Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ប្រមូល​គោ​ក្របី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​សាទឹក

$
0
0

អាជ្ញាធរ​ឃុំ​សេកុង ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ឥទ្ធិពល​នៃ​ជំងឺ​ម្យ៉ាង​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ពាហនៈ។ ការ​បារម្ភ​នេះ ក្រោយ​ពី​អ្នក​ភូមិ​រស់នៅ​ឃុំ​សេកុង ប្រទះ​ឃើញ​គោ​ក្របី​ជាង ២០​ក្បាល​ងាប់​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ជាង ៦០​ក្បាល​ទៀត​រក​មិន​ទាន់​ឃើញ។ ចំណែក​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា មូលហេតុ​បណ្ដាល​ឲ្យ​សត្វ​ក្របី​ងាប់ ដោយសារ​ជំងឺ​សាទឹក។

មេ​ឃុំ​សេកុង ស្រុក​សៀមប៉ាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខែត្រ​ស្ទឹងត្រែង កំពុង​រក​មធ្យោបាយ​សង្គ្រោះ​សត្វ​ពាហនៈ​អ្នក​ស្រុក​សៀមប៉ាង និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ទម្លាប់​លែង​គោ​ក្របី​នៅ​ក្នុង​ព្រៃ ប្រញាប់​ប្រមូល​សត្វ​ទាំងនោះ​មក​ចិញ្ចឹម​នៅ​លំនៅឋាន​វិញ ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ។

មេ​ឃុំ​សេកុង លោក ចាន់ សុខា កត់​សម្គាល់​ថា អ្នក​ស្រុក​សៀមប៉ាង មាន​ទម្លាប់​លែង​គោ​ក្របី​ក្នុង​ព្រៃ​នៅ​រដូវ​ប្រាំង និង​ប្រមូល​មក​លំនៅឋាន​វិញ​នៅ​រដូវ​វស្សា ដើម្បី​ជួយ​ការងារ​កសិកម្ម ក៏ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ គោ​ក្របី​ពលរដ្ឋ​ប្រមាណ​ជាង ២០​ក្បាល បាន​ងាប់​ក្នុង​ព្រៃ​ជា​បន្តបន្ទាប់ និង​ជាង ៦០​ក្បាល​បាត់​ខ្លួន។ លោក​ថា ឃុំ​សេកុង មាន​ភូមិ​ចំនួន​៤ ដែល​អ្នក​ភូមិ​ជួប​ប្រទះ​បាតុភាព​នេះ ក្នុង​នោះ​មាន​ភូមិ​ចន្ទុះ កំពុង​ប្រឈម​ខ្លាំង។ លោក​បារម្ភ​ថា បញ្ហា​នេះ​បង្ក​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ពលរដ្ឋ​ធ្ងន់ធ្ងរ ខណៈ​ពលរដ្ឋ​មួយ​ចំនួន​បាន​យក​គោ​ក្របី​មក​បម្រើ​ការងារ​កសិកម្ម៖ «ទម្លាប់​គាត់ គាត់​លែង​គោ​ក្របី​ពាសវាលពាសកាល​នៅ​ក្នុង​ព្រៃ ព្រោះ​ជំងឺ​នេះ​គឺ​ជា​ជំងឺ​រាលដាល ពិបាក​ដែរ ហើយ​មធ្យោបាយ​ទៅ​មក​ក៏​ពិបាក​ដែរ»

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​សេកុង បង្ហាញ​ថា អំឡុង​ពេល​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ គោ​ក្របី​ជាង ២០​ក្បាល​បាន​ងាប់​ក្នុង​ព្រៃ និង​ជាង ៦០​ក្បាល​កំពុង​បាត់​ខ្លួន។

ប្រធាន​មន្ទីរ​កសិកម្ម​ខែត្រ​ស្ទឹងត្រែង លោក លៀង សេង ពន្យល់​ថា មូលហេតុ​គោ​ក្របី​អ្នក​ស្រុក​សៀមប៉ាង ងាប់​បែប​នេះ ដោយសារ​កើត​ជំងឺ​សាទឹក ហើយ​អាការៈ​ជំងឺ​នេះ​ធ្វើ​ឲ្យ​សត្វ​ពាហនៈ​ហើម​ពោះ ហៀរ​ទឹក​មាត់ និង​ហៀរ​សំបោរ ហើយ​ជំងឺ​នេះ​ភាគច្រើន​កើត​ឡើង​នៅ​ខែ​ភ្លៀង​ដើម​រដូវ​វស្សា។

