Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បេក្ខជន​ចៅ​សង្កាត់​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ចូល​​បំភ្លឺ​តាម​ដីកា​តុលាការ

$
0
0

បេក្ខនារី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​លេខ​រៀង​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ក្រុង​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា បាន​ចេញ​បំភ្លឺ​តុលាការ​តាម​ដីកា​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង។ បេក្ខនារី​រូប​នេះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​កោះ​ហៅ​ទៅ​សាកសួរ​ក្នុង​ដំណើរ​រឿង​មិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​លើ​សំណុំ​រឿង​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​មន្ត្រី​ប៉ូលិស​នៅ​ខេត្ត​បាត់ដំបង។

​​​​​​​​​​​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ប្រមាណ ១៥០​នាក់​ បាន​ស្រែ​ហ៊ោ​សាទរ​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង ភ្លាមៗ​ បន្ទាប់​ពី​បេក្ខនារី​ឈរ​ឈ្មោះ​ជា​ចៅសង្កាត់​រូប​នេះ ​បាន​ចេញ​ពី​តុលាការ​ក្រោយ​ពី​ព្រះរាជអាជ្ញា​រង​សាកសួរ។

បេក្ខនារី​ឈរ​ឈ្មោះ​គណបក្ស​ប្រឆាំង​សង្កាត់​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត មាន​ប្រសាសន៍​ក្រោយ​ចេញពី​បំភ្លឺ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ថា នេះ​គឺ​ជា​សញ្ញា​យុត្តិធម៌​សម្រាប់​​​កញ្ញា​អាច​ទទួល​យក​បាន​ ក្រោយ​ពី​​​តុលាការ​សាកសួរ​រូប​នាង​​ប្រហែល​កន្លះ​ម៉ោង ក៏​បាន​​​អញ្ញាត​ឲ្យ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដើម្បី​​​ឃោសនា​រក​សំឡេង​ឆ្នោត​បន្ត៖ «តុលាការ​បាន​សួរ​ខ្ញុំ​រឿង​ការ​រារាំង​សាលក្រម​ ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត ឬ​អត់? ខ្ញុំ​ឆ្លើយ​ថា​ ខ្ញុំ​មិន​បាន​រារាំង​ទេ តែ​ខ្ញុំ​បាន​ទៅ​ឃ្លាំមើល​ក្នុង​នាម​ខ្ញុំ​ជា​ចៅ​សង្កាត់​រង​ទី​២ ពេល​ដែល​ខ្ញុំ​កំពុង​មាន​តួនាទី ហើយ​សំណូមពរ​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​នាង​ខ្ញុំ ដោយ​មិន​​ចាត់ការ​នីតិវិធី​​បន្ត​ទៀត»

​​​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា។

ដីកា​កោះ​ដែល​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក ប៉ង់ ចាន់សុយុទ្ធារា ចុះ​ថ្ងៃ​ទី​៨ ខែ​ឧសភា កោះ​ហៅ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ជា​ជន​សង្ស័យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង​មិន​គោរព​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​តាម​បណ្ដឹង​របស់​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ម្នាក់​ឈ្មោះ សៅ ប៊ុនទិត្យ។

​​​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា កន្លង​ទៅ ពលរដ្ឋ​ប្រមាណ ៥០​នាក់ ​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​សង្កាត់​អូរចារ ដើម្បី​ជំទាស់​នឹង​មន្ត្រី​តុលាការ​ដឹក​នាំ​សមត្ថកិច្ច​​ចុះ​អនុវត្ត​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​បាត់ដំបង។ កាល​ណោះ​​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​ទៅ​ឃ្លាំមើល​ពលរដ្ឋ​​​តវ៉ា​​ដល់​ទី​កន្លែង។ ការ​តវ៉ា​នេះ​ ដោយសារ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ ​ដែល​បាន​កាត់​ក្ដី​ឲ្យ​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ​ឈ្មោះ សៅ ប៊ុនទិត្យ ឈ្នះ​ក្ដី​លើ​សំណុំ​រឿង​ទំនាស់​ដី​សាលា​មត្តេយ្យ​នៅ​ក្នុង​សង្កាត់​អូរចារ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង​ លោក ហេង សាយហុង ដែល​បាន​ទៅ​ឃ្លាំង​មើល​នៅ​មុខ​តុលាការ​ មាន​ប្រសាសន៍​ថា ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង កោះហៅ​បេក្ខនារី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​​សាកសួរ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​រារាំង​ការ​អនុវត្ត​ដីកា​ស្ថាពរ​នោះ​ វា​ហាក់​ជា​ការ​ដាក់​បន្ទុក​ធ្ងន់​ទៅ​លើ​រូប​នាង។

លោក​ស្នើ​ឲ្យ​តុលាការ​បើក​ការ​​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ និង​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើក​រូប​នាង​ឲ្យ​មាន​សេរី​ភាព៖ «ការ​មិន​ឲ្យ​សមត្ថកិច្ច​អនុវត្ត​សាលក្រម​ដោយសារ​មនុស្ស​ម្នាក់​ហ្នឹង​វា​មិន​ត្រូវ​ទេ ព្រោះ​អី​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​តវ៉ា​នៅ​មុខ​សាលា​សង្កាត់​អូរចារ។ យើង​ត្រូវ​មើល​ឲ្យ​ធំ​ថា​ បញ្ហា​ទាំង​អស់​នេះ​ជា​បញ្ហា​របស់​សហគមន៍​ទាំង​មូល មិន​មែន​ជា​របស់​មនុស្ស​ម្នាក់​ទេ​ ហើយ​មនុស្ស​ម្នាក់​នោះ​ទៀត​សោត ជា​អ្នក​មាន​តួនាទី​នៅ​ក្នុង​សង្កាត់​នោះ​ទៀត»

មន្ត្រី​​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ប្រមាណ ៣០​នាក់​ ដែល​បាន​ដាក់​ពង្រាយ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​នេះ ព្រម​ទាំង​អ្នក​គាំទ្រ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​រំសាយ​ពី​មុខ​តុលាការ​ភ្លាមៗ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles