ជិត ៦ខែក្រោយពេលស្ត្រីរកស៊ីផ្លូវភេទឈ្មោះ ប៉ែន សុគន្ធា ដែលសាក្សីបានអះអាងថាបានលង់ទឹកស្លាប់ដោយការបង្ក្រាបរបស់ក្រុមសន្តិសុខខណ្ឌដូនពេញ ដេញតាមចាប់ខ្លួននោះ ក្រសួងយុត្តិធម៌ ឲ្យដឹងថា សំណុំរឿងនេះ តុលាការកំពុងស៊ើបអង្កេត ខណៈសង្គមស៊ីវិល និងបក្សប្រឆាំង កំពុងតាមដាន និងជំរុញដំណើរការស៊ើបអង្កេតករណីនេះ។
បងស្រីរបស់ ប៉ែន សុគន្ធា លោកស្រី ប៉ែន ម៉េងគី ប្រាប់អាស៊ីសេរី ពីខេត្តពោធិ៍សាត់ ថា ចាប់តាំងពីខែមករា ដល់ខែឧសភា សាលាខណ្ឌដូនពេញ រាជធានីភ្នំពេញ តែងផ្តល់ប្រាក់ ១លាន ២៩ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាមជារៀងរាល់មួយខែម្តង ដើម្បីឧបត្ថម្ភដល់កូនប្រុសដែលពិការជើងអាយុ ៦ឆ្នាំ របស់ ប៉ែន សុគន្ធា។
ពេលសួរពីរឿងយុត្តិធម៌សម្រាប់ប្អូនស្រី លោកស្រី ម៉េងគី និយាយពីការឧបត្ថម្ភរបស់សាលាខណ្ឌដូនពេញ ដែលជួយសម្រាលទុក្ខលំបាកក្នុងការចិញ្ចឹម និងព្យាបាលជំងឺរបស់ក្មួយ ដែលជាកូនរបស់លោកស្រី ប៉ែន សុគន្ធា៖ «»។
លោកស្រី ម៉េងគី ឲ្យដឹងថា កូនប្រុសរបស់ ប៉ែន សុគន្ធា ម្តងម្កាលសម្លឹងមើលរូបថតម្តាយ ហើយស្រែកហៅឈ្មោះម្តាយ។
កាលពីខែមីនា ក្រុមអ្នកប្រកបរបរផ្លូវភេទបានជួបជុំគ្នានៅមាត់ទន្លេលើផ្លូវស៊ីសុវត្ថិ ចម្ងាយ ៣០០ម៉ែត្រពីរមណីយដ្ឋានវត្តភ្នំ ដើម្បីរំឭកការស្លាប់របស់លោកស្រី ប៉ែន សុគន្ធា។ លោកស្រី ប៉ែន សុគន្ធា វ័យ ៣៣ឆ្នាំ ត្រូវបានសាក្សីអះអាងថាបានរអិលដួលធ្លាក់ចូលទឹកទន្លេសាប ហើយលង់ទឹកស្លាប់ បន្ទាប់ពីរត់គេចពីការតាមចាប់របស់សន្តិសុខខណ្ឌដូនពេញ ដែលចុះបង្ក្រាបអ្នកប្រកបរបរផ្លូវភេទកាលពីថ្ងៃទី១ មករា។
អ្នកស្រី ប៉ិច ប៉ូឡែត នាយិកាបណ្ដាញស្ត្រីរួបរួមគ្នា ដែលធ្វើការលើកកម្ពស់សិទ្ធិអ្នកប្រកបរបរផ្លូវភេទ ថ្លែងថា ស្ត្រីដែលធ្វើការក្នុងវិស័យនេះនៅបន្តភ័យខ្លាចពីសុវត្ថិភាព ដោយការប្រើកងកម្លាំងបង្ក្រាប ក្រោយពេលការស្លាប់របស់ ប៉ែន សុគន្ធា មិនទាន់ត្រូវបានដោះស្រាយដោយយុត្តិធម៌នៅឡើយ៖ «»។
អ្នកស្រីបន្ថែមថា ក្រុមអ្នកស្រីនៅបន្តតាមដានលទ្ធផលស៊ើបអង្កេតរបស់តុលាការ និងការចាត់វិធានការផ្លូវច្បាប់របស់ក្រសួងពាក់ព័ន្ធ ចំពោះការស្លាប់របស់លោកស្រី ប៉ែន សុគន្ធា។
បើទោះជាសាច់ញាតិរបស់ ប៉ែន សុគន្ធា មិនបានដាក់ពាក្យប្ដឹង ហើយបានយល់ព្រមទទួលយកប្រាក់ឧបត្ថម្ភពីសាលាខណ្ឌដូនពេញ ក្តី អ្នកស្រី ប៉ិច ប៉ូឡែត យល់ថា នេះមិនមែនជាសំណងផ្នែកយុត្តិធម៌នៃការស្លាប់នោះទេ ហើយអ្នកស្រីចង់ឃើញការកាត់ក្តីសំណុំរឿងនេះតាមនីតិវិធីតុលាការដោយឯករាជ្យ។
ការស្លាប់ដែលសាក្សីបានបញ្ជាក់ថា ក្រោយពេល ប៉ែន សុគន្ធា ធ្លាក់ចូលទឹក ហើយអ្នកនៅលើទូកទេសចរណ៍ព្យាយាមជួយស្រង់ចេញពីទឹក តែត្រូវក្រុមសន្តិសុខហាមឃាត់មិនឲ្យជួយ។ ក៏ប៉ុន្តែរបាយការណ៍របស់ប៉ូលិស បានបញ្ជាក់យ៉ាងខ្លីថា ប៉ែន សុគន្ធា ស្លាប់ដោយការលង់ទឹក តែមិនបានបញ្ជាក់លម្អិតពីដើមហេតុនៃរឿងនេះទេ។
កាលពីថ្ងៃទី២៤ មករា លោក ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជូនលិខិតចំនួនបីច្បាប់របស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងដែលទាមទារអន្តរាគមន៍រកយុត្តិធម៌ករណីការស្លាប់របស់លោកស្រី ប៉ែន សុគន្ធា ទៅក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី២២ ឧសភា បញ្ជាក់ថា សំណុំរឿងនេះ ក្រសួងបានចាត់ឲ្យសាលាដំបូងរាជធានីភ្នំពេញ សិក្សាពិនិត្យបន្ថែមដើម្បីឲ្យច្បាស់ថា គួរចាត់វិធានការបន្ត ឬយ៉ាងណា។
តំណាងតុលាការក្រុងភ្នំពេញ មិនទាន់ឆ្លើយតបនឹងសំណើសុំព័ត៌មានអំពីករណីនេះនៅឡើយនៅថ្ងៃទី២២ ឧសភា។
ចំណែកអ្នកនាំពាក្យក្រសួងកិច្ចការនារី បានបង្វែររឿងនេះទៅឲ្យមន្ត្រីជំនាញរបស់ខ្លួន។ អាស៊ីសេរី មិនអាចទាក់ទងប្រធាននាយកដ្ឋានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី អ្នកស្រី កេត ម៉ារឌី បានទេនៅថ្ងៃទី២២ ឧសភា។
ចំពោះអ្នកនាំពាក្យក្រសួងមហាផ្ទៃ វិញ លោក ខៀវ សុភ័គ បញ្ជាក់ថា ការស្លាប់របស់លោកស្រី ប៉ែន សុគន្ធា ដោយការលង់ទឹក គឺយោងតាមរបាយការណ៍ប៉ូលិស ហើយច្រានចោលការចោទប្រកាន់ពីការពាក់ព័ន្ធរបស់ក្រុមសន្តិសុខ ក្នុងការស្លាប់របស់លោកស្រី ប៉ែន សុគន្ធា៖ «»។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៩ មេសា ស្ត្រីរកស៊ីផ្លូវភេទម្នាក់បានចោទកងសន្តិសុខខណ្ឌដូនពេញ ពីបទប្រើហិង្សា និងមានចេតនាវាយសម្លាប់ ដោយស្ត្រីរូបនោះអះអាងថា នាងកំពុងតស៊ូមតិទាមទារយុត្តិធម៌សម្រាប់លោកស្រី ប៉ែន សុគន្ធា។
លោក ខៀវ សុភ័គ លើកឡើងថា ស្ត្រីរកស៊ីផ្លូវភេទគួរដាក់ពាក្យបណ្ដឹង ប្រសិនបើករណីហិង្សានេះកើតឡើងមែន។
តំណាងរាស្ត្រមកពីគណបក្សប្រឆាំង អ្នកស្រី មូរ សុខហួរ កំពុងតាមដានការចាត់វិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយករណីការស្លាប់ស្ត្រីប្រកបរបរផ្លូវភេទ ប៉ែន សុគន្ធា៖ «»។
បងស្រីរបស់ ប៉ែន សុគន្ធា លោកស្រី ប៉ែន ម៉េងគី បញ្ជាក់ថា ប្រសិនបើសាលាខណ្ឌដូនពេញ ឈប់ផ្តល់ការឧបត្ថម្ភដល់កូនប្រុសរបស់ ប៉ែន សុគន្ធា មុនកាលកំណត់នោះ លោកស្រីនឹងស្វែងរកជំនួយផ្នែកច្បាប់ដោះស្រាយរឿងនេះ៕