លោក​ថា ដើម្បី​ការងារ​កុំ​ឲ្យ​សត្វ​ពាហនៈ​ឆ្លង​ជំងឺ​នេះ ពលរដ្ឋ​ត្រូវ​ប្រមូល​គោ​ក្របី​ពី​ព្រៃ​ចូល​ក្នុង​ក្រោល និង​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ។ លោក​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម បាន​ចុះ​ចាក់​ថ្នាំ​បង្ការ និង​ព្យាបាល​គោ​ក្របី​របស់​ពលរដ្ឋ​នៅ​ស្រុក​សៀមប៉ាង បាន​ជាង ២០០​ក្បាល​រួច​ហើយ។ លោក​បារម្ភ​ថា ជំងឺ​នេះ​នឹង​ឆ្លង​រាលដាល​ទៅ​ស្រុក​មួយ​ចំនួន​នៅ​ខែត្រ​រតនគិរី ទៀត៖ «មុន​ភ្លៀង​ជោគជាំ ត្រូវ​ចាក់​ថ្នាំ​ការពារ​មុន​បាន​វា​អត់​ឈឺ។ កាលណា​តែ​យើង​អត់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ទេ ទឹក​ភ្លៀង​ជោគជាំ គឺ​ឈឺ​ហើយ»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ អាជ្ញាធរ​ស្រុក​សៀមប៉ាង បាន​ចុះ​ផ្សាយ​របាយការណ៍​ស្ដីពី​ចំនួន​គោ​ក្របី​ងាប់​យ៉ាង​ហោច​ណាស់​ជាង ៣០០​ក្បាល ដោយសារ​គ្រោះ​រាំង​ស្ងួត​ខ្វះ​ចំណី និង​ទឹក ខណៈ​បឹងបួ ឬ​ត្រពាំង​នៅ​តំបន់​អ្នក​ភូមិ​លែង​គោ​ក្របី​ក្នុង​ព្រៃ ត្រូវ​រីង​ស្ងួត គ្មាន​ទឹក និង​ស្មៅ។

មន្ត្រី​អភិរក្ស​ផ្នែក​បរិស្ថាន​នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ រក​ឃើញ​ថា គោ​ក្របី​ងាប់​នៅ​ស្រុក​សៀមប៉ាង គឺ​ជា​សញ្ញា​បង្ហាញ​ពី​ហានិភ័យ​ខ្ពស់​របស់​សត្វ​ស្លាប​ដ៏​កម្រ​នៅ​តំបន់​អភិរក្ស​សៀមប៉ាង​ខាង​លិច ដូចជា​សត្វ​ត្មាត និង​សត្វ​ត្រយង ជាដើម។ សត្វ​ស្លាប​ទាំងនោះ បាន​រក​ចំណី​ចិញ្ចឹម​ជីវិត​មួយ​ផ្នែក​ពឹង​ផ្អែក​លើ​សត្វ​ស្រុក​របស់​អ្នក​ភូមិ ដែល​មាន​ទម្លាប់​លែង​ចោល​ឲ្យ​រត់​ចូល​ព្រៃ​រស់នៅ​ជាមួយ​បក្សី​កម្រ​ទាំងនោះ។

ប្រធាន​កម្មវិធី​ប្រចាំ​កម្ពុជា នៃ​អង្គការ​អភិរក្ស​សត្វ​ស្លាប​អន្តរជាតិ (Bird Life International) លោក ប៊ូ វីរសក្ស ពន្យល់​ថា វត្តមាន​សត្វ​ក្របី​បាន​ដើរ​តួនាទី​សំខាន់​ទ្រទ្រង់​សត្វ​ស្លាប​កម្រ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ដែល​មាន​វត្តមាន​នៅ​តំបន់​អភិរក្ស​សៀមប៉ាង​ខាង​លិច៖ «តាម​ដែល​ដឹង ចាប់​ផ្តើម​ឆ្លង​ជំងឺ​សាទឹក​រួច​ហើយ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បារម្ភ​ខ្លាំង។ ឥឡូវ​នេះ​ជាប់​រដូវ​ឃោសនា​បោះឆ្នោត បន្ទាប់​ពី​ចប់ យើង​នឹង​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខែត្រ​ស្ទឹងត្រែង ផ្តល់​វ៉ាក់សាំង​ដល់​គោ​ក្របី​របស់​គាត់​នៅ​តំបន់​ហ្នឹង»

លោក វីរសក្ស ពន្យល់​ថា សត្វ​ក្របី​អាច​រមៀល​លេង​ក្នុង​ទឹក​ថ្លុក និង​ត្រពាំង​ដែល​បង្កើត​ឲ្យ​មាន​សត្វ​ល្អិត​តូចៗ​ជាច្រើន​ប្រភេទ​ដែល​ជា​ចំណី​ពិសេស​របស់​សត្វ​ស្លាប។ លោក​បារម្ភ​ថា ចំនួន​សត្វ​ក្របី​របស់​អ្នក​ស្រុក​សៀមប៉ាង បាន​ថយ​ចុះ​ខ្លាំង អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​សត្វ​ត្រយង​យក្ស សត្វ​ត្មាត សត្វ​ត្រយង​ចង្កោម​ពណ៌​ស និង​សត្វ​កម្រ​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles