Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពិធី​បុណ្យ​សព​ទាហាន​មួក​ខៀវ​​នៅ​ភ្នំពេញ​ត្រូវ​បាន​​បញ្ចប់

$
0
0

ពិធី​បុណ្យ​សព​ទាហាន​មួក​ខៀវ​កម្ពុជា មួយ​រូប​នៅ​ភ្នំពេញ បាន​បញ្ចប់​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៧។ ពិធី​បុណ្យ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ការពារ​ជាតិ និង​គ្រួសារ​នៅ​ឯ​វត្ត​ក្រាំងធ្នង់ ក្នុង​សង្កាត់ក្រាំងធ្នង់ រាជធានី​ភ្នំពេញ។

ពិធី​បុណ្យ​សព​ទាហាន​មួយ​ខៀវ​មួយ​រូប​ក្នុង​ចំណោម ៤​រូប គឺ​លោក​អនុសេនីយ៍​ទោ ស៊ាង នរិន្ទ នៅ​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី​២២ ខែ​ឧសភា បន្ទាប់​ពី​ការ​ផ្ដល់​ភ្លើង​បូជា​តាម​រយៈ​កាំជ្រួច ដោយ​អគ្គនាយករង​មជ្ឈមណ្ឌល​គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​មីន និង​កាកសំណល់​សង្គ្រាម លោក សួង ឃុន្នី។

ឪពុក​របស់​លោក ស៊ាង នរិន្ទ គឺ​លោក ស៊ាង សែន ថ្លែង​ថា លោក​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​កូន​ប្រុស​ដែល​ស្លាប់​ក្នុង​ការ​បំពេញ​ការងារ​វិស្វកម្ម ដែល​ជា​ការងារ​មនុស្សធម៌។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា មិន​តូច​ចិត្ត​ទេ ព្រោះ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​របស់​លោក៖ «មិន​មែន​តែ​រដ្ឋាភិបាល​ទេ សូម្បី​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​យក​ចិត្ត​ទុកដាក់​ដែរ ដូច​ជា​កាកបាទក្រហម​អី​លឿន គ្រាន់​តែ​ខ្ញុំ​ធ្វើ​បុណ្យ​ភ្លាម មក​ដល់​ភ្លាម។ អ៊ីចឹង​ខ្ញុំ​អត់​តូច​ចិត្ត​នឹង​គេ​ជួយ​ទេ គេ​មក​ជួយ​សព​កូន​ខ្ញុំ​នេះ។ តែ​ខ្ញុំ​បែរ​ជា​តូច​ចិត្ត​វិញ ខ្ញុំ​តូច​ចិត្ត​អ្នក​ណា​បំភ្លៃ​ការ​ពិត អា​ហ្នឹង​បាន​ខ្ញុំ​តូច​ចិត្ត។ បើ​អ្នក​ដែល​មក​ជួយ កុំ​ថា​ឡើយ​ដល់​ទៅ​ថា រាប់​រយ​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ សូម្បី​តែ​មួយ​រៀល​លុយ​ខ្មែរ ១០​រៀល ឬ ១​ពាន់​លុយ​ខ្មែរ អា​ហ្នឹង​ក៏​ខ្ញុំ​ត្រេក​អរ​ដែរ។ បើ​ខ្ញុំ​មិន​ពេញ​ចិត្ត គឺ​មិន​ពេញ​ចិត្ត​អ្នក​ដែល​ទៅ​បំភ្លៃ​ខុស​ពី​ការ​ពិត»

ក្នុង​វិយោគកថា​ដែល​អាន​ដោយ​នាយក​រង​ទីចាត់ការ​ឃោសនា និង​ព័ត៌មាន​នៃ​អគ្គបញ្ជាការ​កងយោធពលខេមរភូមិន្ទ ឧត្ដមសេនីយទោ ឈួន សំអាត ថ្លែង​ថា ក្រសួង​ការពារ​ជាតិ រួម​ជាមួយ​គ្រួសារ សោកស្ដាយ​ចំពោះ​ការ​បាត់បង់​សព​លោក ស៊ាង នរិន្ទ ដែល​មាន​វីរភាព​សម្រាប់​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ៖ «ចំពោះ​ការ​បាត់​បង់​អនុសេនីយ៍ទោ ស៊ាង នរិន្ទ គឺ​ជា​ការ​បាត់បង់​វីរ​យុទ្ធជន​ដ៏​ឆ្នើម​មួយ​រូប ប្រកប​ដោយ​ភក្ដី​ជាតិ​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្រ​រក​បាន។ ជា​កុលបុត្រ​ដ៏​ឆ្នើម​ប្រកប​ដោយ​គន្លង​ធម៌ ដែល​ជា​ទី​ស្រឡាញ់​របស់​មាតាបិតា​បងប្អូន​គ្រប់ៗ​រូប ដើម្បី​ឆ្លើយ​តប​ចំពោះ​ស្នាដៃ និង​គុណ​បំណាច់​ដ៏​​ធំធេង​របស់​អនុសេនីយ៍ទោ ស៊ាង នរិន្ទ ដែល​បាន​បម្រើ​ជាតិ​មាតុភូមិ​ព្រះ​មហាក្សត្រ ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​បាទ​សូម​រៀបរាប់​ជីវប្រវត្តិ​សង្ខេប​របស់​អនុសេនីយ៍ទោ ស៊ាង នរិន្ទ...»

សព​លោក ស៊ាង នរិន្ទ រួម​ជាមួយ​សព​ទាហាន​មួក​ខៀវ​កម្ពុជា ៣​រូប​ផ្សេង​ទៀត ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​បញ្ជូន​មក​ដល់​កម្ពុជា​វិញ កាល​ពី​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ដែល​ចូលរួម​ទទួល​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ទូត និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា។ សព ៣​រូប​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​ពោធិ៍សាត់ ស្វាយរៀង និង​ខេត្ត​សៀមរាប។

រី​ឯ​ឪពុក​សព​លោក ស៊ាង នរិន្ទ គឺ​លោក ស៊ាង សែន មាន​ប្រសាសន៍​ថា លោក​បាន​រៀបចំ​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​កូន​របស់​លោក​បាន ២​លើក​ហើយ គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ដែល​ជា​ថ្ងៃ​ស្លាប់​ម្ដង ខួប ៧​ថ្ងៃ​ម្ដង ហើយ​នៅ​ថ្ងៃ​ទី​២២ ឧសភា ជា​លើក​ទី​៣។ ពិធី​បុណ្យ​សព​លើក​ទី​៣ ដែល​រៀបចំ​ដោយ​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​ផ្ដល់​កិត្តិយស​ដោយ​មន្ត្រី​អ្នក​មុខ​អ្នក​ការ​រដ្ឋ កងទ័ព​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ អប​ដោយ​កង​កិត្តិយស​ត្រែទ័ពតាម​ពិធី​កងទ័ព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles