Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ជាង​៦០០​នាក់​ចូលរួម​វេទិកា​ម្ចាស់​ឆ្នោត​ជួប​តំណាង​បក្ស​នយោបាយ​នៅ​បាត់ដំបង

$
0
0

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ហៅ​កាត់​ថា អ៊ិន.ឌី.អាយ (NDI) នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ធ្វើ​វេទិកា​ប្រជាពលរដ្ឋ​ជួប​ជាមួយ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​មេ​ឃុំ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ វេទិកា​នេះ​មាន​ពលរដ្ឋ​ចូលរួម​ជាង ៦០០​នាក់ និង​បាន​បញ្ចេញ​មតិ​សួរ​ដេញដោល​ពី​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន នៅ​ពេល​ជាប់​ឆ្នោត​ធ្វើ​ជា​មេ​ឃុំ​នៅ​ថ្ងៃ​ខាង​មុខ។

អ្នក​ចូលរួម​ក្នុង​វេទិកា​ដែល​រៀបចំ​ឡើង​នៅ​វត្ត​សុវណ្ណ​បុប្ផា ហៅ​វត្ត​ស្លាក្រាម ឃុំ​វត្តតាមឹម ភាគច្រើន​ចាប់​អារម្មណ៍ និង​បាន​លើក​ដៃ​ឡើង​សួរ​រយៈពេល ១​នាទី ដើម្បី​ឲ្យ​តំណាង​គណបក្ស​នយោបាយ​បកស្រាយ​ភ្លាមៗ​តែ​ម្ដង។

ពលរដ្ឋ​ភាគច្រើន​ស្នើ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ដោះស្រាយ​នៅ​ពេល​ជាប់​ធ្វើ​ជា​មេ​ឃុំ មាន​ដូចជា​បញ្ហា​តម្លៃ​កសិផល​ចុះ​ថោក បញ្ហា​គ្មាន​ការងារ​ធ្វើ​ដែល​នាំ​ឲ្យ​ពួក​គាត់​ចំណាក​ស្រុក និង​សង់​ផ្លូវ​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ប្រសើរ​ឡើង ជាដើម៖ «នៅ​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​វត្តតាមឹម មាន​ការ​ខ្វះខាត​ប្រព័ន្ធ​ទឹក​ស្អាត​ដើម្បី​ប្រើប្រាស់ តើ​តំណាង​គណបក្ស​ទាំងអស់​មាន​គោល​នយោបាយបែប​ណា ដើម្បី​ដោះស្រាយ? នៅ​ពេល​លោក​ជាប់​ឆ្នោត​សម្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្នែក​កសិកម្ម និង​ផ្នែក​ផ្សេង​រីក​ចម្រើនទៅ​មុខ»

គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ធ្វើ​ជា​វាគ្មិន​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។ តំណាង​គណបក្ស​នយោបាយ​បាន​ឆ្លើយ​សំណួរ​របស់​ពលរដ្ឋ​ម្ដង​ម្នាក់ៗ​រយៈពេល ២​នាទី​ដូច​គ្នា ដោយ​ម្នាក់ៗ​ខំ​ប្រឹង​បង្ហាញ​គោល​នយោបាយ​របស់​បក្ស​រៀងៗ​ខ្លួន ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​របស់​ម្ចាស់​ឆ្នោត។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បេក្ខជន​គណបក្ស​ចំនួន​ពីរ គឺ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ព្រោះ​បាន​ឆ្លើយ​ក្បោះក្បាយ និង​មាន​ហេតុផល​ប្រហាក់ប្រហែល​គ្នា។

បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​វត្តតាមឹម លោក ណូ វិន លើក​យក​គោល​នយោបាយ​ថវិកា ៥០​ម៉ឺន​ដុល្លារ​សម្រាប់​ដោះស្រាយ​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន បើ​សិន​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​បាន​ដឹកនាំ​រដ្ឋាភិបាល៖ «ដូច្នេះ​សូម​បង​ប្អូនរួបរួម​សាមគ្គី​គ្នា ស្រឡាញ់​គ្នា​បម្រើ​ផល​ប្រយោជន៍​តែ​មួយ មិន​ប្រកាន់​បក្សពួក គឺ​បម្រើ​ដោយ​ស្មោះ និង​តម្លាភាព ហើយ​បើ​ឃើញ​មេ​ឃុំ​សង្គ្រោះ​ជាតិ ពុក​រលួយ និង​អសមត្ថភាព ខ្ញុំ​នឹង​ចុះ​ចេញ​ពី​តំណែង​មេ​ឃុំ»

ចំណែក​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ិម ស្វាង មាន​ប្រសាសន៍​ថា លោក​នឹង​បន្ត​គោល​នយោបាយ​ការ​អភិវឌ្ឍ​ផ្លូវ ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ភូមិ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ទៀត៖ «អ៊ីចឹង​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា យើង​បាន​ខិតខំ​ជំរុញ​ការ​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ ដោយ​បច្ចុប្បន្ន​យើង​កំពុង​ស្ដារ​អូរ​មួយ​កំណាត់ ដើម្បី​យក​ទឹក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ និង​រុញ​ទឹក​ទៅ​បឹងខ្នា។ ហើយ​យើង​មាន​កម្មវិធី​បម្រែបម្រួល​អាកាសធាតុ យើង​នឹង​លើក​គម្រោង​ស្ដារ​ប្រឡាយ​ទឹក ៣​ខ្សែ​ទៀត»

ទោះ​ជា​យ៉ាង​ណា អ្នក​ចូលរួម​ខ្លះ​ជជែក​គ្នា​ហាក់​មិន​ទាន់​ជឿ​នឹង​ការ​ឆ្លើយតប​របស់​តំណាង​គណបក្ស​នយោបាយ​ទាំងអស់​នោះ​ទេ។

វេទិកា​នេះ​មាន​រយៈពេល ២​ម៉ោង គឺ​ចាប់​ពី​ម៉ោង ៨ ដល់​ម៉ោង ១០​ព្រឹក ក្នុង​គោល​បំណង​ផ្ដោត​ទៅ​លើ​អនាគត​របស់​ម្ចាស់​ឆ្នោត​ក្នុង​ការ​អភិវឌ្ឍ​ឃុំ​របស់​បេក្ខជន​ជាប់​ឆ្នោត​ថ្មី និង​ផ្ដល់​ឱកាស​ឲ្យ​គ្រប់​គណបក្ស​នយោបាយ បាន​បង្ហាញ​ពី​គោល​នយោបាយ​រៀង​ខ្លួន ដើម្បី​ឲ្យ​ពលរដ្ឋ​សម្រេច​ចិត្ត​ជ្រើសរើស។ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ អ៊ិន.ឌី.អាយ (NDI) នឹង​មាន​រៀបចំ​វេទិកា​សួរ​ដេញដោល​បេក្ខជន​ឈរ​ឈ្មោះ​មេ​ឃុំ ចៅ​សង្កាត់​នៅ​ខេត្ត​តាកែវ និង​ខេត្ត​ក្រចេះ បន្តបន្ទាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles