សកម្មជនបក្សប្រឆាំងនៅខែត្រក្រចេះ ចោទអាជ្ញាធរមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជា ថារារាំងពលរដ្ឋមិនឲ្យចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។ ការចោទប្រកាន់នេះ ធ្វើឡើងនៅគ្រាដែលអាជ្ញាធរភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ បានហាមពលរដ្ឋណាដែលធ្លាប់ទទួលអំណោយពីគណបក្សប្រជាជនកម្ពុជា រួចហើយ មិនត្រូវចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឲ្យបក្សនយោបាយផ្សេងឡើយ។
បេក្ខជនក្រុមប្រឹក្សាសង្កាត់អូរឫស្សី ក្រុងក្រចេះ របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី២២ ខែឧសភា ថា អាជ្ញាធរភូមិកាប៉ូ និងបក្សពួកមួយចំនួនបានឃ្លាំមើលពលរដ្ឋ និងរារាំងអ្នកភូមិមួយចំនួនមិនឲ្យចូលរួមស្ដាប់សារនយោបាយរបស់គណបក្សសង្គ្រោះជាតិ ទេ កាលពីថ្ងៃទី២១ ខែឧសភា។
បេក្ខជនក្រុមប្រឹក្សាសង្កាត់អូរឫស្សី ក្រុងក្រចេះ លោក ហួង ចំណាប់ យល់ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមស្ដាប់សារនយោបាយគ្រប់គណបក្សនយោបាយទាំងអស់ក្នុងអំឡុងឃោសនាបោះឆ្នោត ក៏ប៉ុន្តែពួកគេត្រូវរងការរារាំងពីអាជ្ញាធរមូលដ្ឋានទៅវិញ។ លោកកត់សម្គាល់ថា អាជ្ញាធរភូមិកាប៉ូ បានហាមពលរដ្ឋណាដែលធ្លាប់ទទួលអំណោយពីគណបក្សប្រជាជនកម្ពុជា មិនត្រូវចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ បានទេ។ លោកចាត់ទុកករណីនេះ ថាជាទម្រង់នៃការគំរាមកំហែងសិទ្ធិពលរដ្ឋ ផ្ទុយពីក្របខ័ណ្ឌច្បាប់។
លោកថា ក្រុមការងារគណបក្សសង្គ្រោះជាតិ បានរាយការណ៍បញ្ហានេះទៅគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់រួចហើយ និងពុំទាន់រៀបចំពាក្យបណ្ដឹងនៅឡើយទេ៖ «គ្រាន់តែគេអត់ឲ្យអ្នកដែលទទួលអំណោយចូលរួមខាងគណបក្សប្រឆាំង។ អាហ្នឹងជាការគំរាមកំហែងហើយ ព្រោះប្រជាពលរដ្ឋអាចទៅស្ដាប់សារនយោបាយរបស់គណបក្សគ្រប់គណបក្សទាំងអស់ដែលគាត់ត្រូវពិចារណា ដល់ពេលគាត់អត់ឲ្យទៅយើងគិតថា គំរាមកំហែង»។
កាលថ្ងៃទី២១ ខែឧសភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ សកម្មជនបក្សប្រឆាំង និងពលរដ្ឋប្រមាណជាង ៣០០នាក់ បានប្រារព្ធយុទ្ធនាការឃោសនាបោះឆ្នោតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ដើម្បីផ្សព្វផ្សាយសារនយោបាយបក្សរបស់ខ្លួនទៅសកម្មជន និងពលរដ្ឋនៅខែត្រក្រចេះ។
អាស៊ីសេរីមិនអាចទាក់ទងមេភូមិកាប៉ូ លោក រស់ ឆេង ដើម្បីសុំការឆ្លើយបំភ្លឺករណីនេះបានទេ នៅថ្ងៃទី២២ ខែឧសភា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
ចំណែកអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅខែត្រក្រចេះ លោក តន់ តារា ឲ្យដឹងថា គ.ជ.ប ពុំទាន់ទទួលពាក្យបណ្ដឹងករណីនេះនៅឡើយទេ។ លោកយល់ថា ប្រសិនបើអាជ្ញាធរណារារាំងពលរដ្ឋមិនឲ្យចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត គឺជាករណីល្មើសច្បាប់៖ «បើសិនជាមានករណីហ្នឹងកើតឡើងមែនវាអត់ត្រូវច្បាប់ ខុសនីតិវិធីច្បាប់ គឺចូលក្នុងបទរារាំង គឺមានទោសបញ្ញត្តិបើសិនមានករណីហ្នឹងកើតឡើងមែន»។
ខែត្រក្រចេះ មានឃុំ-សង្កាត់ចំនួន ៤៧ និងមានគណបក្សនយោបាយចំនួន៨ ឈរឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមដើម្បីប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិកម្ពុជា។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា អាជ្ញាធរភូមិមិនត្រូវយកតួនាទីរបស់ខ្លួនរារាំងពលរដ្ឋមិនឲ្យចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយនោះទេ បើទោះជាការរារាំងនោះធ្វើឡើងដោយពាក្យសម្ដីក្ដីវាអាចបង្កឲ្យពលរដ្ឋភិតភ័យ ហើយបញ្ហានេះក៏ជាទម្រង់នៃការគំរាមកំហែងសិទ្ធពលរដ្ឋដែរ។
លោកថា អ្នកដែលមិនសុខចិត្តបញ្ហានេះ អាចប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់៖ «ក្នុងផ្លូវច្បាប់គេបានកំណត់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ មិនត្រូវបានការរារាំងមិនត្រូវបានបង្ខិតបង្ខំពីបុគ្គល ឬពីអ្នកណាមួយនោះទេ។ អាហ្នឹងជាករណីមួយខុសឆ្គងហើយ ហើយការរារាំងនេះបើនៅក្នុងទោសបញ្ញត្តិវាអាចមានបញ្ហាច្រើន»។
កន្លងទៅព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ធ្លាប់អំពាវនាវឲ្យជនរួមជាតិអ្នកបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនកុំព្រួយបារម្ភពីការគាបសង្កត់គំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ ព្រោះការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាការបោះឆ្នោតជាទូទៅជាសាកលដោយសម្ងាត់អនុលោមតាមរបបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស៕