Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​យល់​ថា​ការ​ឃោសនា​ថ្ងៃ​ទី​បី​ស្ងប់ស្ងាត់​ដោយសារ​ច្បាប់​បោះឆ្នោត​រឹត​បន្តឹង​ពេក

$
0
0

សកម្មភាព​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​បី​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​មាន​រយៈពេល ១៤​ថ្ងៃ សម្រាប់​នៅ​ទីក្រុង​ភ្នំពេញ​មាន​ស្ថានភាព​ស្ងប់ស្ងាត់​ខ្លាំង បើ​ធៀប​នឹង​ការ​ឃោសនា​កាល​ពី​ពីរ​ថ្ងៃ​ដំបូង។ សង្គម​ស៊ីវិល​យល់​ថា ដោយសារ​ច្បាប់​បោះឆ្នោត​រឹត​បន្តឹង​ការ​ឃោសនា​ពេក ទើប​មិន​មាន​ភាព​គគ្រឹកគគ្រេង​ដូច​ថ្ងៃ​បើក​យុទ្ធនាការ។

សមាជិក​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត លោក យង់ គិមអេង ថា​ច្បាប់​បាន​តម្រូវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​អាច​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​ឆ្លង​ឃុំ​បាន​តែ​ពីរ​ដង​ទេ ក្នុង​រយៈពេល​យុទ្ធការ​ឃោសនា​នេះ ដែល​ខុស​ពី​កាល​ពី​អាណត្តិ​មុនៗ។

លោក យង់ គិមអេង បញ្ជាក់​ថា មក​ដល់​ថ្ងៃ​ទី​២២ ឧសភា គណបក្ស​នីមួយៗ​មិន​ហ៊ាន​ហែ​ក្បួន​ឆ្លង​កាត់​សង្កាត់​ផ្សេង​ទេ ព្រោះ​ខ្លាច​មិន​អាច​ហែ​ក្បួន​ធំ​នៅ​ថ្ងៃ​ចុង​ក្រោយ​បាន។ លោក យង់ គិមអេង បន្ត​ថា គណបក្ស​នយោបាយ​នីមួយៗ​នៅ​ថ្ងៃ​ទី​បី​នៃ​យុទ្ធនាការ​នេះ មាន​ត្រឹម​តែ​ហែ​បក្ស និង​ឃោសនា​ជា​ទ្រង់ទ្រាយ​តូច​នៅ​តាម​សង្កាត់​របស់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ​តែ​ប៉ុណ្ណោះ៖ «ក្បួន​គ្នា​តូចៗ​នេះ​តែ​ដោយសារ គ.. បាន​ដាក់​កម្រិត។ នៅ​ក្នុង​នោះ​គេ​ឲ្យ​ទម្រង់​ទាំង​សម្ភារ​ដែល​គេ​ដាក់​កម្រិត​ហ្នឹង គឺ​ថា​ឧបមា​ថា មាន​ឡាន​មួយ ម៉ូតូ ធុក​ធុក​ពីរ​បី​ហី​ទៅ​ណា ហើយ​និង​មនុស្ស​ចាប់​ពី ១០​នាក់​ឡើង ប្រដាប់​បំពង​សំឡេង មាន​ខ្លឹមសារ​នយោបាយ​អី តាម​ឡាន​ហ្នឹង អា​ហ្នឹង​គេ​ចាត់​ទុក​ថា​ជា​ការ​ហែ​ក្បួន»

នៅ​ថ្ងៃ​ទី​បី​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គ្រប់​គណបក្ស​ទាំង​៦ នៅ​រាជធានី​ភ្នំពេញ មិន​បាន​បញ្ចេញ​សកម្មភាព​ឃោសនា​អ៊ូអរ​ខ្លាំង​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បើក​យុទ្ធនាការ​ជួបជុំ​សមាជិក​ខ្លួន​ជា​ទ្រង់ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ដំបូង​នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ នេះ មិន​មាន​ការ​ហែ​ក្បួន​ឃោសនា​អ្វី​ទៀត​ទេ។ គណបក្ស​នេះ​បាន​រៀបចំ​ស្តង់​ឃោសនា​បក្ស​នៅ​តាម​ដង​ផ្លូវ​ធំៗ​ក្នុង​ក្រុង​ភ្នំពេញ និង​នៅ​តាម​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា តាម​សង្កាត់ ហើយ​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ និង​ផែនការ​អភិវឌ្ឍន៍​របស់​បក្ស​កាន់​អំណាច។ គណបក្ស​នេះ ក៏​បាន​បិទ​ខិត្តប័ណ្ណ​ជាច្រើន​នៅ​តាម​ផ្ទះ​ល្វែង និង​ផ្ទះ​វីឡា​នៅ​តាម​ផ្លូវ​ធំៗ​ដែរ។

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ វិញ បាន​ហែ​ក្បួន​ឃោសនា​ដោយ​ដើរ​ថ្មើរ​ជើង​តាម​ម៉ូតូ​កង់​បី (tuk tuk) តាម​ផ្ទះ​ពលរដ្ឋ​នៅ​តាម​សង្កាត់ ហើយ​ចែក​ស្ទីកឃ័រ (Sticker) តូចៗ​រូប​សញ្ញា​បក្ស​ឲ្យ​ទៅ​ពលរដ្ឋ។ បេក្ខជន​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើរ​ពន្យល់​ពលរដ្ឋ​នៅ​តាម​ផ្ទះ​ពី​គោល​នយោបាយ​របស់​បក្ស​ប្រឆាំង ក្នុង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន។

ចំណែក​សកម្មភាព​របស់​គណបក្ស ៤ ផ្សេង​ទៀត គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មិន​សូវ​ឃើញ​សកម្មភាព​ឃោសនា​នៅ​តាម​សង្កាត់​ច្រើន​ទេ​នៅ​ថ្ងៃ​ទី​បី​នៃ​យុទ្ធនាការ​នេះ។

ប្រធាន​ទីបញ្ជាការ​ស្រាល​សម្រាប់​ដោះស្រាយ​វិវាទ​គណបក្ស​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ លោក មាស ឆព្វណ្ណ បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​យុទ្ធនាការ​មក​ដល់​ពេល​នេះ នៅ​រាជធានី​ភ្នំពេញ មិន​ទាន់​មាន​វិវាទ​ដែល​កើត​ចេញ​ពី​ការ​ឃោសនា​នៅ​ឡើយ​ទេ។ លោក​ថា នៅ​ថ្ងៃ​ទី​បី​នៃ​យុទ្ធនាការ​ឃោសនា គ្រប់​គណបក្ស​បាន​ប្រើ​វិធី​ឃោសនា​ជា​លក្ខណៈ​តូចៗ ដោយ​ប្រើ​រ៉ឺម៉ក​កង់​បី និង​មាន​គ្នា​មួយ​ក្រុម​តូច ហើយ​សភាពការណ៍​ឃោសនា​វិញ ទាំង​ឃោសនា​ទ្រង់ទ្រាយ​ធំ និង​ទ្រង់ទ្រាយ​តូច មាន​លក្ខណៈ​ល្អ៖ «មិន​មាន​បញ្ហា​អី​ប្រឈម​ធំ​ដុំ​សម្រាប់​យើង​ដោះស្រាយ​ទេ»

ចាប់​តាំង​ពី​ថ្ងៃ​ឃោសនា​គណបក្ស​មក ពលរដ្ឋ​មើល​ឃើញ​ថា អាជ្ញាធរ​ទាំង​នៅ​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ​មាន​ឥរិយាបថ​ល្អ ទាំង​សម្ដី និង​កាយវិការ​មាន​ភាព​ចាស់​ទុំ​ជាង​អាណត្តិ​មុនៗ ហើយ​ការ​បម្រើ​សេវា​សាធារណៈ​ក៏​លឿន​ដែរ។ ពលរដ្ឋ​ថា សូម្បី​អ្នក​ដែល​ធ្លាប់​សម្លុត​ពួក​គាត់ ក៏​មាន​ភាព​ឱនលំទោន​ដាក់​ពួក​គាត់​ដែរ។ ពលរដ្ឋ​ស្នើ​ឲ្យ​ទាំង​តំណាងរាស្ត្រ និង​អាជ្ញាធរ រក្សា​កាយវិការ និង​ពាក្យ​សម្ដី​បែប​ទន់ភ្លន់​ដូច​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​បែប​នេះ​ឲ្យ​បាន​រហូត សុំ​កុំ​បាន​ត្រឹម​តែ​សម្ដែង​នៅ​រដូវ​កាល​រក​សំឡេង​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles