ដែល​ឃើញ​មេរោគ​អី​ហោះ​ផង អើ​បើ​ពពុះ​នៅ​ខាង​ថ្នល់​មាន។ ទឹក​ទន្លេ​វា​បុក​មក​ខ្លាំង​ចឹង​ទៅ ទឹក​អា​កន្លែង​កែង​ហ្នឹង​វា​បុក​មក​ទៀត​ចឹង​ទៅ គេ​មាន​អា​ប្រព័ន្ធ​លូ​គេ អា​រនាំង​គេ​ហ្នឹង​អ្ហា! វា​ហូរ​មក កើត​ជា​ពពុះ ពពុះ​ហ្នឹង​នៅ​ខាង​ថ្នល់​មាន​មែន វា​ហុយ​ពេញ​ថ្នល់»

អ្នក​ភូមិ​ដែល​រស់នៅ​តាម​ប្រឡាយ​ទឹក​ស្អុយ​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​រៀបចំ​ដាក់​បណ្ដាញ​លូ ហើយ​ប្រសិន​បើ​អាច​លុប​ប្រឡាយ​ទឹក​ស្អុយ​នេះ​ចោល ដើម្បី​បញ្ចប់​បញ្ហា​ក្លិន​ស្អុយ។ ពួក​គេ​ថា បច្ចុប្បន្ន សុខភាព​របស់​ពួក​គេ​រង​ផល​ប៉ះពាល់​ជា​ខ្លាំង ពិសេស​ពេល​ធ្លាក់​ខ្យល់ ពួក​គេ​តែង​ផ្ដាសាយ និង​ក្អក​ជា​ប្រចាំ។

ចៅ​សង្កាត់​ស្វាយប៉ាក លោក ហ៊ូ សាម៉ន ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា កិច្ច​ការងារ​នេះ​ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​ហើយ។ លោក​ថា កាល​ពី​ចុង​ឆ្នាំ​២០១៦ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ប្រឡាយ​ទឹក​ស្អុយ​នោះ។ លោក​ចៅ​សង្កាត់ ថា​អាជ្ញាធរ​ក្រុង​ធ្លាប់​សន្យា​ថា​នឹង​ដោះស្រាយ​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​ដំណឹង​ពី​អាជ្ញាធរ​ក្រុង​ថា​យ៉ាង​ម៉េច​នោះ​ទេ៖ «អត់​ទាន់​ដឹង​ទេ! ខ្ញុំ​អត់​ទាន់​ដឹង​ទេ! ប៉ិន​អា​ថ្ងៃ​ដែល​គាត់ (អភិបាល​ក្រុង) មក​ពិនិត្យ​លូ​ហ្នឹង ចុង​ឆ្នាំ​២០១៦ គាត់​ពិនិត្យ​មើល​ថា អា​ហ្នឹង​ត្រូវ​តែ​ធ្វើ​អាង​ចម្រោះ ការពារ​កុំ​ឲ្យ​មាន​មេរោគ​មេ​អី​ហូរ​ចូល​ទន្លេ ដោយសារ​យើង​បង្ហូរ​ចេញ ៦​សង្កាត់ ពិសេស​រាជធានី​ភ្នំពេញ​ទាំងមូល បាន​បង្ហូរ​តាម​អូរ​វែង​ហ្នឹង​ណា»

អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​បង្វែរ​សំណួរ​ឲ្យ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក ស៊ាំ ពិសិដ្ឋ ប៉ុន្តែ​លោក ស៊ាំ ពិសិដ្ឋ មិន​លើក​ទូរស័ព្ទ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ថា​អាជ្ញាធរ​ក្រុង​មិន​មាន​លទ្ធភាព​ធ្វើ​ម្ដង​ទាំងអស់​បាន​ទេ ដោយសារ​កិច្ចការ​ចម្បង គឺ​សាលា​ក្រុង​បាន​ដាក់​លូ​ដើម្បី​រំដោះ​ទឹក​ជន់​លិច​ពី​ក្រុង​ភ្នំពេញ​ជា​មុន​សិន៖ «វា​មាន​ជំហាន​ដែល​យើង​ត្រូវ​រៀបចំ​ធ្វើ គ្រាន់​តែ​ថា​ដំណាក់កាល​ហ្នឹង​យើង​ត្រូវ​ធ្វើ​កន្លែង​ណាៗ មិន​អាច​ថា​មួយ​ពេល​ធ្វើ​ទាំងអស់»

ការ​បង្ហូរ​ទឹក​ស្អុយ​តាម​ប្រឡាយ​គីឡូម៉ែត្រ​លេខ​៩ ដោយ​គ្មាន​ការ​ចម្រោះ​ត្រឹមត្រូវ​នេះ ក្រៅ​ពី​ពលរដ្ឋ​ដែល​រស់នៅ និង​ឆ្លង​កាត់​រង​ផល​ប៉ះពាល់​ហើយ​នោះ ទឹក​ទន្លេ និង​ជីវចម្រុះ​ក្នុង​ទន្លេ ក៏​រង​ផល​ប៉ះពាល់​ខ្លាំង​ដែរ។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ គួរ​ច្រោះ​ទឹក​កង្វក់​ឲ្យ​បាន​ស្អាត​ជា​មុន មុន​នឹង​បង្ហូរ​ចូល​ទឹក​ទន្លេ។

នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ថា​ការ​បង្ហូរ​ទឹក​ស្អុយ​ដោយ​គ្មាន​ចម្រោះ​ឲ្យ​បាន​ស្អាត​ជា​មុន មុន​ពេល​បង្ហូរ​ចូល​ក្នុង​ទន្លេ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​សម្រាប់​បរិស្ថាន ហើយ​អ្នក​ដែល​រងគ្រោះ​ពី​ការ​បង្ហូរ​ទឹក​ស្អុយ គឺ​ជា​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ដោយ​ផ្ទាល់ ត្រី និង​ជីវចម្រុះ​ក្នុង​ទន្លេ៖ «ពេល​ដែល​បង្ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​ធម្មជាតិ ឬ​មួយ​បឹងបួ​ធម្មជាតិ វា​ធ្វើ​ឲ្យ​កើត​មាន​ទាក់ទង​ការ​បំពុល​ទឹក​កើត​ឡើង។ អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់ អាច​ត្រី អាច​ទាក់ទង​ធនធាន​ដែល​មាន​ជីវិត​នៅ​ក្នុង​ទឹក ហើយ​អាច​ជា​ប្រជាពលរដ្ឋ​ដែល​គាត់​ប្រើប្រាស់​ទឹក​ផ្ទាល់​ពី​អាង​ទន្លេ»

ចំណែក​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក ណៅ ធួក វិញ មិន​បាន​ឆ្លើយ​ពី​ការ​រង​ប៉ះពាល់​នៃ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ​ទេ តែ​លោក​យល់​ឃើញ​ថា កន្លែង​ដែល​មាន​ការ​ចម្រោះ​ទឹក​ឲ្យ​ស្អាត មុន​បង្ហូរ​ចូល​ទន្លេ ជា​កន្លែង​សម្រាប់​ត្រី​រក​ចំណី ព្រោះ​លោក​សំអាង​ថា មាន​អ្នក​នេសាទ​យ៉ាង​ច្រើន​ចាំ​រក​ត្រី​នៅ​ម្ដុំ​នោះ៖ «កន្លែង​ម៉ា​ចំនួន​ក៏​ល្អ​ដែរ​ទេ មិន​ជា​ថា​លូ​បង្ហូរ​ទៅ​ហ្នឹង​វា​អាក្រក់​សុទ្ធ​ទេ​ណា កន្លែង​ខ្លះ​គេ​បាន​ធ្វើ​ប្រព្រឹត្តិកម្ម​រួច​ហើយ បាន​គេ​បង្ហូរ​ចេញ​ទៅ ហើយ​នៅ​កន្លែង​មួយ​ទៀត​ជិត​ស្ពាន​ជ្រោយចង្វារ ខាង​ក្រោម​ស្ពាន​ជ្រោយចង្វារ​តិច​ហ្នឹង ម្ដុំ​ចំ​វត្ត​ភ្នំ ម្ដុំ​អស់​ហ្នឹង មាន​លូ​មួយ​ចេញ​ទៅ ហើយ​លូ​ហ្នឹង​មាន​អ្នក​នេសាទ​ច្រើន​ណាស់ ព្រោះ​អី​វា​ដូច​កន្លែង​ត្រី​រក​ចំណី​អី​នៅ​ម្ដុំ​ហ្នឹង»

លូ​បង្ហូរ​ទឹក​ស្អុយ​ដោយ​គ្មាន​ការ​ចម្រោះ​ចូល​ក្នុង​ទឹក​ទន្លេ មិន​មែន​មាន​តែ​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក នោះ​ទេ។ ពលរដ្ឋ​ថា នៅ​ម្ដុំ​ព្រែកព្នៅ និង​នៅ​មុខ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ ក៏​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ​ដោយ​គ្មាន​ការ​ចម្រោះ​ដែរ។ ពលរដ្ឋ​យល់​ថា ការ​បង្ហូរ​ទឹក​ស្អុយ​ទៅ​ក្នុង​ទន្លេ គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​កំណើន​ត្រី​ថយ​ចុះ ហើយ​ពលរដ្ឋ​នៅ​តែ​មាន​ការ​បារម្ភ​ចំពោះ​សុខភាព​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles